ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាតួអង្គដ៏សំខាន់លុបបំបាត់ចោលព័ត៌មានក្លែងក្លាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 21
ទស្សនៈមិត្តអ្នកអាន៖ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាតួអង្គដ៏សំខាន់លុបបំបាត់ចោលព័ត៌មានក្លែងក្លាយ ទស្សនៈមិត្តអ្នកអាន៖ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាតួអង្គដ៏សំខាន់លុបបំបាត់ចោលព័ត៌មានក្លែងក្លាយ

ករណីផ្ទុះឡើងនូវវីរុសកូរ៉ូណា ដែលក្រោយមកគេឲ្យឈ្មោះថ្មីថា COVID-19 គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ តាមតួលេខបណ្តោះអាសន្ន ជំងឺនេះបានឆ្លងរីករាលដាលទៅដល់ប្រទេសចំនួនជាង ៧៤ ប្រទេសក្នុងចំណោមប្រទេសប្រមាណជិត ២០០លើសកលលោកនេះ។ COVID-19 ដែលគេសន្និដ្ឋានដំបូងថា វាបានកើតឡើងនៅក្នុងទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន បានថមថយឥទ្ធិយ៉ាងខ្លាំង ខណៈអាជ្ញាធរសុខាភិបាលចិនបានទប់ស្កាត់ និងសង្គ្រោះអ្នកជំងឺឲ្យជាសះស្បើយមានចំនួនប្រហែលពាក់កណ្តាលនៃអ្នកឆ្លង និងអ្នកផ្ទុកជំងឺនេះ ពោលគឺអ្នកដែលត្រូវបានព្យាបាលឲ្យជាសះស្បើយមានជាង ៤ម៉ឺន៧ពាន់នាក់ ក្នុងចំណោមអ្នកផ្ទុកជាង ៩ម៉ឺននាក់នៅក្នុងប្រទេសចិន។ តួរលេខនេះគិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

គួររំលឹកបន្តិចថា ក្រោយប្រទេសចិនបានផ្ទុះឡើងនូវវីរុស COVID-19 មានបណ្តាប្រទេសនានាជាច្រើនទាំងនៅក្នុងតំបន់ និងពិភពលោក បានផ្តាច់ទំនាក់ទំនងជាមួយនឹងប្រទេសចិន តាមរយៈការបិទជើងហោះហើរត្រង់ទៅកាន់ប្រទេសចិន និងបិទជើងហោះហើរពីចិនមកកាន់ទឹកដីប្រទេសខ្លួនផងដែរ។ ក៏ប៉ុន្តែអ្វីដែលចម្លែកគួរឲ្យងឿងឆ្ងល់ប្រទេសទាំងអស់នោះ មានអ្នកឆ្លង និងផ្ទុកវីរុស COVID-19 ទៅវិញ ដូចជាប្រទេសនៅក្នុងតំបន់អាស៊ី មានថៃ ម៉ាឡេស៊ី សិង្ហបុរី ក្រៅពីនេះមានប្រទេស បារាំង អ៊ីតាលី អេស្បាញ សហរដ្ឋអាមេរិក។ល។ និង។ល។ ការណ៍នេះ ត្រូវបានអ្នកជំនាញខាងវិស័យសុខាភិបាលសន្និដ្ឋានថា ប្រទេសចិនមិនមែនជាប្រភពដើមនៃការផ្ទុះឡើងវីរុស COVID-19 នោះទេ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ គេរកមិនឃើញមានករណីអ្នកឆ្លង ឬផ្ទុកវីរុស COVID-19 នេះនៅឡើយទេ ក្រៅតែពីជនជាតិចិនម្នាក់ដែលបានគេរកឃើញ និងព្យាបាលឲ្យជាសះស្បើយ ហើយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញបាត់ទៅហើយ។ ការអះអាងថា កម្ពុជាគ្មានអ្នកផ្ទុកជំងឺនេះ គឺជាការបញ្ជាក់ពីមន្ត្រីតំណាងអង្គការសុខភាពពិភពលោក មិនមែនរដ្ឋាភិបាលកម្ពុជានិយាយយកល្អ ឬលាក់បាំងឡើយ តាមរយៈវិធានការនានាជាច្រើនត្រូវបានដាក់ចេញ តាំងពីជំងឺនេះផ្ទុះឡើងដំបូងៗមកម្ល៉េះ។

ទោះបីកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការឆ្លងវីរុស COVID-19 តាមរយៈវិធានការនានាជាច្រើន ដូចជា ការដាក់ម៉ាស៊ីនស្កែនកម្តៅនៅតាមច្រកទ្វារអន្តរជាតិទាំងអស់របស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសជិតខាង ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងត្រៀមកន្លែងទីតាំងផ្ទុកអ្នកឆ្លង ឬអ្នកជំងឺឲ្យនៅដាច់ដោយឡែកផងដែរ ក្នុងករណីរកឃើញថា អ្នកសង្ស័យនោះមានផ្ទុកវីរុស COVID-19 និងការផ្សព្វផ្សាយវិធានការការពារផ្សេងៗតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញសង្គមយ៉ាងណាក្តី ក៏នៅតែមានការរិះគន់ វាយប្រហារ ជាន់ពន្លិចកិច្ចខិតខំប្រែងរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជាក្រោមរូបភាពផ្សេងៗ អ្នកខ្លះសើចចំអកមើលងាយជាតិសាសន៍ខ្លួនឯងថា អន់ អសមត្ថភាពក្នុងការទប់ស្កាត់ដោយយោងលើឧបករណ៍ប្រើប្រាស់របស់មន្ត្រីសុខាភិបាលកម្ពុជាអត់ទំនើប ដូចបណ្តាប្រទេសជឿនលឿន។ អ្នកខ្លះថា កម្ពុជាបានធ្វើរបាយការណ៍លាក់បាំងករណីវីរុស COVID-19។ អ្នកខ្លះទៀតថា កម្ពុជា ប្រាកដជាមាន មិនអត់ទេ តែរដ្ឋាភិបាលលាក់មិនចង់ឲ្យគេដឹង។ អ្នកខ្លះទៀតយករូបភាពដួលសន្លប់របស់ជនបរទេស ឬជនបរទេសស្រវឹងស្រាដេកលើសួនច្បារ ឬកម្មករដួលសន្លប់ពេលធ្វើការ ឬរូបចាស់ៗ ឬក៏យកសកម្មភាពដែលតួសម្តែងដេកដួលលើដីក្នុងខ្សែភាពយន្តណាមួយមកផ្សព្វផ្សាយថា ជាករណីស្លាប់ដោយសារវីរុស COVID-19 នៅកម្ពុជាទៀតផង។

ក្នុងពេលដែលកម្ពុជាកំពុងខិតខំទប់ស្កាត់ករណីវីរុស COVID-19 ពួកក្រុមជនអគតិទាំងអស់នោះមិនបានចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាលនោះឡើយ បែរជាពួកគេមកប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលថែមទៀត ដូចពាក្យចាស់ពោលថា “បើមិនជួយចូកជួយចេវ កុំយកជើងរាទឹក” ពោល ក្រុមប្រឆាំងមិនត្រឹមតែមិនបានជួយប៉ុណ្ណោះទេ ថែមទាំងយកជើងរាទឹកទៀតផង។ តើពួកគេទាំងអស់នោះ ខិតខំផ្សព្វផ្សាយព័ត៌មានមិនពិត បំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការរើសអើង មិនហ៊ានចាប់ដៃគ្នា តើមានប្រយោជន៍អ្វីដល់សង្គមជាតិ?
ជាការពិត ពួកគេផ្សព្វផ្សាយព័ត៌មានក្លែងក្លែងទាំងអស់នេះ គ្មានអ្វីក្រៅពីចង់ឲ្យសង្គមកម្ពុជាចលាចលវឹកវរ ក្នុងផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលដូចដែលពួកគេធ្លាប់ធ្វើកន្លងមក ហើយទទួលការបរាជ័យដ៏អាម៉ាស់។ ដូចគ្នានេះដែរ ផែនការបង្កភាពវឹកវរក្នុងសង្គមដោយបំផុសករណីកម្ពុជាកើតមានវីរុស COVID-19 នេះ ក៏នឹងទទួលរងការបរាជ័យផងដែរ ដោយសារថា ប្រជាពលរដ្ឋមិនជឿតាមការញុះញង់បំផុសបំផុសរបស់ក្រុមប្រឆាំងនោះឡើយ ពោលប្រជាពលរដ្ឋកម្ពុជាក្នុងយុគសម័យឌីជីថលនេះ មានការយល់ដឹងពីការវិវឌ្ឍក្នុងសង្គមកម្ពុជា ក៏ដូចជាពិភពលោក។

មកដល់ត្រង់នេះ ចង់សួរត្រឡប់ទៅវិញថា ឧបមាថា ប្រសិនបើកម្ពុជាមានករណីវីរុស COVID-19 ពិតមែន តើរដ្ឋាភិបាលកម្ពុជាអាចលាក់បាំងជិតដែរឬទេ ចុះក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ គាត់សុខចិត្តនៅស្ងៀមដែរឬទេ? លើសពីនេះ ប្រសិនបើកើតមាន COVID-19 លើជនបរទេសនៅកម្ពុជា តើស្ថានទូតនៃជនបរទេសនោះសុខចិត្តនៅស្ងៀមស្ងាត់បានដែរឬទេ? គេពិតជាមិនអាចនៅស្ងៀមបានទេ ប្រសិនបើកើតមានមែននោះ។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជារកឃើញអ្នកឆ្លង ឬផ្ទុកវីរុស COVID-19 មិនត្រឹមតែមិនលាក់ទេ កម្ពុជានឹងប្រកាស ហើយស្នើសុំការអន្តរាគមន៍ពីអន្តរជាតិឲ្យចូលរួមទប់ស្កាត់ បង្ការ ការពារ និងព្យាបាលអ្នកជំងឺនោះ។ និយាយខ្លី គ្មានប្រយោជន៍អ្វីដែលកម្ពុជាត្រូវលាក់បាំងដាច់ខាតចំពោះករណីជំងឺឆ្លងនានា ពិសេសករណីវីរុស COVID-19 នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំផុសបំផុលឲ្យសង្គមជាតិចលាចលពាក់ព័ន្ធករណីវីរុស COVID-19 នេះថា ជាក្រុមភេវរករ គឺពិតជាត្រឹមត្រូវ ពីព្រោះ ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនេះ នឹងនាំឱ្យមានការភាន់ច្រឡំ បំពុលបរិយាកាស ប៉ះពាល់សេដ្ឋកិច្ចជាតិ និងបង្កអសន្តិសុខជាដើម។ល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំផុសឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយជាតួអង្គដ៏សកម្មរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមកដើម្បីលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង