ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០លានដុល្លារ) សម្រាប់អនុវត្តគម្រោងសំខាន់ៗមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការជប៉ុនដែលមានទឹកប្រាក់សរុបចំនួន៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០លានដុល្លារ) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ លិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ។

ជំនួយឥតសំណងនេះ នឹងគ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោងដូចខាងក្រោម៖
១. ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
– គម្រោងការពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ ៣១លានដុល្លារអាមេរិក)
– គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លានដុល្លារអាមេរិក)
– គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួន៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក) ។

២. ឥណទានសម្បទាន សម្រាប់អនុវត្ត៖
-គម្រោងធ្វើឱ្យប្រសើរ នូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ១៦១លានដុល្លារអាមេរិក)។
– គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ៕

អត្ថបទទាក់ទង