ទស្សនៈមិត្តអ្នកអាន៖ ចរិតក្រុមឧទ្ទាមគឺដដែលៗ!
នៅក្នុងសំណេរមួយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលបានសរសេរអំពីរឿងបំណុលហិរញ្ញវត្ថុនៅកម្ពុជា និងបានបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៥ ខែឧសភា បានលើកឡើងថាសេចក្តីថ្លែងការណ៍នោះ តាមពិតវាគ្រាន់តែជាសំណេរមួយរបស់មនុស្សមួយក្រុមតូច ដែលកំពុងមានទោសរត់គេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេស ហើយបានក្លាយខ្លួនទៅជាក្រុមឧទ្ទាមក្រៅច្បាប់ទៅហើយ ដូច្នេះវាមិនមែនជាតំណាងឱ្យគំនិតរបស់គណបក្ស ឬតំណាងប្រជាពលរដ្ឋដោយស្របច្បាប់ដើម្បីឱ្យរាជរដ្ឋាភិបាលយកមកពិចារណា ឬធ្វើតាមនោះទេ ពីព្រោះអតីតបក្សប្រឆាំងនៅកម្ពុជា ត្រូវបានរំលាយដោយច្បាប់បាត់ទៅហើយ។ ជាងនេះទៀត សំណេរនេះគឺជាសំណេរដែលមានចរិតញុះញង់ បំបះបំបោរឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមិនស្តាប់ការគ្រប់គ្រងរដ្ឋរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ ដូច្នេះ ប្រជាពលរដ្ឋភាគច្រើនលើសលប់នឹងមិនធ្វើតាម ឬជ្រួលច្របល់តាមដូចការញុះញង់របស់ក្រុមឧទ្ទាមមួយក្តាប់តូចនោះឡើយ។ ក្រុមឧទ្ទាមនេះធ្លាប់បានប្រើវិធីបែបនេះដើម្បីបំផ្លាញភាពសុខសាន្ត និងញុះញង់ពលរដ្ឋជាច្រើនលើករួចមកហើយ ដូចជាការបង្កើតព្រឹត្តិការណ៍ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ជាដើម តែទីបំផុតគឺទុកឱ្យប្រជាពលរដ្ឋដែលជឿតាមជាប់គុគ ជាប់ច្រវ៉ាក់ទៅវិញ។
ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិតជាធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចសកលយ៉ាងពិតប្រាកដ ក្នុងនោះប្រទេសកម្ពុជា ក៏បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចនេះផងដែរ។ អាចនិយាយបានថារោគឆ្លងដ៏កាចសាហាវនេះគឺបានធ្វើឱ្យទាំងប្រជាជនយើង និងប្រជាជនគេនៅទូទាំងសកលលោកគឺមានផលប៉ះពាល់ដូចៗគ្នា ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជាគឺយើងមានការគ្រប់គ្រងស្ថានការបានល្អ ទាំងស្ថានការនៃការឆ្លងរាតត្បាតនិងស្ថានការនៃការគ្រប់គ្រងនិរន្តរភាពសេដ្ឋកិច្ចសង្គមនៅតែមានប្រក្រតីភាពជាធម្មតា។
ដោយឡែកសម្រាប់ផ្នត់គំនិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងរត់ចោលស្រុកនោះ គឺបានខិតខំបំភ្លៃស្ថានការថាប្រជាពលរដ្ឋកម្ពុជា កំពុងមានជីវភាពដាច់បាយ ធ្លាក់ខ្លួនក្រតោកយ៉ាកទៅវិញ។ ជាការពិតលុះត្រាតែសង្គមដែលមានការរីកចំរើន ទើបប្រជាពលរដ្ឋមានលទ្ធភាពទៅខ្ចីលុយធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីយកមកប្រកបអាជីវកម្ម ឬបង់រំលោះទិញដីធ្លី ផ្ទះ ឡាន ម៉ូតូ ។ល។ ដូច្នេះ បើប្រជាពលរដ្ឋពិតជាមានបញ្ហាធ្ងន់ធ្ងរដូចការលើកឡើងរបស់ក្រុមឧទ្ទាមក្រៅច្បាប់នោះ ប្រហែលជាប្រទេសមិនមែនស្ថិតក្នុងស្ថានភាពដូចសព្វថ្ងៃនេះទេ។
