ខ្មែរប៉ុស្ដិ៍ Close

មន្ទីរទេសចរណ៍ខេត្តរតនៈគិរី គ្រោងប្រែក្លាយបឹងលំកុដ ឲ្យទៅជារមណីយដ្ឋានសហគមន៍ទេសចរណ៍ដ៏ទាក់ទាញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
មន្ទីរទេសចរណ៍ខេត្តរតនៈគិរី គ្រោងប្រែក្លាយបឹងលំកុដ ឲ្យទៅជារមណីយដ្ឋានសហគមន៍ទេសចរណ៍ដ៏ទាក់ទាញ មន្ទីរទេសចរណ៍ខេត្តរតនៈគិរី គ្រោងប្រែក្លាយបឹងលំកុដ ឲ្យទៅជារមណីយដ្ឋានសហគមន៍ទេសចរណ៍ដ៏ទាក់ទាញ

មន្ទីរទេសចរណ៍ខេត្តរតនៈគិរី គ្រោងប្រែក្លាយបឹងលំកុដ ឲ្យទៅជារមណីយដ្ឋានសហគមន៍ទេសចរណ៍ដ៏ទាក់ទាញ ខណៈដែលតំបន់នេះ មានសក្តានុពលធម្មជាតិជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរី បានប្រាប់ឲ្យដឹងថា បឹងលំកុដនៅក្នុងខេត្តរតនៈគិរីនេះ ជាតំបន់រមណីយដ្ឋានដែលមានសក្កានុពលធំធេង ព្រោះវាប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ដែលមានការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា ក្រសួងបរិស្ថានបានផ្តល់ដីសម្បទានទេសចរណ៍ជាច្រើននៅក្នុងបឹងលំកុដនេះ ដើម្បីឲ្យសហគមន៍មួយនេះបានចាប់ដៃគូរអភិវឌ្ឍន៍ជាមួយអង្គការក្រៅរាជរដ្ឋាភិបាល ហើយកន្លងមកនេះ មន្ទីរទេសចរណ៍ខេត្តរតនៈគិរី បានទៅបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋានកិច្ច ជូនទៅដល់គណៈកម្មការរមណីយដ្ឋានបឹងលំកុដ ដើម្បីឲ្យទីតំាងនេះកាន់តែមានភាពទាក់ទាញ។

លោកបន្តទៀតថា៖ «បច្ចុប្បន្នរមណីយដ្ឋានបឹងលំកុដបានរៀបចំជាសហគមន៍ ហើយសហគមន៍ស្ថិតនៅក្រោមក្រសួងបរិស្ថាន។ អនុក្រឹតរាជរដ្ឋាភិបាល បានបង្កើតតំបន់រមីណយដ្ឋានបឹងលំកុដ ជារមណីយដ្ឋានព្រៃការពារប្រើប្រាស់ច្រើនយ៉ាង។ អញ្ចឹងហើយ បច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ យើងតែងតែចូលរួមក្នុងការងារជំនាញរបស់យើង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើង មានជីវភាពធូរធារតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន»។

សូមបញ្ជាក់ថា បឹងលំកុដជាបឹងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាលតាវល្លិ៍ មានទេសភាពបៃតងខ្ចី ស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី។ ផ្ទៃបឹងលំកុដរួមនឹងតំបន់ជុំវិញមានផ្ទៃដីទំហំជាង១១០ហិកតា ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ជាតំបន់ការពារទេសភាព កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ហើយអ្នកភូមិមានជំនឿអ្នកតាដែលថែរក្សានៅតំបន់នេះ គឺមានឈ្មោះ គិរីវង្កុដ៕

អត្ថបទទាក់ទង