ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមកនេះ លោកបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។ លោកបានគោរពថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរដែលបានចូលរួមចំណែកសហការជាមួយរូបលោកក្នុងសកម្មការទូតរបស់លោកនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។

ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ស្របជាមួយអ្វីដែលលោកបានលើកឡើង និងបានថ្លែងអំណរគុណជូនលោកឯកអគ្គរដ្ឋទូតដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនកាន់តែរឹងមាំ។ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតថា ក្នុងកាលៈទេសៈនេះអ្វីដែលគប្បីត្រូវធ្វើគឺ៖

  1. ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម
  2. បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
  3. ​ពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យឯកអគ្គរដ្ឋទូតទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារជាបន្តបន្ទាប់ទៀត៕