លោក ប៉ុល ហំម អាចនឹងត្រូវបានគេជ្រើសរើសធ្វើជាប្រធានគណបក្សកែទម្រង់កម្ពុជា
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំ១រូបទៀត គឺលោក ផាន់ ច័ន្ទសាក់ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ។ នេះបើតាមលិខិតស្នើសុំផ្តល់នីតិសម្បទានយោបាយ ផ្ញើជូនលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើឡើងដោយ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់។
លោក ប៉ុល ហំម ដែលជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានគេដាក់ការសង្ស័យថា នឹងត្រូវជ្រើសរើសធ្វើជាប្រធានគណបក្សកែទម្រង់កម្ពុជា។ ចំពោះបញ្ហានេះ លោក អ៊ូ ច័ន្ទរ័ត្ន មិនបដិសេធទេ តែលោក ក៏មិនប្រកាសជាផ្លូវការនៅឡើយដែរដោយថា ទុកឱ្យសាម៉ីខ្លួនប្រកាសដោយខ្លួនឯង។ ទោះជាបែបនេះក្តី លោក អ៊ូ ច័ន្ទរ័ត្ន បានបង្ហើបឱ្យដឹងថា បញ្ហានេះ នឹងត្រូវបើកបង្ហាញជាផ្លូវការនៅសប្តាហ៍ក្រោយនេះហើយ។
សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជាត្រូវបានក្រសួងមហាផ្ទៃកម្ពុជាប្រកាសទទួលស្គាល់កាលពីអំឡុងខែមីនាកន្លងទៅ។ គណបក្សនយោបាយថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលផ្តួចផ្តើមដោយលោក អ៊ូ ច័ន្ទរ័ត្ន។ ការបង្កើតគណបក្សនយោបាយថ្មីនេះ គឺបន្ទាប់ពីពួកគេអស់សង្ឃឹមថា អតីតបក្សសង្រ្គោះជាតិ មិនអាចនឹងរស់ឡើងវិញសម្រាប់ចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។
តែទោះបែបនេះក្តី លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានបញ្ជាក់ថា គណបក្សនេះ មិនប្រកួតប្រជែងជាមួយអតីតបក្សប្រឆាំង ហើយបើសិនជាអតីតបក្សសង្រ្គោះជាតិអាចរស់ឡើងវិញនោះ គឺគណបក្សកែទម្រង់កម្ពុជាផ្អាកសកម្មភាពរបស់ខ្លួនភ្លាម។ ត្បិតថា មកដល់ពេលនេះ គណបក្សកែទម្រង់កម្ពុជាមិនទាន់មានរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំពិតប្រាកដនៅឡើយ តែលោក អ៊ូ ច័ន្ទរ័ត្ន បន្តអះអាងថា ក្បាលម៉ាស៊ីនដឹកនាំនៃគណបក្សអាចជាមន្រ្តីជានខ្ពស់មកពីអតីតគណបក្សសង្រ្គោះជាតិ។ សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន អ្នកណាដឹកនាំបក្សមិនសំខាន់ទេ សំខាន់គឺដឹកនាំឱ្យគណបក្សមានដំណើរការទៅមុខដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់ អំណាចតាមរយៈការបោះឆ្នោតនាពេលខាងមុខនេះ៕