ខ្មែរប៉ុស្ដិ៍ Close

សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក អម​ជាមួយនឹង​ខ្យល់​បរិសុទ្ធ​ នៃតំបន់​ទេសចរណ៍​ភ្នំ​ដា ក្នុង​រដូវ​នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1624
សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក អម​ជាមួយនឹង​ខ្យល់​បរិសុទ្ធ​ នៃតំបន់​ទេសចរណ៍​ភ្នំ​ដា ក្នុង​រដូវ​នេះ សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក អម​ជាមួយនឹង​ខ្យល់​បរិសុទ្ធ​ នៃតំបន់​ទេសចរណ៍​ភ្នំ​ដា ក្នុង​រដូវ​នេះ

​រមណីយដ្ឋានតំបន់​ទេសចរណ៍​ភ្នំ​ដា នា​រដូវ​នេះ មាន​ទេសភាព ពិតជា​អស្ចារ្យ​ណាស់ និង​អមដោយ​សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែករួមជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ ដែល​អាច​រំសាយ​អស់​ទុក្ខ​កង្វល់​បន្ទាប់ពី​បំពេញការងារ​។

​លោក ឈូក ប៊ុនថន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវ បានឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ​ថា ក្នុង​រយៈពេល​១​ឆ្នាំ​ ២០២០​កន្លងមក មាន​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​នៅក្នុង​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ប្រាសាទភ្នំដា ប្រមាណ​ជាង ១​ម៉ឺន​៥​ពាន់​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ជាង ១៥.០០០​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤៣៣​នាក់​។

​លោក​បាន​បន្តថា រហូតមកដល់​ពេលនេះ ក៏​នៅតែមាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ជា​ហូរហែ​ផងដែរ ដោយសារតែ​ទីនេះ​មាន​ទេសភាព​ស្រស់ស្អាត ជាមួយ​វាលស្រែ​ដាច់​កន្ទុយភ្នែក​ដែលមាន​ទេសភាព​ពណ៌​មាស​នៃ​ស្រូវ​ទុំ លាយឡំ​ជាមួយនឹង​ទេសភាព​វាលស្រែ​ពណ៌​បៃតង។ លោក​បាន​បន្ដថា ភ្ញៀវទេសចរ ដែល​ពួកគាត់​ចូលចិត្ត​មក​កម្សាន្ត​នៅទីនេះ ដោយសារតែ​ពួកគាត់​មាន​គោលបំណង​ឈ្វេងយល់ ចង់​ចេះ​ចង់ដឹង ព្រមទាំង​បាន​ពុះពារ​មិន​ខ្លាច​នឿយហត់ ចូលទៅ​ទស្សនា​យ៉ាង​ហូរហែ អំពី​សក្តានុពល វប្បធម៌​នា​សម័យ​កោះ​គោកធ្លក ​ដើម្បី​ធ្វើការ​ស្រាវជ្រាវអំពី​ស្នាដៃ​ដែលជា​កេរដំណែល​ដ៏​ល្បីល្បាញ នៃ​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម ព្រមទាំង​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ផងដែរ​។ បើ​និយាយ​ពីបុរាណ​ដ្ឋា​ន​ស្រុក​ខ្មែរ​ គេ​ចាត់ទុកថា ប្រាសាទភ្នំដា គឺជា​ប្រាសាទ​ដែល​កសាង​មុនគេ​បង្អស់។ ដើម្បី​​ស្រាវជ្រាវ​ប្រាសាទបុរាណ​នៅ​ស្រុក​ខ្មែរ គឺ​ចាប់ផ្ដើម​ពី​ប្រាសាទភ្នំដា​ទៅមុន​។

យោង​តាម​ឯកសារ​ ប្រាសាទ​នេះ​ត្រូវបានកសាង​ពី​ថ្មបាយក្រៀម ទំហំ​វា​ប្រហែល ៨​ម៉ែត្រ​បួន​ជ្រុង​។ ភ្នំ​នេះ​ច្រើន​អ្នក​មកពី​តំបន់​អឺរ៉ុប និងសហរដ្ឋ​អាមេរិក មក​ធ្វើការស្រាវជ្រាវ​។​ ដោយឡែក​នៅថ្ងៃនេះ​ដែរ កញ្ញា មាស សុជាតា ជា​ភ្ញៀវទេសចរ ដែល​មកលេង​កម្សាន្ត​នៅ​ប្រាសាទភ្នំដា ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ទីនោះ​ពិតជា​មាន​ទេសភាព​ស្រស់ស្អាត​ណាស់ ជាពិសេស​គឺ​វាលស្រែ​ដ៏​ខៀវស្រងាត់ មាន​ខ្យល់​បរិសុទ្ធ ជា​កន្លែង​ស័ក្ដិសិទ្ធិ​ក្នុងការ​បន់ស្រន់ ព្រមទាំង​មាន​រូបចម្លាក់​ក្បូរក្បាច់​រចនា​នៅលើ​ប្រាសាទ គួរ​ជាទី​គយគន់ ​រំសាយ​អស់​ទុក្ខ​កង្វល់​ពេល​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា ប្រាសាទភ្នំដា ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ មាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​រមណីយដ្ឋាន​ទេសចរណ៍ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និងជា​ដែនដី​ចំណាស់ នៃ​នគរ​គោកធ្លក ស្ថិតនៅ​ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ ដែលមាន​ចម្ងាយ ១០២​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ៕

អត្ថបទទាក់ទង