ខ្មែរប៉ុស្ដិ៍ Close

អង្គការ WWF និងអគ្គនាយកដ្ឋានកៅស៊ូ សហការគ្នាជួយដល់ឧស្សាហកម្មកៅស៊ូលក្ខណៈគ្រួសារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 7
អង្គការ WWF និងអគ្គនាយកដ្ឋានកៅស៊ូ សហការគ្នាជួយដល់ឧស្សាហកម្មកៅស៊ូលក្ខណៈគ្រួសារ អង្គការ WWF និងអគ្គនាយកដ្ឋានកៅស៊ូ សហការគ្នាជួយដល់ឧស្សាហកម្មកៅស៊ូលក្ខណៈគ្រួសារ

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF និងអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាដើម្បីជួយលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់កសិករដែលដាំ ជាលក្ខណៈគ្រួសារ។

កសាងភាពជាដៃគូពហុភាគី បន្ទាប់ពីទទួលបានជំនួយពីក្រសួងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ លើគម្រាងលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានឱ្យដឹងថា កិច្ចសហប្រតិបិត្តការ នេះ មានរយៈពេល៣ឆ្នាំ ក្នុងគោលដៅជំរុញការចូលរួម និងសហការពីភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងកសិករកៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពកសិករកៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និងកម្មករកៅស៊ូផងដែរ។ លោកមានប្រសាសន៍ថា ការអនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា គឺមិនត្រឹមតែជួយបង្កើតការងារ និងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិផងដែរ តាមរយៈការប្រើប្រាស់ដីដាំកៅស៊ូដែលមានស្រាប់ឱ្យអស់សុពលភាព និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់។

លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា ការកសាងសមត្ថភាព និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករដាំកៅស៊ូ និងមន្ត្រីជំនាញផ្នែកកៅស៊ូ បូករួមទាំងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកៅស៊ូនេះ នឹងធ្វើឱ្យវិស័យកៅស៊ូនៅកម្ពុជាកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព។

បច្ចុប្បន្ន កសិករកៅស៊ូគ្រួសារចំនួន១០០នាក់ ដែលរស់នៅជុំវិញសហគមន៍តំបន់ការពារចំនួន៥ នៅជិតដែនជម្រកសត្វព្រៃស្រែពក ក្រោមការគាំទ្រដោយអង្គការ WWF បានចូលរួមក្នុងគម្រោងនេះរួចមកហើយ ហើយគម្រោងនឹងបន្តជំរុញការចូលរួមរបស់កសិករកៅស៊ូគ្រួសាររហូតដល់៣០០គ្រួសារ នៅត្រឹមឆ្នាំ២០២២៕