ខ្មែរប៉ុស្ដិ៍ Close

មកស្ដាប់មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ដែលទើបជាពីជម្ងឺកូវីដ-១៩ រៀបរាប់ពីមូលហេតុដែលនាំឲ្យឆ្លង កំឡុងពេលឆ្លង និងការព្យាបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 31
មកស្ដាប់មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ដែលទើបជាពីជម្ងឺកូវីដ-១៩ រៀបរាប់ពីមូលហេតុដែលនាំឲ្យឆ្លង កំឡុងពេលឆ្លង និងការព្យាបាល មកស្ដាប់មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ដែលទើបជាពីជម្ងឺកូវីដ-១៩ រៀបរាប់ពីមូលហេតុដែលនាំឲ្យឆ្លង កំឡុងពេលឆ្លង និងការព្យាបាល

កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅ ក្រសួង​សុខាភិបាល​​ប្រកាស​ពី​មន្ត្រី​ជាន់ខ្ពស់កម្ពុជា​ម្នាក់​ អាយុ៣៩ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បាន​ជា​សះស្បើយ​ពី​ជំងឺ COVID-19។ នៅ​ថ្ងៃនេះ​មន្ត្រីរូប​នេះ​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍ និង​ទស្សនៈ​ផ្ទាល់​ខ្លួន ដែល​បាន​ឆ្លង​កាត់​ការ​ព្យាបាល COVID-19 រយៈពេល​៣សប្តាហ៍ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​សារ​នោះ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។

១. ការ​ឆ្លង និង​អាការៈ​ដំបូង

ករណី​របស់​ខ្ញុំ គឺ​ឆ្លង​ពី​ការ​ពីចូលរួម​សិក្ខា​សាលា​អន្តរជាតិ​នៅ​បារាំង ដែល​មាន​អ្នក​ចូលរួម​ប្រហែល​៣០នាក់ ហើយ​សិក្ខាសាលា​បាន​ផ្អាក​ភ្លាមៗ​ក្រោយ​ពីបាន​ដឹង​ថា ជន​ជាតិ​ហ្វីលីពីន​ម្នាក់​កើត​ជំងឺ​នេះ។ សិក្ខាកាម​ផ្សេងៗ​ទៀត​បាន​ទាមទារ​អោយមានការធ្វើ​តេស្ត តែ​បារាំង​មិន​ព្រម​ធ្វើ​ឲ្យ ដោយ​សំអាង​ថាគ្មាន​អាការៈ។

មក​ដល់​ប្រទេស​វិញ ជា​វិធាន​ការ​បង្ការ ខ្ញុំបាន​ជួល​ខុនដូ​នៅ​ដាច់ដោយ​ឡែក​ពី​គ្រួសារ​ឲ្យ​បាន​គ្រប់​១៤ ថ្ងៃ។ មួយ​ថ្ងៃ​ក្រោយ​មក ពោល​គឺ​៧​ថ្ងៃក្រោយ​ពី​ខ្ញុំ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកមាន​ផ្ទុកវីរុស ទើប​ខ្ញុំ​មាន​អាការៈ​ប្លែក ដក​ដង្ហើម​ញាប់ រាគ ប៉ុន្តែ​មិន​ក្តៅ​ខ្លួន។ ថ្ងៃទី២​នៅ​រាគទៀត ទោះ​មិន​មាន​ញ៉ាំ​អ្វីខុស ហើយ​ស្រៀវ​ស្រាញ តឹង​ក និង​ឡើង​កម្តៅ។ គេង​យប់​ក្តៅ​រងា ហើយ​បែក​ញើស ឆាប់​អស់​កម្លាំង ចុក​រោយ​ស្រពន់។ ខ្ញុំ​ក៏​ស្នើ​សុំ​ការ​ពិនិត្យ​នៅ​ពេទ្យ​រុស្សី ហើយ​គេ​យក​ដង​វែង​ដូច​សំឡី​ត្បារ​ត្រចៀក រុក​ចូល​ច្រមុះ និង​បំពង់​កខ្ញុំ ហើយ​យក​សំណាក​របស់ខ្ញុំ​ទៅ​ពិនិត្យ។ ក្រោយ​ដឹង​លទ្ធផល​ថា​វិជ្ជមាន ដើម្បី​រក្សាការ​សម្ងាត់និង​អត្តសញ្ញាណ​អ្នក​ជំងឺ​ផង និង​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ផង គេ​បាន​សាកសួរ​គ្រប់​ចំណុច​ថា តើខ្ញុំ​បាន​ជួប​នរណា ទៅ​ញ៉ាំបាយ​ហាង​ណា។ល។

