លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើ ប្រែត អាដាម មិននិយាយរឿងអំពើហិង្សាបង្រ្កាបបាតុករនៅអាមេរិកទេ ប្រែត អាដាម មិនមែនជាមនុស្សទេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់លោក ប្រែត អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលកំពុងសម្ងំស្ងាត់ឈឹងចំពោះមុខបញ្ហាសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ហើយលោកបានទាមទារឱ្យប្រធានអង្គការសិទ្ធិមនុស្សដែលចេញមុខរិះគន់រឿងសិទ្ធិមនុស្សនៅកម្ពុជាជាញឹកញាប់រូបនេះ បកស្រាយឱ្យច្បាស់លាស់អំពីរឿងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើការបង្ក្រាបយ៉ាងចាស់ដៃទៅលើហ្វូងបាតុករ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រែត អាដាម ទៅណាហើយ អា Human Right Wacth ម៉េចមិនលឺសូរស្រែក សិទ្ធិមនុស្សទៅឯណា? ពេលកម្ពុជាទប់បាតុកម្ម គេថាកម្ពុជារំលោភសិទ្ធិមនុស្ស ដល់ពេលប្រទេសដទៃទប់បាតុកម្ម គេថាវិធានការការពារសណ្តាប់ធ្នាប់សង្គមខុសគ្នាខ្លាំងម្ល៉េះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា៖ «ពេលកម្ពុជាមានវិធានការទប់ស្កាត់បាតុកម្ម គេថាកម្ពុជារំលោភលើសិទ្ធិបញ្ចេញមតិ លើសិទ្ធិតវ៉ា ក៏ប៉ុន្តែដល់ប្រទេសប្រជាធិបតេយ្យគេធ្វើវិញ គេទប់ដូចគ្នា ជួនកាលមានការប៉ះទង្គិចបង្ហូរឈាម គេថាវិធានការសណ្តាប់ធ្នាប់សង្គម ចុះកម្ពុជាក្រែងត្រូវការសណ្តាប់ធ្នាប់សង្គមដែរ ប្រែត អាដាម ត្រូវតែនិយាយ បើហ្អែងមិន និយាយថ្ងៃក្រោយហ្អែងកុំនិយាយប៉ះពាល់ខ្មែរ បើហ្អែកមិននិយាយស្រុកអាមេរិក។ ពួកសិទ្ធិមនុស្សទាំងឡាយនៅលើលោកកីយ៍ទៅណាអស់ហើយ ម៉េចក៏មិនស្ងាត់ឈឹង»។
សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, ការបង្ក្រាបនៅសហរដ្ឋអាមេរិក ក្នុងនាមប្រទេសប្រជាធិបតេយ្យ គឺជារឿងធ្ងន់ធ្ងរ និងក្តៅគគុក ដែល លោក ប្រែត អាដាម ត្រូវតែនិយាយ។ លោក បានបញ្ជាក់់៖ «រឿងបង្ក្រាបបាតុករនៅអាមេរិកពេលនេះ បើ ប្រែត អាដាម មិននិយាយទេ ប្រែត អាដាម មិនមែនជាមនុស្សទេ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា «ករណីនេះមិនខុសពីប្រទេសចិន ដែល Lock down នៅខេត្តហឺប៉ី គេថាបំពារបំពានសិទ្ធិពលរដ្ឋ ដល់ប្រទេសខាងលិចបិទប្រទេស បិទទីក្រុង គេថាវិធានការការពារកូវីដ-១៩ អញ្ចឹងម៉េចបានជាមានស្តង់ដារ២ ដល់ទៅ៣យ៉ាងដូច្នេះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រដូចករណីបង្ក្រាបបាតុករនៅអាមេរិកពេលនេះ ទៅនឹងការទប់ស្កាត់បាតុកម្មហិង្សារបស់កម្ពុជា កាលពីឆ្នាំ២០១៣ ផងដែរ។ លោកបានរំលឹកថា ពេលនោះក្រុមបាតុករដែលដឹកនាំដោយ អតីតមេបក្សប្រឆាំង បានបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ហើយព្រមានចូលវិមានសន្តិភាពថែមទៀត ប៉ុន្តែមានអគ្គរដ្ឋទូតប្រទេសមួយ បែរស្នើតាមរយៈកូនរបស់សម្តេច ដោយមិនឱ្យសមត្ថកិច្ចបាញ់ទៅលើបាតុករ ដែលផ្លោះរបងនោះឡើយ៕