កម្ពុជា រកឃើញប្រភេទសត្វម្យ៉ាង ដែលពិភពលោកមិនធ្លាប់មាន
ក្រុមអ្នកស្រាវជ្រាវ និងអភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិនៅកម្ពុជា បានស្រាវជ្រាវរកឃើញ សត្វល្មូនមួយប្រភេទថ្មី គឺអម្បូរសត្វតុកែ ដែលពិភពលោកគ្មានទាល់តែសោះ គឺមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។
វាត្រូវបានរកឃើញនៅក្នុងព្រៃឡង់ ខេត្តកំពង់ធំ ហើយត្រូវបានដាក់ឈ្មោះជាភាសាខ្មែរថា «តុកែជើងកោង ភ្នំជី»។
លោក នាង ធី អ្នកសម្របសម្រួលរបស់អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ និងជាអ្នកបានចូលរួមស្រាវជ្រាវដោយផ្ទាល់ផងនោះបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមការងាររបស់លោកបានធ្វើការស្រាវជ្រាវយ៉ាងយូរ នៅក្នុងតំបន់ព្រៃឡង់ ហើយជាលទ្ធផលក៏បានឃើញល្មូនមួយប្រភេទ ជាអម្បូរសត្វតុកែ ដ៏ចម្លែកមួយប្រភេទ នៅក្នុងព្រៃឡង់ ក្នុងខេត្តកំពង់ធំ តំបន់ភ្នំជី ។
ក្រោយពីចុះស្រាវជ្រាវអស់រយៈពេល ០៥ថ្ងៃ ពិសេសនៅពេលយប់ នៅតំបន់ភ្នំជី ក្រុមការងាររបស់លោកបានប្រទះឃើញសត្វតុកែ មួយប្រភេទនេះដែលអ្នកស្រុកនៅទីនេះមិនដែលបានឃើញពីមុនមកឡើយ។ ឆ្លងតាមការតាមដាន និងស្រាវជ្រាវឃើញថា សត្វតុកែនេះវាចេញរកស៊ីសត្វល្អិតតែពេលយប់ ទើបប្រជាពលរដ្ឋនៅតំបន់ភ្នំជីនោះ មិនដែលបានឃើញវាឡើយ ។
ក្រោយពីធ្វើផ្ទៀងផ្ទាត់ជាមួយអម្បូរសត្វតុកែ នៅបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក និង បានផ្ញើរូបសំណាកទៅធ្វើការបន្ថែមនៅសហរដ្ឋអាមេរិក ឃើញថា មិនមានសត្វតុកែ នៅប្រទេសណាមួយដូចប្រភេទសត្វតុកែ នេះឡើយ ទើបក្រុមអ្នកស្រាវជ្រាវពិភពលោក ដាក់ឈ្មោះថា «តុកែជើងកោង ភ្នំជី»៕