ខ្មែរប៉ុស្ដិ៍ Close

ដំណឹងដ៏រីករាយបំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សនិស្សិត នៅទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3

 

ប្រព័ន្ធ Public Wifi និង Digital Connectivity for School នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សនិស្សិតនៅតាមតំបន់មួយចំនួននៅទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទូគមនាគមន៍កូរ៉េ ((KT) នៃសាធារណរដ្ឋកូរ៉េ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ភាគីកូរ៉េបានផ្ដល់ជូន ទូរគមនាគមន៍កម្ពុជា (TC) នូវជំនួយឥតសំណង គម្រោង Public Wifi និង Digital Connectivity for School ដើម្បីធ្វើការតម្លើងនៅទីតាំងចំនួន ០៥កន្លែងគឺ៖ ១. សួនច្បារសម្តេច ហ៊ុន សែន ២. សួនច្បារមុខព្រះបរមរាជវាំង ៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៤. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ៥. វិទ្យាល័យ អ៊ឺវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយក្នុងនោះ ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wifi ដែលមានល្បឿន 1Gpa (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី) ចំនួន ០២កន្លែង នៅរាជធានីភ្នំពេញ គឺនៅសួនច្បារសម្តេច ហ៊ុន សែន និង សួនច្បារមុខព្រះបរមរាជវាំង ត្រូវបានតម្លើងរួចរាល់ជាស្ថាពរ ហើយនឹងត្រូវប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ នៅបរិវេណសួនច្បារវិមានឯករាជ្យ (នាគបាញ់ទឹក) ក្រោមអធិបតីភាពរបស់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សនិស្សិតទាំងអស់ ដែលកំពុងរស់នៅ ឬទៅលំហែកាយ និងកំពុងសិក្សា នៅតំបន់ទាំងអស់នេះ នឹងទទួលបានប្រព័ន្ធ Public Wifi និង Digital Connectivity for School ប្រើប្រាស់ដោយសេរី នាពេលឆាប់ៗនេះ។

អត្ថបទទាក់ទង