ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ សមិទ្ធផលនាវាកម្ពុជា ក្រោមការកាច់ចង្កូតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល ៣៥ ឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 638
លិខិតមិត្តអ្នកអាន៖ សមិទ្ធផលនាវាកម្ពុជា ក្រោមការកាច់ចង្កូតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល ៣៥ ឆ្នាំលិខិតមិត្តអ្នកអាន៖ សមិទ្ធផលនាវាកម្ពុជា ក្រោមការកាច់ចង្កូតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល ៣៥ ឆ្នាំ

អរគុណសន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមស៊ីវិល។ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខាងមុខ គឺពិតជាខួបទី៣៥ ឆ្នាំ ដែលនាវាកម្ពុជាបានស្ថិតក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីរបស់កម្ពុជា ក្នុងរយៈពេល៣៥ឆ្នាំ ហើយដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានហៅថា ជាបុរសខ្លាំង នៃប្រទេសកម្ពុជាក្នុងយុគសម័យទំនើប។ តើរយៈពេល៣៥ឆ្នាំកន្លងមកនេះ ប្រជាជាតិខ្មែរទទួលបានសមិទ្ធផលអ្វីខ្លះពីការដឹកនាំរបស់លោកនោះ? តើអ្វីខ្លះដែលជាមនុញ្ញផលដ៏មហិមា និងជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលទទួលបាន? ហើយអ្វីខ្លះជាក្តីរំពឹងទុកសម្រាប់ប្រជាជនខ្មែរ ដែលនាវាកម្ពុជាបាន និងកំពុងត្រូវបានបន្តកាច់ចង្កូតរបស់លោក?

សច្ចៈភាពប្រវត្តិសាស្រ្ត បាននិងកំពុងត្រូវបានចារិកទុកក្នុងបេះដូងប្រជាជនកម្ពុជាទាំងមូលនូវមនុញ្ញផលដ៏មហិមាជាប្រវត្តិសាស្រ្ត ដែលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល បានរលាស់ខ្លួនចេញផុតពីភ្នក់ភ្លើងសង្រ្គាមស៊ីវិលជាង២ទសវត្ស ហើយបានវិលត្រឡប់មកដល់ដំណាក់កាលថ្មីនៃប្រវត្តិសាស្រ្តរបស់ខ្លួនគឺសន្តិភាព និង ការអភិវឌ្ឍ ប្រកបដោយការរីកចម្រើនស្ទើរគ្រប់វិស័យគួរជាទីមោទនភាពបំផុត។ ជាការពិត នាវាកម្ពុជាដ៏ទ្រុឌទ្រោមត្រូវបានចូលដល់ដំណាក់កាលថ្មីក្រោមការកាច់ចង្កូតដ៏ស្វាហាប់រឹងមាំ និងប្រកបដោយទស្សនៈវិស័យច្បាស់លាស់បំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ខាងមុខនេះ តាំងពីពេលដែលលោកបានទទួលតំណែងនាយករដ្ឋមន្រ្តី និង ការបំពេញភារកិច្ចជាប្រវត្តិសាស្រ្តដ៏មហិមា។

ដោយបានបន្តប្រកាន់ខ្ជាប់តាមស្មារតី ៧ មករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទាំងមូលបានចាកផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានដឹកនាំប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏គួរឱ្យខ្លាចបំផុត ហើយត្រូវបំពេញភារកិច្ច ដោយត្រូវរក្សាឱ្យបាននូវអ្វីៗដែលបានកើតមានឡើងជាប្រវត្តិសាស្រ្តពីថ្ងៃរំដោះ។ ក្នុងដំណាក់កាលដែលប្រទេស និងប្រជាជនបានរួចចាកផុតពីការកាប់សម្លាប់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ពិតជាបានឆ្លងកាត់ចូលក្នុងដំណាក់ការថ្មីមួយ គឺឯករាជ្យម្ចាស់ការលើជោគវាសនារបស់ខ្លួន ក្នុងដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍មិនឱ្យរស់រានឡើងវិញ ហើយដៃម្ខាងទៀតបានប្រឹងកសាងជាតិមាតុភូមិដោយបាតដៃទទេ ដើម្បីប្រែក្លាយប្រទេសមួយដែលត្រូវបំផ្លាញស្ទើរគ្រប់វិស័យទាំងរចនាសម្ព័ន្ធសង្គម និងហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងធនធានមនុស្សចេះដឹងស្ទើរគ្មានសល់។