២. ថ្នាំ​ព្យាបាល

ថ្នាំ​សំខាន់​ជាង​គេ​គឺ ថ្នាំ​សម្រាប់​ទប់ទល់​នឹង​វីរុស HIV ។ ថ្នាំ​នេះ​ខ្លាំង​អាច​ធ្វើ​ទុក្ខ​ក្រពះ និងពិបាក​គេង។ នៅថ្ងៃទី៣ ពេទ្យ​បាន​ឲ្យ​ថ្នាំ​ថ្មី​បន្ថែម​ទៀតជា​ថ្នាំ​គ្រុនចាញ់ ដើម្បី​កុំ​ឲ្យ​វីរុស​រីក​រាល​ដាល វាយ​លុក​ដល់​សួត។ ថ្នាំ​ទាំង២​មុខ​នេះ មិន​មែនជា​ថ្នាំ​ព្យាបាល​ទេ គឺ​គ្រាន់​តែ​ជា​ថ្នាំ​ទប់ទល់​កុំ​ឲ្យ​មេរោគ​រីករាល​ដាល​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ គឺគេឲ្យ​ថ្នាំ​អាស្រ័យ​លើ​អាការៈ បើ​ក្តៅ​ខ្លួន​ដាក់ថ្នាំបញ្ចុះកម្តៅ បើរាគ​ដាក់​ថ្នាំរាគ​។

អ្នក​ជំងឺ​ដែល​មាន​អាការៈ​ស្រាល​គឺ​ពេទ្យ​ឱ្យ​ប្រើ​តែថ្នាំទប់ទល់​នឹង​វីរុស HIVទេ តែ​ខ្ញុំនិង​បុរស​ជនជាតិ​បារាំងដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម ពេទ្យ​តម្រូវ​ឱ្យ​ប្រើ​ថ្នាំគ្រុនចាញ់​ថែម​ទៀត។ ពេទ្យ​ឱ្យ​ខ្ញុំប្រើ​ថ្នាំគ្រុនចាញ់១០ថ្ងៃ ដើម្បី​ឱ្យ​ផុត​ដំណាក់​កាល​គ្រោះថ្នាក់​នៃ​ការ​រលាក​សួត។ អាការៈ​នៃការរលាកសួត​គឺ​មាន៣​ព្រមគ្នា ក្តៅ​ខ្លួន​ជា​ប្រចាំ ក្អក និង​ពិបាក​ដកដង្ហើម។ តែ​ខ្ញុំ​ពុំមាន​អាការៈក្តៅ​ខ្លួន​ជា​ប្រចាំ​នោះ​ទេ។

៣. អាការៈ​ប្រចាំថ្ងៃ និង​ស្ថានភាព​ជំងឺ

អ្នក​ជំងឺ​ពេល​នោះ​មាន​ប្តីប្រពន្ធវ័យ​ចំណាស់​ជនជាតិ​អង់គ្លេស បុរសជន​ជាតិ​បែលហ្សិក បុរស​ជនជាតិ​បារាំង ២នាក់ និង​បងប្អូន​ខ្មែរ​ឥស្លាម៤​នាក់។ អាការៈ និង​រោគសញ្ញា​មិនដូចគ្នាទេក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង១០នាក់ មាន​តែ​ខ្ញុំ និង​បុរស​ជនជាតិ​បារាំង​ប៉ុណ្ណោះដែល​មាន​បញ្ហាផ្លូវ​ដង្ហើម ឯអ្នក​ផ្សេង​ទៀត​ហាក់​ពុំ​មាន​អាការៈអ្វីគួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ។ ពួកគាត់​មាន​តែក្តៅ​ខ្លួន​បន្តិច​បន្តួច ពិបាក​គេង ឬ​ធ្វើទុក្ខ​ក្រពះ​ដោយ​សារថ្នាំ​ប៉ុណ្ណោះ។

