ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ គោរពបទបញ្ជារាជរដ្ឋាភិបាល ដើម្បីសេចក្តីសុខរបស់ជាតិ ចៀសផុតពីការរាតត្បាតកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 721
    លិខិតមិត្តអ្នកអាន៖ គោរពបទបញ្ជារាជរដ្ឋាភិបាល ដើម្បីសេចក្តីសុខរបស់ជាតិ ចៀសផុតពីការរាតត្បាតកូវីដ-១៩លិខិតមិត្តអ្នកអាន៖ គោរពបទបញ្ជារាជរដ្ឋាភិបាល ដើម្បីសេចក្តីសុខរបស់ជាតិ ចៀសផុតពីការរាតត្បាតកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា ដើម្បីតែសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងជាតិ ចៀសផុតពីការរាតត្បាតជំងឺកូវីដ-១៩ បានសម្រេចផ្អាកការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ បទបញ្ជារបស់រាជរដ្ឋាភិបាល មានប្រជាពលរដ្ឋខ្មែរជាច្រើនសុទ្ធតែបានសាទរ ព្រោះបានយល់ពីចេតនារបស់រាជរដ្ឋាភិបាលក្នុងការបញ្ចៀសប្រទេស និងជីវីតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តែក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលចចេសចង់ជួបជុំចូលឆ្នាំអាក់អន់ស្រពន់ចិត្តនឹងក្តីសម្រេចនេះ។ សូមបងប្អូនកុំគិតបែបអាត្មានិយមខ្លាំងពេកអី សូមបើកចិត្តឱ្យទូលាយ លះបង់បន្តិច និងចូលរួមបន្តិចម្នាក់ៗ ដើម្បីសេចក្តីសុខរបស់ជាតិយើង។

    ខ្ញុំសូមជូនគតិខ្លះៗសម្រាប់បងប្អូនធ្វើការពិចារណា៖
    ប្រទេសយើង ក៏ដូចជាសកលលោកទាំងមូលកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនូវការរីករាលដាលនៃមេរោគកូវីដ-១៩។ ការប្រឈម និងការរីករាលដាលរបស់ប្រទេសមួយចំនួនលើពិភពលោក ក៏ព្រោះតែប្រជាពលរដ្ឋចចេសមិនស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាល មានក្តីប្រមាថ និងមើលស្រាលចំពោះជំងឺកូវីដ-១៩នេះ។ ពួកគេជម្នះចិត្តជួបជុំ ប្រមូលផ្តុំសប្បាយខ្វះការពិចារណា ទីបំផុតនាំឱ្យប្រទេសរងការរាតត្បាតនៃជំងឺ ជីវិតមនុស្សជាច្រើនត្រូវបានស្លាប់។

    វាជាការពិតណាស់ ពេលនេះជារដូវកាលសប្បាយជួបជុំក្រុមគ្រួសារញាតិសន្តាន និងពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់បំផុត តែការជួបជុំនេះ វាអាចជាគ្រោះធំសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិរបស់យើងផងដែរ។ ឧទាហរណ៍៖ បើជួបជុំសប្បាយហើយបែរជាចម្លងជំងឺកូវីដ ដល់សមាជិកគ្រួសារ និងសហគមន៍។ ក្រោយការជួបជុំនៅឯស្រុក យើងម្នាក់ៗត្រឡប់មកកន្លែងការងារវិញ ចុះបើកូវីដ មកជាមួយអ្នក តើលទ្ធផលនឹងទៅជាយ៉ាងណា? កូវីដ ជាសត្រូវលាក់មុខរបស់ពិភពលោក។ ដូច្នេះការលះបង់ក្តីសុខតិចតួច ដើម្បីសេចក្តីសុខច្រើនយូរអង្វែង, ការលះបង់ការសប្បាយឆ្នាំនេះ ដើម្បីការសប្បាយច្រើនឆ្នាំទៅមុខទៀត, ការលះបង់ការជួបជុំឆ្នាំនេះ ដើម្បីការជួបជុំច្រើនឆ្នាំតមុខ, នេះទើបជាការលះបង់ដ៏ឆ្លាតវៃរបស់យើង។

    យើងទទួលយកការឈឺចាប់រយៈពេលខ្លី ដើម្បីសេចក្តីសុខ និងសុភមង្គលរយៈពេលវែងរបស់យើង, យើងមិនសូវមានសេរីភាពក្នុងរយៈពេលខ្លី ដើម្បីសេរីភាពអស់មួយជីវិតរបស់យើង ពោលគឺសេរីភាពនៃការរស់រានមានជីវិត ដោយគ្មានកូវីដនោះឯង។ «គ្មានសេរីភាពណា ប្រសើរជាងសេរីភាពនៃការរស់រានមានជីវិតនោះទេ» ។ នេះជាការលះបង់ដ៏ត្រឹមត្រូវបំផុត។ បើយើងសប្បាយក្នុងរយៈពេលខ្លី ហើយបំផ្លាញក្តីសុខដ៏ច្រើនធំធេងនោះ ការសប្បាយបែបនេះ ជាការសប្បាយដ៏ល្ងង់ខ្លៅបំផុត ដែលមិនសាកសមជាមួយពួកយើងនោះទេ ដូច្នេះយើងមិនគួរសប្បាយបែបនោះជាដាច់ខាត។ យើងមិនត្រូវសប្បាយតែ៣ ឬ៤ថ្ងៃ ដោយបំផ្លាញការរីករាយមួយជីវិតនោះទេ។ យើងម្នាក់ៗលះបង់តែ៣ ឬ៤ថ្ងៃ ដើម្បីជាតិយើង រួចផុតពីការរីករាលដាលនៃកូវីដ-១៩ នេះចាត់ទុកថា ជាការលះបង់បូជាដ៏អស្ចារ្យ ដើម្បីប្រទេសជាតិយើង។ ប្រទេសយើង ត្រូវការពលរដ្ឋដែលហ៊ានលះបែបនេះ ដើម្បីជាតិ។

    បុព្វបុរសយើងជាច្រើននាក់ និងច្រើនជំនាន់ រួមទាំងជីវិតរបស់លោក ដើម្បីសង្គ្រោះប្រទេស និងការពារប្រទេស ចុះយើងលះបង់តែ៣ ឬ៤ថ្ងៃ ដើម្បីសង្គ្រោះប្រទេស និងការពារប្រទេសយើងពីការវាយលុយរបស់កូវីដ មិនបានទេឬ? ខ្ញុំជឿជាក់ថា យើងអាចធ្វើបាន។

    ប្រមុខរាជរដ្ឋាភិបាលរបស់យើងសម្តេចតេជោ ហ៊ុន សែន បានធ្វើហើយនូវអ្វីៗគ្រប់យ៉ាង ដើម្បីការពារប្រជាជន និងប្រទេសពីការរីករាតត្បាតនៃមេរោគកូវីដ។ ក្នុងកាលៈទេសៈនៃការរាតត្បាតដោយមេរោគបែបនេះ គ្មានជម្រើសណាផ្សេងក្រៅពីស្តាប់ និងចូលរួមអនុវត្តតាមវិធាននានារបស់រដ្ឋាភិបាលនោះទេ។ សូមកុំស្តាប់ព័ត៌មានមុសាវាទទាំងឡាយ ដែលនាំឱ្យប្រទេសយើងអន្តរាយ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រទេសជាតិ ពិតជាត្រូវការបំផុតនូវការលះបង់របស់ពលរដ្ឋគ្រប់រូប ដោយម្នាក់ៗលះបង់តែ៣ ឬ៤ថ្ងៃប៉ុណ្ណោះ ដើម្បីជាតិយើងរួចផុតពីកូវីដ។ ខ្ញុំជឿជាក់ថា យើងអាចធ្វើបាន ដើម្បីប្រទេសយើង៕

    ដោយ៖ លោក សំនៀង ប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញ

    អត្ថបទទាក់ទង