ជាការពិត ស្ថានភាពនៅកម្ពុជា ផលប៉ះពាល់គឺពិតជាមាន ប៉ុន្តែមានវិស័យខ្លះវាប៉ះពាល់តិចតួច ឬក៏ច្រើន និងក៏មានវិស័យខ្លះវាមិនប៉ះពាល់ផងដែរ គឺមិនមែនសុទ្ធតែប៉ះពាល់ទាំងអស់នោះទេ។ ចំពោះវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដំណើរការនៃការសងប្រាក់ គឺមានដំណើរការខ្លះក៏ល្អ និងខ្លះទៀតក៏មិនល្អ ហើយសម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ រាជរដ្ឋាភិបាល បានចាត់វិធានការណែនាំដល់ស្ថាប័នទាំងនោះរួចទៅហើយ មិនមែនដូចក្រុមឧទ្ទាមក្រៅច្បាប់ដែលដេកលក់នៅបរទេសទើបតែងើបឡើងលើកយកបញ្ហានេះមកនិយាយ និងសរសេរនៅពេលនេះទេ។
ទាំងរាជរដ្ឋាភិបាល និងអាណាព្យាបាលលើវិស័យធនាគារ គឺធនាគារជាតិនៃកម្ពុជា បានធ្វើសេចក្តីណែនាំជាច្រើនដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជននានាដែលក្នុងនោះត្រូវផ្តោតលើចំណុចសំខាន់បីយ៉ាងគឺ៖ ទី១- ការអនុញ្ញាតឱ្យបន្តមានកម្ចីហិរញ្ញវត្ថុចំពោះវិស័យណាដែលមិនរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសគឺវិស័យកសិកម្មដែលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានសក្តានុពលខ្លាំងក្នុងការនាំអង្ករចេញជាដើម។ ទី២- រាជរដ្ឋាភិបាល ក៏បានណែនាំដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យដោះស្រាយបញ្ហាបំណុលធនាគារនេះដោយវិធីទន់ភ្លន់ ដោយមិនត្រូវឱ្យមានការរឹបអូស និងពិន័យចំពោះអ្នកកម្ចីឥណទានឡើយ។ ចំណែកវិធានការសំខាន់ទី៣ រាជរដ្ឋាភិបាលបាននែនាំឱ្យម្ចាស់កម្ចីមានការកត់ត្រាតាមដានថា តើអតិថិជនប្រភេទណាខ្លះដែលមានផលប៉ះពាល់ពិតប្រាកដ និងផលប៉ះពាល់ល្មម ដែលអាចឱ្យរាជរដ្ឋាភិបាលមានវិធានការក្នុងការកំណត់គោលនយោបាយដើម្បីធ្វើការសម្រេចចិត្តជួយដោះស្រាយ។
ចំណែកធនាគារជាតិកម្ពុជា ក៏បានចេញសារាចរណែនាំដល់គ្រប់ស្ថាប័នឥណទានថាត្រូវពិនិត្យមើល និងពិភាក្សាលើការរៀបចំកិច្ចស្យាឥណទានសារជាថ្មីវិញ ជាមួយនឹងអ្នកកម្ចីឥណទានណាដែលមានផលប៉ះពាល់ ហើយមានការស្នើសុំពីសាមីខ្លួន ដោយផ្តោតលើវិស័យធំៗចំនួន៤ ដែលទី១ គឺការពិនិត្យ និងពិភាក្សាលើប្រភពចំណូលរបស់កម្មករ-កម្មការិនីជាមួយម្ចាស់ឥណទានលើការដែលទទួលបានប្រាក់ខែពីរោងចក្រកាត់ដេរ ដែលមានកំរិតខុសពីមុន។ មានន័យថា បើពីមុនកម្មករ-កម្មការិនី គាត់មានចំណូលច្រើន គាត់ត្រូវសងរំលោះច្រើន ប៉ុន្តែពេលបច្ចុប្បន្ន គាត់មានចំណូលតិចគាត់ក៏ត្រូវសងរំលាស់តិចទៅតាមទំហំទឹកប្រាក់ចំណូលរបស់កម្មករ-កម្មការិនីផងដែរ។ ទី២ ចំពោះវិស័យដឹកជញ្ជូន ទី៣ វិស័យសំណង់ និងទី៤ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ ក៏ត្រូវជួបពិភាក្សាគ្នាដើម្បីសម្របសម្រួលលើវិស័យឥណទាននេះផងដែរ។
ជាលទ្ធផល ចាប់តាំងពីមានការណែនាំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិកម្ពុជា តាំងពីថ្ងៃទី២៧ ខែមីនា មកគឺពុំមានការបង្ខិតបង្ខំ ឬតំរូវឱ្យមានការលក់ទ្រព្យធានារបស់អ្នកកម្ចីឥណទានណាម្នាក់ដើម្បីយកមកសងធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ។ ក៏ប៉ុន្តែ អតិថិជន ឬអ្នកកម្ចីក៏គ្មានសិទ្ធិក្នុងការសម្រេចចិត្តមិនសងមកធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ទៅតាមការញុះញង់តាមសំណេររបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់នោះទេ។ អតិថិជន ឬអ្នកកម្ចី មានកាតព្វកិច្ចសងរំលោះប្រសិនបើមុខរបររបស់គាត់មិនមានផលប៉ះពាល់ ប៉ុន្តែបើមុខរបរនោះមានផលប៉ះពាល់នៅក្នុងរយៈពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នោះ គឺអតិថិជន ឬអ្នកកម្ចីឥណទាននោះនឹងត្រូវបានពិនិត្យពិភាក្សាលើកការរៀបចំកិច្ចសន្យាឥណទានឡើងវិញដោយផ្តោតលើសារាចរនែនាំរបស់ធនាគារជាតិកម្ពុជា ជាចាំបាច់។
ក្រៅអំពីការចេញនូវសារាចរណែនាំចំពោះស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ធនាគារជាតិកម្ពុជា ក៏បានចេញនូវប្រកាសមួយស្តីអំពីការបន្ធូរបន្ថយទុនបំរុងកាតព្វកិច្ច ដែលពីមុនគឺមានរហូតដល់ ១២,៥% ត្រូវទំលាក់មកនៅត្រឹម៧%វិញ ដើម្បីឱ្យមានគំលាតដើមទុនបន្ថែមទៀត ហើយរាជរដ្ឋាភិបាលក៏នឹងពិចារណាបញ្ចុះបន្ថែមទៀតដើម្បីឱ្យអនុបាត (Benefit Cost Ratio)នៃការប្រាក់កាន់តែទាបដែលអាចផ្តល់លទ្ធភាពឱ្យស្ថាប័នហិរញ្ញវត្ថុឯកជនទាំងអស់មានលទ្ធភាព ឈរជើងជាប់នៅលើទីផ្សារហិរញ្ញវត្ថុ ហើយពួកគេនឹងអាចមានលទ្ធភាពបន្តផ្តល់កម្ចីទៅដល់អតិថិជនដែលប្រកបមុខរបរដែលមិនមានផលប៉ះពាល់ ជាពិសេសអ្នកប្រកបមុខរបរក្នុងវិស័យកសិកម្ម។
រាជរដ្ឋាភិបាលក៏បានបង្កើតធនាគារផ្តល់មូលនិធិដល់សហគ្រាសផលិតខ្នាតតូច និងមធ្យមផងដែរ ដើម្បីទ្រទ្រង់ដល់វិស័យនេះ នៅក្នុងអំឡុងពេលនៃការកើតមានវិបត្តិនៃជំងឺកូវីដ-១៩នេះ ដែលមានទំហំទឹកប្រាក់រហូតដល់៥០លានដុល្លារ សម្រាប់ទុនរបស់រដ្ឋ និងមានការចូលរួមទុនពីវិស័យឯកជនប្រមាណ៥០លានដុល្លារបន្ថែមទៀត។ ដូច្នេះផលទុនសរុបសម្រាប់ទ្រទ្រង់វិស័យសហគ្រាសផលិតខ្នាតតូច និងមធ្យមនេះគឺមានប្រមាណ១០០លានដុល្លារឯណោះ។
ជាងនេះទៀត រដ្ឋក៏បានចាត់វិធានការត្រៀមទុនបំរុងចំនួនប្រមាណ៥០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ បានធូរស្រាលដើម្បីជួយដោះស្រាយបន្ទុករបស់ពលរដ្ឋ និងសហគ្រាសដែលរងផលប៉ះពាល់ ហើយទុនបំរុងនេះគឺសមស្របទៅតាមទំហំនៃសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ចមកវិញ។
ជារួម ការដោះស្រាយផលវិបាកលើផ្នែកសេដ្ឋកិច្ចនៅកម្ពុជា គឺរាជរដ្ឋាភិបាលបាន និងកំពុងដំណើរការជាបណ្តើរៗរួចទៅហើយ គឺមិនត្រឹមតែគិតគូរតែរឿងបំណុលហិរញ្ញវត្ថុរបស់ពលរដ្ឋមួយមុខនោះទេ ដូច្នេះ ក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងសំងំសុខឯក្រៅប្រទេស មិនបាច់ប្រើសំណេរបែបល្បិចកលនយោបាយរបស់ខ្លួនមកញុះញង់ប្រជាពលរដ្ឋឱ្យងើបឡើងតវ៉ាលើបញ្ហាកម្ចីឥណទាននោះទេ ពីព្រោះក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះកំពុងវិលវល់ និងវង្វេងទិសនយោបាយរបស់ខ្លួនទៅហើយ ដោយម្តងមេឧទ្ទាមកំពុងចេញសារញុះញង់ប្រជាពលរដ្ឋកុំឱ្យសងរំលោះបំណុលហិរញ្ញវត្ថុធនាគារ និងម្តងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលជួយបន្ធូរបន្ថយ និងពន្យារពេលការសងប្រាក់កម្ចីទៅវិញ។ សុភាសិតខ្មែរបានពោលថា «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល» ចរិតក្រុមឧទ្ទាមគឺដដែលៗ ៕
ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)