អាការៈ​ជំងឺ​មាន​ឡើង​មាន​ចុះ បន្ទាប់​ពី​ចូល​សម្រាក​ព្យាបាល អាការៈ​ខ្ញុំ​គឺ​តឹងក ហាក់​ដូចជាមាន​សត្វ​ល្អិត​នៅ​រមាស់​ក្នុង​បំពង់ក។ ខ្ញុំពុំ​មាន​ប្រវត្តិ​ឈឺ​ផ្លូវដង្ហើម​ពី​មុន​មក​ទេ។ សំឡេង​ខ្ញុំចាប់​ផ្តើម​ស្អក ហើយ​ក្អក​រាល់ពេល​ដែល​ខ្ញុំ​ហាមាត់​និយាយ។ អាច​ដក​ដង្ហើម​ចេញ​បាន តែពិបាក​​​ដក​ដង្ហើម​​ចូល។ បើ​​ដក​ចូល​ខ្លាំង​​នឹង​ក្អក ឬ​ដូច​ចង់​ថប់ដង្ហើម។ គេង​រាប​ស្មើធម្មតាពិបាកដកដង្ហើម ទាល់តែដាក់គ្រែរាងបញ្ឈរបន្តិច ហើយ​គេង​ផ្អៀង​ក៏​ពិបាក​ដក​ដង្ហើម​ដែរ។ ដោយសារ​ឥទ្ធិពល​ថ្នាំផង ដោយសារ​មេរោគ​វាយលុក​ផង ជួនកាល​ធ្វើ​ទុក្ខ​ក្រពះ​ពិបាក​ញ៉ាំ ជួនកាល​ពិបាក​គេង ជួនកាលទៅ​ ពេល​គេងក្តៅ​ត្រជាក់ បែក​ញើស។ ប៉ុន្តែ​ពេទ្យ​មិនមាន​ឱ្យ​តមអ្វី​ទេ ម្ហូប​អ្វី​ក៏ញ៉ាំ​បាន​ដែរ ឱ្យ​តែ​ឃ្លាន។ ចំពោះ​កម្លាំងកំហែង ពេលខ្លះ​មានកម្លាំង ពេលខ្លះ​ក៏​ខ្សោយកម្លាំង។ អ្នក​ជំងឺ​ផ្សេង​ទៀត​ដូចគ្នា​ដែរ។