លោក ហ៊ុន សែន គឺពិតជានាយករដ្ឋមន្រ្តីដំបូងបង្អស់ ដែលមានវ័យក្មេងបំផុតក្នុងមុខតំណែងជានាយករដ្ឋមន្រ្តី ក្នុងបណ្តាប្រទេសអាស៊ី ដែលលោកបានចាប់ផ្តើមឡើងកាច់ចង្កូតនាវាកម្ពុជា ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ ក្នុងប្រវត្តិសាស្រ្ត នៅវ័យជាងម្ភៃឆ្នាំ ក្រោយពីបានចូលរួមដឹកនាំធ្វើសង្រ្គាម និងតស៊ូររំដោះជាតិ ប្រជាជននិងក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត លោក ហ៊ុន សែន ត្រូវបានបំពាក់ភារកិច្ចឱ្យរូបលោកទទួលបន្ទុកជាអ្នកដឹកនាំ ស្តារប្រទេសជាតិពីគំនរផេះផង់ពីភ្នក់ភ្លើងសង្គ្រាម និងទុក្ខសោក វិនាសកម្មនៅក្នុងស្ថានភាពដ៏លំបាកដែលសង្រ្គាមត្រជាក់នៅបន្តគ្របដណ្តប់លើសាកលោក ប្រទេសជាតិត្រូវស្ថិតនៅក្រោមការហ៊ុំព័ទ្ធពីខាងក្រៅ ហើយបន្តមានសង្រ្គាមផ្ទៃក្នុង។ ឆ្លងចូលក្នុងវ័យជាង៣០ឆ្នាំ លោកពិតជាបានទទួលភារកិច្ចដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត ដែលលោកបានយល់ច្បាស់ ក្នុងដំណាក់ការចុងក្រោយថា សង្រ្គាមមិនមែនជាមធ្យោបាយតែមួយគត់ និងប្រសើរជាងគេសម្រាប់ស្វែងរកសន្តិភាពនោះទេ។ ក្នុងទស្សនៈរបស់លោក នៅក្នុងសង្រ្គាមមិនមានជោគជ័យនោះទេ គឺមានតែការបាត់បង់។ ផ្តើមចេញពីទស្សនៈនេះ លោកបានផ្តួចផ្តើមគំនិតជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាកម្ពុជាទាំងមូល ដោយឈរលើទស្សនវិជ្ជាថា គេមិនអាចយកសង្រ្គាម ដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។

ក្នុងនាមជាអ្នកចរចារយ៉ាងស្វិតស្វាញនិងដ៏ឈ្លាសវៃបំផុត លោក ហ៊ុន សែន បានប្រកាន់យកយុទ្ធសាស្រ្តជាគន្លឹះ២៖ ទី១ សម្រេចឱ្យបាននូវដំណោះស្រាយនយោបាយមួយលើមូលដ្ឋានទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និង ទី២ រក្សាឱ្យបាននូវសមិទ្ធផលសង្គមជាតិ ដែលត្រូវបានកសាងឡើងក្រោយការដួលរលំនៃរបប ប៉ុល ពត នាឆ្នាំ១៩៧៩។

ក្នុងទសវត្សឆ្នាំ១៩៨៧ ត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត ដែលថា ពន្លឺសន្តិភាព និងការបញ្ចប់សង្រ្គាមផ្ទៃក្នុងកម្ពុជាបានចាប់ផ្តើមដោយក្តីសង្ឃឹមបំផុត ហើយដែលសុបិន្តរបស់ប្រជាជនកម្ពុជាទាំងមូល ក៏បានក្លាយទៅជាការពិត ក្នុងចរន្តរត់រកគ្នាដែលបាននាំដល់ជំនួបជាប្រវត្តិសាស្រ្តលើកដំបូងថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៨៧ រវាងសម្តេចព្រះ នរោតត្តម សីហនុ និង ហ៊ុន សែន នៅហ្វែអង់តាដឺន័រ(Fere-en -Tardenois) នៃប្រទេសបារាំង ដែលត្រូវបានបើកផ្លូវសម្រាប់ការចរចាជាបន្តបន្ទាប់ដោយស្វិតស្វាញ រហូតឈានសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១។ លទ្ធផលជាប្រវត្តិសាស្រ្តនេះ បានផ្តល់ឱ្យកម្ពុជាមានការរៀបចំការបោះឆ្នោតសកលលើកដំបូងដោយអង្កការសហប្រជាតិ ហើយព្រះរាជាណាចក្រកម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួន និងការចាប់ផ្តើមបដិសន្ធិឡើងវិញនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ ក្រោយពីការចាកចេញរបស់អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣។

ក្រោយការចាកចេញរបស់អ៊ុនតាក់ ប្រទេសកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនោះទេ អាស្រ័យដោយប្រទេសកម្ពុជា នៅតែជាប្រទេសមួយមានតំបន់គ្រប់គ្រង២ គឺមួយភាគធំគ្រប់គ្រងដោយរដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហម ហៅថា កម្ពុជាប្រជាធិបតេយ្យ ដែលនៅមានអង្គការចាត់តាំងនយោបាយ និងយោធា ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅក្នុងផ្នែកខ្លះនៃផ្ទៃប្រទេស។ នៅក្នុងបរិការណ៍នេះ យុទ្ធសាស្រ្តច្រេះស៊ីដែករបស់ ប៉ុល ពត ក៏បានជួបតទល់ជាមួយនឹងនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាវគ្គផ្តាច់ព្រ័ត្រនៃដំណាក់ការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពចុងក្រោយរបស់កម្ពុជា។

ពិតណាស់ នយោបាយឈ្នះឈ្នះ គឺ ជាឱសថទិព្វ របស់លោក ហ៊ុន សែន ដែលលោកបានរៀបចំឡើង គ្មានអ្នកចាញ់ គឺមានតែអ្នកឈ្នះទាំងអស់គ្នា ដែលរដ្ឋាភិបាលស្របច្បាប់ក៏បានទទួល ហើយខាងកម្ពុជាប្រជាធិបតេយ្យក៏បានទទួលផងដែរ។ ក្នុងនយោបាយឈ្នះឈ្នះត្រូវមានសម្បទានគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដែលអ្នកយុទ្ធសាស្រ្តត្រូវសុខចិត្តប្រត្តិបតិ្តដោយស្មោះត្រង់គ្មានការលាក់លៀម និងដោយជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យភាគីក្នុងការអនុវត្តនយោបាយសម្រេចបានជោគជ័យ ដោយឈរលើលក្ខខណ្ឌ៣ ដែលភាគីកម្ពុជាប្រជាធិបតេយ្យបានទទួលយក គឺ៖ ទី១ ការធានាអាយុជីវិតនិងរូបកាយ ទី២ ធានាអាជីពនិងមុខរបរ ក៏ជាចំណុចដ៏មានសារសំខាន់ខ្លាំងណាស់ និងទី៣ គឺការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យផងដែរ។

ឈរលើមូលដ្ឋានសន្តិភាព និងការឯកភាពជាតិពេញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយទៅកាលានុវត្តភាពពេជ្រសម្រាប់លោកចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។ ក្នុងបរិការណ៍នេះ លោកបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ៩៩៨ និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់ គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង និងយុត្តិធម៌សង្គម។

ទីបំផុតក្នុងរយៈពេល៣៥ឆ្នាំ ដែលនាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ដែលកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក។ ជោគជ័យរបស់កម្ពុជា ក្នុងការបន្ថយភាពក្រីក្រដែលពីមុន អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជា បានធ្លាក់ចុះពី៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់៩%ក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសសម្រេចបានគោលដៅអភិវឌ្ឍសហវត្សរ៍ ហើយក៏ជាប្រទេសជាប់ក្នុងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកែលម្អសូចនាការកធ្វើដំណើរយ៉ាងស្វាហាប់ឆ្លងកាត់ពីប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជារួម ប្រជាជនកម្ពុជាទាំងមូល សូមអរគុណ សន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីសម្រេចបាននូវបេសកកម្មដ៏ឧត្តុងឧត្តមនេះ ប្រជាជនកម្ពុជាទាំងមូលមានក្តីរំពឹងទុក ដែលថានាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលអាចសំឡឹងមើលទៅអនាគតដោយក្តីមោទនៈ និងសុទិដ្ឋិនិយមខ្ពស់ បន្តដឹកនាំប្រទេស ដោយឈរលើប្រជាធិបតេយ្យសេរី ពហុបក្សដោយឥតងាករេ និងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងអធិបតេយ្យជាតិ ក្នុងឯករាជ្យភាព ព្រមទាំងភាពម្ចាស់ការលើជោគវាសនានៃប្រទេសជាតិរបស់ខ្លួនយ៉ាងរឹងមាំបំផុត៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង