ក្រសួងសុខាភិបាលត្រៀមវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សម្រាប់ពិនិត្យសុខ ភាពអ្នកដំណើរពីចិន និងកូរ៉េ
រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្ដិ បានថ្លែងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ អ្នកដំណើរមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មានចំនួន៦ជើងហោះហើរ ពីកូរ៉េ និងចិន តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ទៀតថា «មន្ដ្រីក្រុម ការងារអន្ដរក្រសួង បានធ្វើការងារជាមួយសាលារាជធានីភ្នំពេញទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយ ដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ ក៏មានពលករខ្មែរធ្វើការនៅកូរ៉េផងដែរ ក្នុងចំណោម៦ជើង ហោះហើរនៅថ្ងៃនេះ»។
លោកស្រី បានថ្លែងបញ្ជាក់ថា «កន្លងមកនៅរាជធានីភ្នំពេញ យើងមានកន្លែងត្រួតពិនិត្យសុខភាព នៅក្នុងទ័ពអាកាស ជាប់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានចំនួន១០០គ្រែ និងមណ្ឌលសុខភាពនៅចាក់ អង្រែក្រោមចំនួន១០០គ្រែ ហើយសម្រាប់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានចំនួន២០០គ្រែ ដូចនេះយើងមានចំនួន៤០០គ្រែ សម្រាប់ទទួលអ្នកដំណើរ ដែលត្រូវមកពិនិត្យសុខភាព»។
លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ក្នុងនោះអ្នកដំណើរជាជនជាតិខ្មែរ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ដោយឡែកជនបរទេស តម្រូវឱ្យគាត់បង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនពួកគាត់ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ»។
តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិ ការក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងបានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេសមកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ មកគិតត្រឹមថ្ងៃទី០១ ខែមិថុនានេះ អ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា ប្រមាណជាង២,០០០ នាក់ហើយ៕