ទូតខ្មែរនៅស្វីស ប្រាប់ប្រជាពលរដ្ឋពីការពន្យារសុពលភាព នៃវិធានការរឹតត្បិត សំដៅទប់ស្កាត់ និងកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ របស់រដ្ឋាភិបាលស្វីស
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅ បម្រើការងារ និងសិក្សា ឬមានបំណងធ្វើដំណើរចូលសហព័ន្ធស្វីស អំពីការពន្យារសុពលភាពនៃវិធានការរឹតត្បិត សំដៅទប់ស្កាត់ និងកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ នៅប្រទេសស្វីស។
តាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស បានបញ្ជាក់ជូនពលរដ្ឋកម្ពុជា អំពីការពន្យារសុពលភាពនៃវិធានការរឹតត្បិតរបស់ស្វីសដូចខាងក្រោម៖
១៖ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋាភិបាលសហព័ន្ធស្វីសបានដាក់ចេញនូវវិធានការរឹតត្បិតជាច្រើន ដែលមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយការចម្លងមេរោគកូវីដ-១៩។
២៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលសហព័ន្ធស្វីសបានសម្រេចពន្យារ សុពលភាពនៃវិធានការទាំងនោះ បន្ថែមមួយសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ វិធានការនានាដូចខាងក្រោម ត្រូវបានយកចិត្តទុកដាក់៖
* បិទទីតាំងនានា មិនឱ្យសាធារណជនចូល (ឧទាហរណ៍ ហាងលក់ដូរ ភោជនីយដ្ឋាន ក្លឹបកំសាន្ត រង្គសាល កន្លែងកំសាន្ត និងទីតាំងកីទ្បា ។ល។) ប៉ុន្តែលើកលែងហាងទំនិញចាំបាច់ សេវាដឹកជញ្ជូនអាហារដល់កន្លែង ឱសថស្ថាន សេវាប្រៃសណីយ៍ ធនាគារ ស្ថានីយ៍ប្រេងឥន្ធនៈ សេវាកម្មដឹកជញ្ជូនសាធារណៈ រដ្ឋបាលសាធារណៈ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និងសណ្ឋាគារ។ ទីតាំងនិងអាជីវកម្មដែលមិនរងផលប៉ះពាល់ពីបម្រាមនេះ ត្រូវបន្តអនុវត្តវិធានគម្លាតសង្គម និងអនាម័យ ដែលបានណែនាំដោយអាជ្ញាធរសុខភាពសាធារណៈស្វីស។
* ហាមឃាត់រាល់កម្មវិធីជួបជុំឯកជន និងសាធារណៈ និងការប្រមូលផ្ដុំលើសពីប្រាំនាក់ នៅទីសាធារណៈ។ ការប្រមូលផ្ដុំក្រោមប្រាំនាក់ ត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវរក្សាគម្លាតពីគ្នា យ៉ាងហោចណាស់ពីរម៉ែត្រ។
* ហាមឃាត់រាល់នីតិវិធី និងការព្យាបាលដែលពុំមានលក្ខណសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យ គ្លីនិក និងបន្ទប់វេជ្ជសាស្ត្រ ឬព្យាបាលធ្មេញ ។
* ស្នាក់នៅក្នុងគេហដ្ឋាន ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ជាពិសេសអ្នកមានជំងឺ ឬអាយុលើសពី៦៥ឆ្នាំ លើកលែងតែបុគ្គល ដែលត្រូវចេញទៅធ្វើការ ជួបពេទ្យ ទិញម្ហូប ឬត្រូវផ្តល់ជំនួយដល់អ្នកដទៃ។
៣៖ ការរឹតបន្តឹងមិនអោយចូលប្រទេសស្វីសនៅតាមព្រំដែន និងការផ្អាកផ្តល់ទិដ្ឋាការ ចូលប្រទេសស្វីស នៅបន្តអនុវត្ត ដោយអាជ្ញាធរស្វីសដដែល។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