ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន ៨ ដើម្បីពង្រឹងការងារក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 77
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន ៨ ដើម្បីពង្រឹងការងារក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន ៨ ដើម្បីពង្រឹងការងារក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ដើម្បីពង្រឹងការងារក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដូចខាងក្រោម៖

គោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ចំណុចនោះមានដូចខាងក្រោម៖
ទី១- ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និងការប្រកបឤជីវកម្មនៅកម្ពុជា ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននានា។

ទី២- ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់។

ទី៣- ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

ទី៤- ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្តស្របតាមច្បាប់ ។

ទី៥- ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានានិងក្រសួង-ស្ថាប័នញក់ព័ន្ធធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការសំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និងមានប្រសិទ្ធភាព។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិតក្នុងការចាត់ចែង ប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ហើយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ទី៦- ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើជាក់ស្តែងថ្មីៗជាពិសេសសេវាសង្គម សេវារដ្ឋបាល សេវាសន្តិសុខ និងសេវាសាធារណៈចាំបាច់នានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពគណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ។

ទី៧- តាមការព្យាករណ៍ឆ្នាំ២០២០ នេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង។

និងទី៨- ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈម និងទទួលសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្របនិងទាន់ពេលវេលា៕

អត្ថបទទាក់ទង