ខ្មែរប៉ុស្ដិ៍ Close

    ភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងសប្តាហ៍ទី២ ខែកញ្ញានេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 621
    ភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងសប្តាហ៍ទី២ ខែកញ្ញានេះភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងសប្តាហ៍ទី២ ខែកញ្ញានេះ

    តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់
    * ខេត្តកំពត៖ ១៥,៧២១ នាក់
    * ខេត្តកែប៖ ៧,៥៧០ នាក់
    * ខេត្តតាកែវ៖ ៣,៧៣៦ នាក់
    * ខេត្តព្រះសីហនុ៖ ៣,៣៨៤ នាក់
    * ខេត្តពោធិ៍សាត់៖ ៣,២៥៨ នាក់

    លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួន នៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

    លោកបានបន្តទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

    ជាងនេះទៀត ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕

    អត្ថបទទាក់ទង