ខ្មែរប៉ុស្ដិ៍ Close

បក្សប្រឆាំងស្រែកថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើកងទ័ព ប៉ុន្តែខ្លួនមិនដែលគាំទ្រឲ្យដំឡើងប្រាក់បៀវត្សរ៍នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 56
បក្សប្រឆាំងស្រែកថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើកងទ័ព ប៉ុន្តែខ្លួនមិនដែលគាំទ្រឲ្យដំឡើងប្រាក់បៀវត្សរ៍នោះទេ បក្សប្រឆាំងស្រែកថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើកងទ័ព ប៉ុន្តែខ្លួនមិនដែលគាំទ្រឲ្យដំឡើងប្រាក់បៀវត្សរ៍នោះទេ

(បាត់ដំបង)៖ ថ្លែងចេញពីខេត្ដបាត់ដំបង លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រឆាំង ធ្លាប់តែស្រែកថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើកងទ័ព មិនបានគិតគូរ ពីជីវភាពរបស់កងទ័ព ប៉ុន្តែនៅក្នុងសភា ពួកគេមិនដែលបានបោះឆ្នោតគាំទ្រ ឲ្យដំឡើងប្រាក់បៀវត្សរ៍ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការនោះទេ។

ការលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល​ និងចុះសាកសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានពន្ធដារ​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ជាមួយនាយទាហាន​ នាយទាហានរង​ និងពលទាហាន​ គ្រួសារកងទ័ព​ និងបើកវគ្គហ្វឹកហ្វឺន បំប៉នការងារសេនាធិការ​ បំប៉នបច្ចេកទេស ជំនាញរថក្រោះ កងទ័ពជើងគោក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុ​ន សែន បានបង្កើតយន្តការ ចងសម្ព័ន្ធមេត្រីភាព ដើម្បីផ្ដល់ឱកាសឲ្យសមរភូមិក្រោយ ដែលជាសប្បុរសជននានា បានជួយទៅដល់កងទ័ព ក្នុងការការពារ បូរណភាពទឹកដី ដែលជួយការពារប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបន្ដទៀតថា កន្លងទៅសម្ព័ន្ធមេត្រីភាព បានជួយជាច្រើន ទៅលើវិស័យកងទ័ពដែលនេះ គឺជាគំនិតនៃការចែករំលែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ទៅលើផ្នែកកងទ័ពបន្ថែម លើគោលរបប របស់កងយោធពលខេមរភូមិន្ទ។

លោកបានលើកឡើងថា «បក្សប្រឆាំងយល់ថា កងទ័ពកម្លាំងប្រដាប់អាវុធ គឺជាកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា ជាកងកម្លាំងរបស់រដ្ឋាភិបាល។ បក្សប្រឆាំងធ្លាប់តែស្រែកថា រាជរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់ លើកងទ័ពមិនបានគិតគូរពីជីវភាពរបស់កងទ័ព ប៉ុន្តែនៅក្នុងសភា គឺមិនដែលបានបោះឆ្នោតគាំទ្រ ឲ្យដំឡើងប្រាក់បៀវត្ស ទៅដល់កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការនោះទេ»។

លោកបន្ថែមទៀតថា ជាមោទនភាពខ្លាំងណាស់ ចំពោះកងយោធពលខេមរភូមិន្ទ ដែលបច្ចុប្បន្ននេះមហាជន ប្រជាពលរដ្ឋបានមានការចាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់ ទៅលើកងកម្លាំង ប្រដាប់អាវុធ ដែលប្រៀបធៀបទៅនឹងសម័យសង្គ្រាម ដែលទាហានត្រូវបានគេចាប់បង្ខំ ឲ្យចូលបម្រើកងទ័ព តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន បានស្ម័គ្រចិត្ត ចូលរួមយ៉ាងផុសផុល ជាមួយនឹងវិស័យយោធា ដែលជាខឿនការពារជាតិយ៉ាងសំខាន់។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «កុំឲ្យកងកម្លាំងក្លាយ ជាឧបករណ៍បម្រើ មហិច្ឆិតានយោបាយ របស់អ្នកនយោបាយ​ ដើម្បីដណ្តើមអំណាច សូមបន្តការជឿជាក់ លើរាជរដ្ឋាភិបាលស្របច្បាប់ ប្តេជ្ញាចិត្តក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង»។

លោកថា គណបក្សប្រឆាំងបានប្រើមធ្យោបាយបំផុសបំផុល ឲ្យប្រជាពលរដ្ឋក្រោកឡើង បះបោប្រឆាំងនឹងរដ្ឋាភិបាល អូសទាញកម្លាំងប្រដាប់អាវុធ ឲ្យចូលក្នុងចលនាប្រឆាំងរាជរដ្ឋាភិបាល។ ការធ្វើនយោបាយបែបនេះ គឺនាំឲ្យមានគ្រោះថ្នាក់ ដល់សង្គមជាតិទាំងមូល ដែលអាចនាំឲ្យមានសង្គ្រាមផ្ទៃក្នុង។

សូមបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលលោក ហ៊ុន ម៉ាណែត បានអញ្ជើញចុះសំណេះសំណាល​ និងសាកសួរសុខទុក្ខ ដល់យោធិន គ្រួសារយោធិន និងបញ្ជាការដ្ឋានរថគ្រោះ នៅក្នុងខេត្តបាត់ដំបង៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង