កម្ពុជានឹងមានទូរទស្សន៍កីឡាជាមជ្ឈមណ្ឌលផ្សព្វផ្សាយស៊ីហ្គេម ២០២៣
ទូរទស្សន៍កីឡាកម្ពុជា CSTV (Cambodia Sports Television) ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងត្រូវបើកឲ្យដំណើរការនាពេលខាងមុខ ដោយចក្ខុវិស័យនៃថ្នាក់ដឹកនាំទូរទស្សន៍កីឡាកម្ពុជានេះមានជំហរដ៏សំខាន់ពីរ ទី១គឺដើម្បីរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាត្រូវការមានទូរទស្សន៍ឯកទេស១ និងទី២គឺជាមជ្ឈមណ្ឌលផ្សព្វផ្សាយកីឡា។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានពន្យល់យ៉ាងដូច្នេះថា «ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធាន NOCC នៅក្នុងដំណាក់កាលនៃការរៀបចំការប្រកួត ស៊ីហ្គមេ លើកទី៣២ ឆ្នាំ២០២៣ យើងត្រូវការទូរទស្សន៍ឯកទេសមួយ។ ទូរទស្សន៍ឯកទេសហ្នឹង គឺយើងធ្វើការបណ្តុះបណ្តាល និងការរៀបចំទៅក្នុងកម្រិតឯកទេសកីឡា ដែលមានន័យថា ទាំងរបៀបថត ការចាប់មុំថត ឧបករណ៍ថត ត្រូវមានលក្ខណៈពិសេស សម្រាប់វិស័យកីឡា ដោយធ្វើយ៉ាងណាឲ្យទូរទស្សន៍នេះជាទូរទស្សន៍ឯកទេស។
ហើយទូរទស្សន៍កីឡាកម្ពុជានេះក៏ជាមជ្ឈមណ្ឌលផ្សព្វ ផ្សាយ (Broadcasting Center) ពីការត្រៀមស៊ីហ្គេម នាពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ ស៊ីហ្គេម ២០២៣ តែម្តង។ នៅចុងឆ្នាំ២០២០ទូរទស្សន៍នេះនឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡានជាបណ្តើរៗសិន។ ដូច្នេះការរៀបចំទាំងនេះគឺផ្តោតសំខាន់លើកម្រិតឯកទេសកីឡាតែម្តង ដោយទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ»។ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា យើងកំពុងធ្វើការងារនេះ ដើម្បីជំរុញឲ្យអ្វីៗក្លាយទៅជាទូរទស្សន៍ជំនាញអាជីពវិជ្ជាជីវៈ នៅក្នុងផ្នែកនីមួយៗ ដូច្នេះខាងកីឡាក៏មានវិជ្ជាជីវៈកីឡាដូចគ្នា ដើម្បីគោរពបាននូវស្តង់ដារមួយ នៅពេលស៊ីហ្គេម ហើយចំពោះប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវមានស្តង់ដារស៊ីហ្គេមដែរ ដោយមិនមែនចេះតែធ្វើទៅបានដោយគ្មានអាជីពពិតប្រាកដ ឬគ្មានស្តង់ដារនោះឡើយ។ ការមិនមានស្តង់ដារ គឺធ្វើឲ្យការផលិតនៃប្រព័ន្ធផ្សព្វផ្សាយកីឡានោះមិនអាចត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះឡើយ។ ទូរទស្សន៍កីឡាថ្មីមួយនេះនឹងត្រូវផ្សាយតាមប្រព័ន្ធឌីហ្គីថលកម្រិតគុណភាពរូបភាពច្បាស់ល្អ HD (High Definition) ដែលអាស៊ានតម្រូវឲ្យយើងប្រើប្រាស់ស្តង់ដារមួយនេះ។
ខាងជំនាញការសាធារណរដ្ឋកូរ៉េ ដែលជាអ្នកជំនាញទូរទស្សន៍កីឡានៅកូរ៉េនឹងមកជួយយើងជាមុនសិន ក្នុងនោះក៏មានខ្មែរយើង៥០%ដែរ ហើយអ្នកជំនាញកូរ៉េនឹងបណ្តុះបណ្តាលមន្ត្រី បុគ្គលិក អ្នកជំនាញបច្ចេកទេសជូនដល់ខ្មែរយើង បន្ទាប់មកគឺខ្មែរយើងបន្តធ្វើការដោយខ្លួនឯង៕