ក្លឹបអ្នកកាសែតកម្ពុជាចេញគោលការណ៍៤ចំណុចដល់អ្នកសារព័ត៌មានក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ នេះ ក្លឹបអ្នកកាសែតកម្ពុជាបានចេញគោលការណ៍ចំនួន៤ចំណុច ដល់អ្នកសារព័ត៌មាន ដើម្បីរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។ គោលការណ៍ទាំង៤ចំណុចនោះ មានដូចតទៅ៖
១. សូមធ្វើសេចក្ដីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ប្រកបដោយភាពច្បាស់លាស់ស្របតាមបច្ចេកទេសផ្នែកវិជ្ជសាស្ត្រដោយសំអាងទៅលើការពន្យល់របស់អ្នកជំនាញ ឬលើការស្រាវជ្រាវឯកសារតាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវដើម្បីជៀសវាងការផ្ដល់ព័ត៌មានមិនច្បាស់លាស់ ធ្វើអោយប្រជាពលរដ្ឋមានការភ័ន្តច្រឡំអំពីកូវីដ-១៩។
២. សូមប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ពស់បំផុតក្នុងការគោរពសិទ្ធិឯកជនរបស់អ្នកដែលឆ្លងវីរុសកូវីដ-១៩ ដោយមិនត្រូវបញ្ចេញអត្តសញ្ញាណរបស់ពួកគេជាដាច់ខាត មិនថាអ្នកនោះជាជនបរទេស ឬខ្មែរនោះឡើយ លើកលែងតែអ្នកនោះជាបុគ្គលសាធារណៈសំខាន់ៗដែលក្រសួងសុខាភិបាលប្រកាសជាផ្លូវការ ឬសាម៉ីខ្លួនជាអ្នកប្រកាសជាសាធារណៈ។
៣. សូមធ្វើសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងករណីអ្នកឆ្លងវីរុសកូវីដ-១៩ ដោយជៀសវាងការប្រើពាក្យពេចន៍ ឬសំណួនវោហាណាដែលនាំអោយមានការបែងចែក ឬការរើសអើងចំពោះបុគ្គល ឬសហគមន៍ណាមួយ។
៤. សូមអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ និងក្បួនអនាម័យការពារខ្លួនកុំអោយឆ្លងវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទាំងពេលចុះយកព័ត៌មាន ទាំងនៅកន្លែងធ្វើការ និងទាំងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដទៃ ជាពិសេសក្នុងពេលចុះទៅកាន់កន្លែងដែលមានហានិភ័យខ្ពស់។
ខាងក្រោមនេះជាសេចក្ដីអំពាវនាវទាំងស្រុងរបស់ក្លឹបអ្នកកាសែតកម្ពុជា៖