ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ «ចូលរួមចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាល ត្រូវដើរទន្ទឹមគ្នា»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1000
    ទស្សនៈមិត្តអ្នកអាន៖ «ចូលរួមចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាល ត្រូវដើរទន្ទឹមគ្នា»ទស្សនៈមិត្តអ្នកអាន៖ «ចូលរួមចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាល ត្រូវដើរទន្ទឹមគ្នា»

    គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេសសរុប ទាំងអស់បានចំនួន២៣៥ ៤៤៤នាក់ហើយ។ ចំណែករបាយការណ៍របស់ក្រសួងការពារជាតិ កម្ពុជា ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក៏បានឲ្យដឹងដែរថា ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងទ័ព និងគ្រួសារកងទ័ពកើនដល់ចំនួន សរុប១១៨,៦៤៣ នាក់ ខណៈចាក់លើកទី២ បានចំនួន ៩៩,៤៥២នាក់។

    ក្នុងដំណាក់កាលដំបូងនេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិននិងពីយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកសរុបចំនួនប្រមាណ ៩២ ៤០០០ដូស រួចហើយដែល ចំនួននេះ អាចចាក់ជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានប្រមាណ៤៦ ម៉ឺននាក់ ដោយ កាត់ចេញនូវចំនួនវ៉ាក់សាំងដែលអាចខូចខាតដោយការបែកបាក់។ ដូច្នេះ សរុបយុទ្ធនាការនៃ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មក មានប្រជាពលរដ្ឋ បានមកទទួលវ៉ាក់សាំងចំនួន ជិត៤៤ម៉ឺន នាក់ហើយ។

    រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រមុខដឹកនាំមិនបានព្រងើយកន្តើយចំពោះខឿនការពារសុខភាពប្រជាពលរដ្ឋនោះឡើយ ហើយលោកនាយករដ្ឋមន្ត្រី បានកំណត់ច្បាស់ថា ត្រូវជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានចំនួនពី១០លាន ទៅ១៣ លាននាក់ពោលគឺចាក់ឱ្យបាន៨០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបជាង១៦លាននាក់។ គោលដៅនេះគឺដើម្បីជំរុញនូវការកាត់បន្ថយការឆ្លងនិងស្លាប់នៅក្នុងសហគមន៍និងឈានទៅរកការវិលត្រឡប់មកប្រក្រតីភាពដូចមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ជាថ្មីវិញ។

    នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន១.៥លានដូស បានមកដល់កម្ពុជាហើយដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិនដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះដែរមិត្តចិន ក៏ នឹងបន្តផ្តល់នូវជំនួយវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺន ដូសបន្ថែមទៀតផងដែរដែលនឹងមកដល់កម្ពុជានៅដំណាច់ខែមីនានេះតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត ចិនប្រចាំនៅកម្ពុជា។

    ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Sinovac ប្រមាណ៤លានដូស បន្ថែមទៀត ពីភាគីចិន ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ ដូចគ្នាជាបន្តបន្ទាប់ពីរដ្ឋ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្តទៅតាមដំណាក់កាលនីមួយៗ។

    បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ គឺជាក្តីសង្ឃឹមមួយទៀតសម្រាប់ធ្វើឱ្យការរស់នៅនិងជីវភាពរបស់ ប្រជាពលរដ្ឋ ក៏ដូចជាដំណើរការក្នុងសង្គម និងសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរឡើងវិញ។

    ដើម្បីជាការតបស្នងនូវការខិតខំស្វះស្វែងរកនូវវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ប្រមុខ នៃរាជរដ្ឋាភិបាលនិងដើម្បីឱ្យស្ថានភាពនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ រលាយបាត់ទៅវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវតែឆាប់រួសរាន់ទៅទទួលយក នូវការចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនបំផុតតាមការចង្អុលបង្ហាញតាមគោលដៅដែលត្រូវ ចាក់វ៉ាក់សាំងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។ ការដែលប្រជាពលរដ្ឋស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងនាពេលនេះ គឺពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះផង ដើម្បី ការពារអាយុជីវិតផ្ទាល់ខ្លួននិងក្រុមគ្រួសារផង និងដើម្បីជំរុញឱ្យការរស់នៅនិងជីវភាពប្រចាំថ្ងៃ របស់សង្គមជាតិយើងវិលមករកប្រក្រតីភាពផងដែរ។

    មួយវិញទៀតវិធានការនៃការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់នូវជំនឿទុកចិត្តដល់អ្នកវិនិយោគ ដែលកំពុងនិងចង់មកវិនិយោគនៅកម្ពុជាផងដែរ ដោយមិនចាត់ទុកកម្ពុជាជាប្រទេសគ្រោះ ថ្នាក់ដោយសារជំងឺកូវីដ-១៩ ហើយ យើងសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញ ដូចកាលពីមុនមានវិបត្តិនៃជំងឺកូវីដ-១៩ ដូច្នោះដែរ។

    តាមរយៈវត្តមានវ៉ាក់សាំងជាបន្តបន្ទាប់ដោយការទិញឬជាជំនួយនានារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល សង្ឃឹមយ៉ាងមុតមាំថានឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដើម្បី ការពារអាយុជីវិតបានគ្រប់ៗគ្នាដែលជាកម្លាំងមួយបន្ថែមទៀតរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងពេលដ៏ឆាប់ខាង មុខនេះជាក់ជាមិនខាន។

    ដូច្នេះ ពលរដ្ឋគ្រប់រូបទន្ទឹមនឹងការចូលរួមក្នុងការទៅចាក់វ៉ាក់សាំង ក៏ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់និងទៀងទាត់នូវវិធានសុខាភិបាលព្រោះ «ចាក់វ៉ាក់សាំង» និងវិធានការ «៣ ការពារ និង ៣កុំ» ត្រូវតែដើរទន្ទឹមគ្នាដើម្បីការពារអាយុជីវិតយើង៕

    ដោយ៖ ពង្ស សុក្រឹត្យ

    អត្ថបទទាក់ទង