ខ្មែរប៉ុស្ដិ៍ Close

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកសារ 1262
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវចំនួន៧ចំណុច ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១។

យោងតាមសារលិខិត របស់សម្តេចតេជោ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១ នៅថ្ងៃទី២១ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ៧ចំណុច រួមមានដូចខាងក្រោម៖

  1. បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិ មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការ លះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។
  2. គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូ ចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាពយុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។
  3. ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនឱ្យជួយផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យអតីតយុទ្ធជន ឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត។
  4. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាព នូវការផ្តល់សេវារបបសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិ អតីតយុទ្ធជននៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។
  5. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
  6. ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារ អតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក។
  7. សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាព របស់សមាគមតាមស្មារតី នៃសេចក្តីសម្រេចចិត្តមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស លើកទី២។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់ តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្ម ក្នុងចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ៕

សម្ដេចតេជោ ហ៊ុន សែន ក្នុងឯកសណ្ឋានយោធា កាលពីពេលកន្លងទៅ
សម្ដេចតេជោ ហ៊ុន សែន ក្នុងឯកសណ្ឋានយោធា កាលពីពេលកន្លងទៅ