នៅថ្ងៃទី១០ ពេល​ព្រឹក​ខ្ញុំ​ហាក់មាន​អារម្មណ៍​ស្រឡះ​បំពង់ក។ ពេលនោះ​ខ្ញុំអរខ្លាំង​ណាស់។ តែ​ពេល​រសៀល​ស្រាប់​តែ​ឈឺក​ឡើងវិញ។ ហេតុតែ​ចង់​ឆាប់ជា ថ្ងៃនោះ​ខ្ញុំ​ខំប្រឹង​ញ៉ាំច្រើន ឈរ​ហាល​ថ្ងៃ៣០នាទី​ព្រឹក ៣០នាទី​ល្ងាច។ ដល់​ប្រឹង​ជ្រុល​ពេក​ខ្ញុំ​បែរ​ជា​បាក់​កម្លាំង ហើយស្ថានភាព​ធ្លាក់ចុះ​ស្រិប។ ខ្ញុំ​ពិបាក​ដក​ដង្ហើម​ទាល់​តែ​ប្រើ​អុកស៊ីសែន​ជំនួយ ហើយ​អស់​កម្លាំងល្ហិតល្ហៃ ទាល់​តែ​ព្យួរ​សេរ៉ូម​ទើប​មាន​កម្លាំង​ឡើង​វិញ។ នេះ​គឺ​ជាថ្ងៃ​ដែល​ដុនដាប​បំផុតសម្រាប់​ខ្ញុំ។ បន្ទាប់​ពីថ្ងៃនោះ​មក ខ្ញុំ​ចាប់ផ្តើម​ថ្នម​សុខភាព​ឡើងវិញ មិន​បង្ខំ​ញ៉ាំ​លើស​កម្រិត ឬហាត់​ប្រាណលើស​កម្លាំង។ ខ្ញុំខិតខំ​ស្តាប់នូវ​អ្វី​ដែល​រាងកាយ​ទាមទារ។ ខ្ញុំ​ខំញ៉ាំ​តិចៗតែច្រើន​ដង ហើយ​ញ៉ាំ​នេះ​ញ៉ាំនោះ​ឱ្យ​មាន​អ្វី​នៅ​ក្នុង​ក្រពះ​ជានិច្ច ដើម្បី​រក្សាក​ម្លាំង​ជាប្រចាំ។ ព្យាយាមញ៉ាំ​ទឹក​ច្រើន​ណាស់ ហាក់បីដូចជា​ការ​សម្អាត​បំពង់ក។ នៅពេល​ដែល​យើង​មាន​សុខភាពខ្សោយ ហើយ​នៅ​ពេល​មាន​សម្ពាធ​ឈាមទាប ពេលខ្លះ​យើង​អាច​យល់​សប្តិ​អាក្រក់។ មិន​មែន​តែ​ខ្ញុំទេ ជនបរទេស​ទាំង​នោះ​ក៏​និយាយ​ដូចគ្នា​ដែរ។ ការ​រក្សាសុខភាព និង​កម្លាំង​ឱ្យ​មានលំនឹង​ល្អ​គឺ​មាន​សារៈសំខាន់ មិន​អាច​បង្ខំ​តាម​ចិត្ត​ដែល​ចង់ជា​នោះ​ទេ។

៤. ការធ្វើតេស្តតាមដានមេរោគ

ដំបូង ពេទ្យ​បាន​ប្រាប់​ថា ធ្វើ​តេស្ត៣​ថ្ងៃម្តង ហើយ​បើ​អវិជ្ជមាន​យក​ទៅ​ដាក់​កន្លែង​ផ្សេង​ ដើម្បីត្រៀម​ទទួល​អ្នក​វិជ្ជមាន​ផ្សេង​ទៀត។ ក្រោយ​មក គេ​ដូរ​គោលការណ៍​មក​ពិនិត្យ​២ថ្ងៃម្តង​វិញ។ ក្រោយ​ពេល​ធ្វើតេស្ត​អវិជ្ជមាន២​​ដងជាប់​គ្នា ទើប​គេ​អនុញ្ញាត​ឱ្យ​ចេញ​ពីពេទ្យ ហើយ​ក៏​នៅ​បន្តតាមដាន​សុខភាព២សប្តាហ៍​បន្ត​ទៀត។ ក្នុង​រយៈពេល២​សប្តាហ៍​នេះ​ក៏​ត្រូវ​ធ្វើ​តេស្ត ១ឬ២​ដងទៀត ដើម្បី​ឱ្យប្រាកដ​ថា លែង​មាន​វីរុស។

លទ្ធផល​តេស្ត​អវិជ្ជមាន​២​ដង​ជាប់គ្នា គឺមិនមែន​មាន​ភ្លាមៗ​នោះ​ទេ។ បើ​មើល​អ្នក​ជំងឺ​ជុំវិញខ្ញុំ បូក​ទាំង​ខ្លួនខ្ញុំផង គឺពួក​យើង​ត្រូវការ​ពេលវេលា​ប្រហែល​៣​សបា្តហ៍ ទម្រាំ​វីរុសទាំង​នោះរលាយបាត់​ទៅ​វិញ​ដោយខ្លួន​ឯង អាស្រ័យ​ទៅ​តាម​ភាពខ្លាំង និង​ភាពស៊ាំ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​យើង និង​រយៈពេល​នៃ​ការ​ឆ្លងវីរុស។ អ្នកខ្លះ​អាចជា​លឿន ឬ​យូរជាង​នេះ ពោល​គឺ​មិនអាច​កំណត់​ពេលវេលា​ជាក់លាក់​នោះ​ទេ។

