ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ ការពិចារណាដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន គឺដើម្បីការពារអាយុជីវិតពលរដ្ឋកម្ពុជា ប្រឆាំងនឹងមេរោគ COVID-19

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 622
    ទស្សនៈមិត្តអ្នកអាន៖ ការពិចារណាដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន គឺដើម្បីការពារអាយុជីវិតពលរដ្ឋកម្ពុជា ប្រឆាំងនឹងមេរោគ COVID-19ទស្សនៈមិត្តអ្នកអាន៖ ការពិចារណាដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន គឺដើម្បីការពារអាយុជីវិតពលរដ្ឋកម្ពុជា ប្រឆាំងនឹងមេរោគ COVID-19

    គិតត្រឹមថ្ងៃនេះ ប្រទេស និងដែនដី នៅលើពិភពលោកសរុបចំនួនជិត ២០០ បានឆ្លងរីករាលដាលជំងឺរលាកសួតធ្ងន់ធ្ងរបង្កឡើងដោយវីរុស COVID-19។ ប្រទេសជឿនលឿនបំផុតលើពិភពលោក រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ បារាំង អស់គ្លេស អូស្ត្រាលី ជាដើម ។ល។ បានឆ្លងនិងរីករាលដាលយ៉ាងគំហុក ហើយប្រទេសខ្លះ បានប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្ន ដើម្បីបង្ការ ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺជាសកលមួយនេះ។ ប្រជាជនច្រើនជាង ៣ពាន់លាននាក់ នៅជុំវិញពិភពលោក ត្រូវបានបង្គាប់ឲ្យស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈរដ្ឋាភិបាលទាំងឡាយ កំពុងបង្កើនការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សកើនលើស ២ម៉ឺននាក់ នៅទូទាំងសកលលោក គិតចាប់តាំងពីវាផ្ទុះឡើងដំបូងនៅប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។

    ដោយឡែកសម្រាប់ប្រទេសកម្ពុជា ក៏មានគម្រោងដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្នដែរ ក្នុងករណីចាំបាច់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺសកល COVID-19។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រាបជូនប្រជាជាតិឲ្យដឹងថា គម្រោងដាក់ប្រទេសកម្ពុជា ឲ្យស្ថិតក្នុងគ្រាអាសន្ន គឺលោកកំពុងសិក្សាមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន។ លោកថា លទ្ធភាពដាក់ប្រទេសឱ្យស្ថិតក្នុងអាសន្ននេះ ធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺសកល COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងវិធានការនានាជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងអនុវត្តជាបណ្តើរៗ ដូចជាការបិទសាលារៀនរដ្ឋ និងឯកជនទូទាំងប្រទេស បិទក្លឹបកម្សាន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានា បិទខារ៉ាអូខេ រោងកុន សារមន្ទីរជាដើម ក៏មានអ្នកតាំងខ្លួនជាអ្នកវិភាគឯករាជ្យ បានរិះគន់វាយប្រហារ ជាន់ពន្លិចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំមានស្មារតីក្នុងការកម្ចាត់មេរោគ COVID-19 ដោយទុកឲ្យវីរុសនេះ រីករាលដាល ហើយយកលេសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងអំណាចឲ្យណែននៅក្នុងដៃទៅវិញ។

    ការលើកឡើងរបៀបក្មេងបៀមដៃរបស់ជនជ្រុលនិយមមួយដំបរស្វានេះ វាគ្មានអ្វីចម្លែកសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងបង្ការ ការពារ ទប់ស្កាត់ កុំឲ្យជំងឺរាតត្បាតសកលមួយនេះ ឆ្លងចូលក្នុងខ្លួនប្រជាពលរដ្ឋកម្ពជា ខណៈជំងឺនេះបានឆ្លងចូលក្នុងខ្លួនប្រជាជនទូទាំងពិភពលោកគិតត្រឹមថ្ងៃនេះមានចំនួនជិត ៥០ម៉ឺននាក់ហើយ។ ក៏ប៉ុន្តែ អ្វីដែលជារឿងចម្លែកនោះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទៅវិញទេ ពីព្រោះការវិភាគរបស់ជនជ្រុលនិយមរូបនេះ គ្មានភាពពិតជាក់ស្តែងបន្តិចទាល់តែសោះ ពោលគឺផ្ទុយនឹងសភាពការណ៍ពិតជាក់ស្តែងទាំងស្រុង និងថា ការលើកឡើងបែបនេះ ជាការបញ្ចេញទស្សនៈបែបឆ្កួតលីលា។ និយាយឲ្យខ្លី គឺជាការវិភាគដើម្បីដូរបាយប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋកម្ពុជា កំពុងចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាតសកលនេះ។

