ខ្មែរប៉ុស្ដិ៍ Close

ប៉ូលីសម៉ាឡេស៊ីចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀត ករណីចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនិងវីរុសកូរ៉ូណា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 63

គ្រូបង្រៀនតាមផ្ទះម្នាក់ ជំនួយការហ្វាម៉ាស៊ី២នាក់ និងនិស្សិតសាកលវិទ្យាល័យម្នាក់ត្រូវបានចាប់ខ្លួនពីបទចែកចាយព័ត៌មានក្លែងក្លាយទាក់ទងនិងវីរុសកូរ៉ូណា។

មនុស្សទាំង៤នាក់នេះត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការផ្សេងៗគ្នារបស់ប៉លីសមម៉ាឡេស៊ី និងគណៈកម្មការទំនាក់ទំនងនិងពហុព័ត៌មានម៉ាឡេស៊ី (MCMC) នៅក្នុងរដ្ឋ Melaka, Kedah និង Pahang នៅរវាងម៉ោង១១ព្រឹក ដល់ម៉ោង៥រសៀលម្សិលមិញ។

គួរបញ្ជាក់ថា នេះមិនមែនជាករណីទី១ទេនៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។ កាលពីថ្ងៃអង្គារ បុរសម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ក្នុងករណីដូចគ្នានេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ គណៈកម្មការទំនាក់ទំនងនិងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានអោយដឹងថា បុរសអាយុ ៤៩ឆ្នាំ ជាគ្រូបង្រៀនតាមផ្ទះក្រៅម៉ោងម្នាក់ត្រូវបានចាប់ខ្លួននាពេលថ្ងៃត្រង់ទាក់ទងនិងការបង្ហោះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងវីរុសកូរ៉ូណានេះ កាលពីថ្ងៃទី២៥មករា។

នៅរដ្ឋ Melaka ជំនួយការហ្វាម៉ាស៊ី២នាក់ ម្នាក់អាយុ២៤ឆ្នាំ និងម្នាក់ទៀតអាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួននៅម៉ោង៤រសៀល ក្នុងករណីដូចគ្នា កាលពីថ្ងៃទី ២៦ខែមករា។

និស្សិតវ័យ២៤ឆ្នាំម្នាក់នៃសាកលវិទ្យាល័យរដ្ឋនៅទីក្រុង Kuantan នៃរដ្ឋ Pahang ត្រូវបានចាប់ខ្លួននៅម៉ោង ៤ៈ១៥នាទី រសៀល បន្ទាប់ពីគេបានចែកចាយព័ត៌មានក្លែងក្លាយពីវីរុសកូរ៉ូណានៅលើបណ្ដាញសង្គម ទ្វីតធឺ កាលពីថ្ងៃទី ២៧ខែមករា។

អាជ្ញាធរបានដកហូតទូរសព្ទចំនួន៤គ្រឿង ស៊ីមកាតចំនួន៥ និងមេម៉ូរីកាតចំនួន២ ពីជនសង្ស័យទាំង៤នាក់នេះ។

ករណីនេះត្រូវបានស៊ើបអង្កេតដោយអនុលោមទៅតាមវាក្យខណ្ឌទី២៣៣ នៃច្បាប់ទំនាក់ទំនងនិងពហុព័ត៌មានឆ្នាំ ១៩៩៨ ដែលជនប្រព្រឹត្តត្រូវផ្ដន្ទាទោសដោយពិន័យជាប្រាក់ RM50,000 ដែលប្រហែលនឹង $17,000 ឬមួយជាប់ឃុំរហូតដល់១ឆ្នាំ។ ក្នុងករណីធ្ងន់ធ្ងរជនល្មើសនិងត្រូវពិន័យជាប្រាក់ផង និងជាប់ពន្ធធនាគាផង។

ប្រសិនបើនៅតែមិនរាងចាល ពួកគេនឹងត្រូវពិន័យជាប្រាក់ចំនួន RM1,000 បន្ថែមទៀត។

សូមជម្រាបថា អាជ្ញាធរម៉ាឡេស៊ី និងគណៈកម្មការទំនាក់ទំនងនិងពហុព័ត៌មានម៉ាឡេស៊ី (MCMC) កំពុងធ្វើការស៊ើបអង្កេតយ៉ាងសកម្មនៅគ្រប់បណ្ដាញសង្គមទាំងអស់ដើម្បីទប់ស្កាត់អោយបាននូវការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ៕

អត្ថបទទាក់ទង