៥. ការគ្រប់គ្រងសតិអារម្មណ៍

ដូចរៀបរាប់​ខាងលើ លទ្ធផល​តេស្តអវិជ្ជមាន២ដងជាប់គ្នា​គឺមិនងាយ​នោះទេ ព្រោះ​ពេល​ខ្លះអវិជ្ជមាន​ម្តង​ហើយ តែ​ធ្វើ​តេស្ត​លើក​ក្រោយ​វិជ្ជមាន​វិញ គឺជា​រឿង​ធម្មតា​សម្រាប់​អ្នកជំងឺ COVID-19 ។ ដូច្នេះ ការ​ធាក់​ថយ​បែប​នេះ ពេលខ្លះ​ធ្វើ​អោយអ្នក​ជំងឺ​ស្ត្រេស​ខ្លាំង។ ជនបរទេស​ដែល​បារម្ភ​ខ្លាច​អត់​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ ពួកគាត់​អន្ទះ​អន្ទែង​ខ្លាំង​ណាស់។ ស្រ្តី​ចំណាស់​ជនជាតិ​អង់គ្លេស​យំ​រាល់ថ្ងៃ បុរសជន​ជាតិ​ប៊ែលហ្សិក​ស្រែក​អាឡេអាឡូ ដោយមិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។ បុរស​ជនជាតិ​បារាំង​ដែល​គ្មាន​បញ្ហា​សុខភាពអី​សោះ ក៏​អាច​ក្លាយ​ទៅ​ជាប្រកាច់​ដកដង្ហើម​មិន​ដល់​គ្នា ដោយសារ​ការ​ភ័យខ្លាច និង​បារម្ភហួស​ហេតុ​ដែរ។ បងប្អូន​ខ្មែរឥស្លាម​មាន​ការ​គ្រប់គ្រង​អារម្មណ៍​បានល្អ តាម​រយៈ​ទម្លាប់បន់​ស្រន់​ជាប្រចាំ​របស់​ពួក​គាត់។

ពួក​បរទេសមាន​ការ​រអ៊ូរទាំ​ច្រើន ហើយ​ត្អូញ​ថា មិនមាន​គេ​មក​សម្អាត​អនាម័យ។ អ្នក​ជំងឺ​ខ្មែរយើង​មិន​រអ៊ូច្រើន​ទេ ហើយ​មាន​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បាន​ល្អ។ ពេល​ទំនេរ​ខ្មែរ​យើង​យកអំបោស និងកំណាត់​មក​ជូត​សម្អាត ធ្វើ​អនាម័យ​បន្ទប់​សម្រាក​ព្យាបាល និង​បន្ទប់ទឹក ដើម្បីបរិស្ថាន​ស្អាត​ទាំងអស់​គ្នា។ ដល់​ឃើញ​ខ្មែរ​ធ្វើ​បែបនេះ ពួក​បរទេស​នោះក៏​ចាប់ផ្តើម​ធ្វើ​តាមដែរ។ ពួកគេ​ក៏​គួរតែ​យល់ដែរថា នេះមិនមែនជាសណ្ឋាគារ​នោះទេ ហើយ​បុគ្គលិក​ក៏​មិនមែនចេះ​តែ​ចេញ​ចូល​មក​បម្រើយើង​គ្រប់​តែ​ពេល​នោះ​ដែរ។ បុគ្គលិក​ក៏​មាន​ការភ័យខ្លាច​ការ​ឆ្លងជំងឺ​នេះ​ដែរ។

Hello Krupet

អត្ថបទទាក់ទង