    គម្រោងដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្ន របស់ប្រទេសកម្ពុជា មិនមែនជារឿងថ្មី និងចម្លែកសោះឡើយ ខណៈប្រទេសថៃជិតខាងកម្ពុជា គេបានប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្ននេះរួចទៅហើយ គឺចាប់អនុវត្តពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២០ ក្នុងករណីអាចទប់ស្កាត់បាន តែបើទប់ស្កាត់មិនបានទេ អាចអូសបន្លាយយូរជាងនេះទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
    ការប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្នរបស់កម្ពុជា នឹងអាចធ្វើឡើងតែក្នុងករណីចាំបាច់បំផុត ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពីជំងឺឆ្លងសកលមួយនេះ ទោះបីអាចនឹងមានការប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពល និងសេដ្ឋកិច្ចជាតិក្តី តែវាស្ថិតក្នុងអំឡុងពេលខ្លីប៉ុណ្ណោះ។ ក៏ប៉ុន្តែប្រសិនបើ ករណីការឆ្លងរីករាលដាលជំងឺ COVID-19 កាន់តែច្រើនឡើង ហើយរដ្ឋាភិបាលព្រងើយកន្តើយមិនចាត់វិធានការដូចអ្នកវិភាគលើកឡើង នោះប្រទេសជាតិនឹងធ្លាក់ចូលក្នុងវិបត្តិមួយដ៏រ៉ាំរ៉ៃ បាត់បង់ទាំងធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។

    ការដាក់ប្រទេសជាតិឲ្យស្ថិតក្នុងគ្រាអាសន្ន បើយោងតាមប្រវត្តិសាស្ត្រកម្ពុជា មានជាហូរហែរមកហើយ ដូចជានៅសម័យអង្គឌួង (គ.ស ១៨៤៨-១៨៦០) មានការប្រកាសភាពអាសន្ន នៅពេលដែលប្រទេសកម្ពុជាមានជំងឺអាសន្នរោគរាតត្បាត។ សម័យអាណានិគមនិយមបារាំង ក្នុងពេលដែលបារាំង បានគាបសង្កត់ជម្រិតយកពន្ធដារពីប្រជាជនធ្ងន់ធ្ងរពេក ដែលធ្វើឲ្យប្រជាជនមានកំហឹង និងសម្លាប់រេស៊ីដង់ ប៉ាដេស ហើយពេលនោះរដ្ឋាភិបាលអាណានិគមនិយមបារាំង ក៏បានដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ។ ឈានមកដល់សម័យសាធារណៈរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ ក៏មានការប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្នដែរ ក្រោយពេលដែលកម្លាំងប្រដាប់អាវុធរបស់ទាហានខ្មែរក្រហម បានហ៊ុំព័ទ្ធទាំងទីក្រុង និងស្ទើរពាសពេញផ្ទៃប្រទេស។

    ជារួម បញ្ហារបស់ពិភពលោកទាំងមូលនាពេលនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គេលែងនិយាយពីបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យទៀតហើយ។ គេបានបិទប្រទេស បិទព្រំដែនរវាងគ្នា និងគ្នា គេលែងនិយាយរឿងនយោបាយទៀតហើយ គេគិតបញ្ហាចម្បងបំផុត គឺសិទ្ធិរស់រានមានជីវិត ពោលគឺប្រទេសនីមួយៗប្រឹងប្រែងការពារអាយុជីវិតប្រជាជនរបស់គេរៀងៗខ្លួន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ដូច្នេះ វិធានការដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្ន គឺធ្វើឡើងដើម្បីការពារប្រជាជន និងគ្មានហេតុផលខាងនយោបាយ ដូចក្រុមប្រឆាំងផ្កាប់មុខឆ្គួតលីលាលើកឡើងនោះឡើយ។ ក្រុមប្រឆាំងផ្កាប់មុខ ធ្វើជាមិនយល់ មិនដឹងអំពីវិធានការដែលរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ជាពិសេសវិធានការចាំបាច់បំផុត ដែលតម្រូវឲ្យរដ្ឋាភិបាលដាក់ចេញដាច់ខាតដើម្បីការពាអាយុជីវិត សុខមាលភាពរបស់ប្រជាជន និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ក្នុងប្រទេស៕

    ដោយ៖ សុខ សុវណ្ណ

    អត្ថបទទាក់ទង