បូពណ៌ខ្មៅ មិនខុសពីស្អែកលាម៉ែចូលធ្វើទាហាន
ទីបំផុត បូពណ៌ខ្មៅ គឺជាទម្រង់ថ្មីនៃបដិវត្តន៍ពណ៌នាំឆ្ពោះទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ បូពណ៌ខ្មៅបានក្លាយទៅជានិមិត្តសញ្ញាថ្មីមួយ ដែលក្រុមប្រឆាំងប្រើប្រាស់ដើម្បីដុតបញ្ឆេះកំហឹងមហាជនតាមរយៈបណ្តាញសង្គមថ្មី និងការផ្សាយរបស់ទូរទស្សន៍របស់ឧទ្ទាមក្រៅប្រទេសមួយហៅថា ទូរទស្សន៍ព្រះអាទិត្យអស្តង្គតរបស់ក្រុមអ្នកនយោបាយប្រឆាំងក្បាលមិនជាប់មេឃ ជើងមិនជាប់ដី។ ទោះបីរូបភាពខាងក្រៅ គេយក បូពណ៌ខ្មៅ ធ្វើជានិមិត្តសញ្ញាថ្មី ដើម្បីប្រឆាំងទៅលើអង្គព្រះមហាក្សត្រខ្មែរ និងរដ្ឋាភិបាលកម្ពុជា ទាក់ទងការប្រ កាសឱ្យប្រើសន្ធិសញ្ញាបំពេញបន្ថែមរវាងប្រទេសកម្ពុជា -វៀតណាមទាក់ទងនឹងព្រំដែនដីគោកជាមួយនឹងប្រទេសវៀតណាមក៏ដោយ។ តើក្រុមប្រឆំាងទាំងនោះព្យាយាមប្រឆាំងដើម្បីទទួលបានអ្វីឱ្យពិតប្រាកដ? តើគេគួរចង់ បានព្រំដែនមួយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបតិ្តការក្នុងការអភិវឌ្ឍ ឬមួយប្រទេសមួយ ដែលគ្មានព្រំដែនពិតប្រាកដនិងផ្លូវការ?
បូពណ៌ខ្មៅ គឺពិតជាទម្រង់នៃបដិវត្តន៍ពណ៌ថ្មីមួយកំពុងនាំឆ្ពោះទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់យ៉ាង ក្រោមរូបភាពនយោបាយប្រជាភិថុតិ ប្រជានិយមក្លែងក្លាយ និងការបំផុសនយោបាយស្នេហាជាតិនិយមជ្រុល។ ក្រុមអ្នកនយោបាយប្រឆាំងដែលខ្វះការទទួលខុសត្រូវ ត្រូវបានមហាជនទូទៅបានមើលឃើញថា ពួកគេកំពុងដើរលើផ្លូវទាល់ច្រកខាងនយោបាយក្នុងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលម្តងហើយម្តងទៀត ពិសេស ផែនការធ្វើរដ្ឋប្រហារថ្ងៃ ៩ វិច្ឆិកាកន្លងទៅ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់។ ក្រោយពីការបរាជ័យនេះ ពួកគេបានចាប់យកការកសាងព្រំដែនមួយឱ្យមានភាពច្បាស់លាស់ មានស្ថិរភាព ស្ថិតស្ថេរ និងសន្តិភាពជាមួយប្រទេសវៀតណាម ពន្យុសបញ្ហាជាតិនិយម និងបំផ្ទុះកំហឹងជាតិសាសន៍ ដើម្បីបម្រើឱ្យមហិច្ឆិតានយោបាយប្រជាភិថុតិរបស់ខ្លួន។
ពិតណាស់ បញ្ហាព្រំដែនគ្មានអ្វីខុសប្លែកពីនយោបាយក្នុងទសវត្យឆ្នាំ១៩៧០នោះទេ គឺវាជាមូលហេតុពិតប្រាកដមួយ ដែលបាននាំឆ្ពោះទៅរកការទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីអំណាច ដោយពួកសាធារណរដ្ឋខ្មែរ ដោយចោទប្រកាន់ព្រះអង្គថាលក់ដីឱ្យយៀកកុង ឬ វៀតណាមក្នុងពេលនោះ។ ការបំផុសបំផុល និងបញ្ឆេះកំហឹងឱ្យមានបង្ហោះបូពណ៌ខ្មៅដោយក្រុមប្រឆាំងនៅពេលនេះ ត្រូវបានមហាជនមើលឃើញថា ជាទម្រង់បដិវត្តពណ៌មួយ ដែលអ្នកនយោបាយខ្មែរធ្លាប់បានប្រើប្រាស់ក្នុងយុទ្ធសាស្រ្តរំលំរបបសង្គមរាស្រ្តនិយម ដូចបទចម្រៀងមួយបទ ដែលច្រៀងដោយលោក ស៊ីន ស៊ីសាមុត យ៉ាងដូច្នេះថា ពេលល្ងាចរៃយំភ្នំពពាលខែ ស្រណោះដីខ្មែរកេរ្តិ៍ពីដូនតា ស្តេចលក់ឱ្យយៀកកុងក្បត់ជាតិសាសនា កូនសូមប្តេជ្ញាធ្វើសឹកជាញជ័យ។ លាម៉ែចេញច្បាំងតតាំងកាប់ចាក់ កូនពិតពុំស្លាប់ទេអ្នកម្តាយថ្លៃ ខ្មាំងត្រូវហូរឈាមដាបពោះដំរី រលាយផែនដីដោយច្បាំងនឹងខ្មែរ។ នៅមានបទចម្រៀងជាច្រើនទៀត បានបរិយាយប្រមាថយ៉ាងធ្ងន់ធ្ងរដល់សម្តេចព្រះនរោត្តម សីហនុ ផងដែរ។ នេះគ្រាន់ជាឧទាហរណ៍មួយក្នុងឧទាហរណ៍ជាច្រើនទៀតដែលពួកសាធារណរដ្ឋបានបញ្ឆេះភ្លើងសង្រ្គាម។
យើងទាំងអស់គ្នាបានដឹង និងបានចងចាំច្បាស់ថា នៅដើមទសវត្សឆ្នាំ១៩៧០ ចរន្តនយោបាយសាធារណរដ្ឋនិយមដឹកនាំដោយលោក សេនាប្រមុខ លន់ នល់ បានចោទប្រកាន់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋនៅពេលនោះថា លក់ទឹកដីឱ្យយួន ជាលេសមួយដ៏សំខាន់ សម្រាប់ការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គនាពេលនោះ រហូតដល់មានការតែងចម្រៀងខាងលើចាក់ផ្សាយជាសាធារណៈថែមទៀត ស្រដៀងគ្នានឹងការផ្សាយបូរពណ៌ខ្មៅក្នុងពេលនេះ។
ក្នុងកាលៈទេសៈនេះ មហាជនជាតិខ្មែរទាំងមូលពិតជាមានការសោកស្តាយចំពោះការលើកឡើងរបស់ក្រុម ប្រឆាំង ដែលបានព្យាយាមយកបញ្ហាទឹកដីមកធ្វើជាអាជីវកម្មកេងចំណេញនយោបាយ ដោយគ្មានការទទួលខុសត្រូវដើម្បីតែបំរើផលប្រយោជន៍បុគ្គល ក្រុម ឬ គណបក្សរបស់ខ្លួន តាមរយៈនយោបាយប្រជាភិថុតិ ការញុះញង់ ការបំផ្លើស និងបង្កើតឱ្យមានការភាន់ច្រឡំលើបញ្ហាព្រំដែននៅក្នុងចំណោមសាធារណមតិជាតិ និងអន្តរជាតិ ដែលអាចនឹងនាំមកនូវគ្រោះថ្នាក់ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនទៅវិញ។
បទពិសោធន៍របស់កម្ពុជាខ្លួនឯងផ្ទាល់ និងរបស់បណ្តាប្រទេសដទៃទៀតជាច្រើនបានបង្ហាញឱ្យឃើញថា ទង្វើ ដែលគ្មានការទទួលខុសត្រូវបែបបនេះ អាចនាំមកនូវអរិយភាពជាតិសាសន៍ បង្ករការខូចខាតដល់ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងអ្នកជិតខាងល្អរវាងប្រទេសជាប់ព្រំដែនគ្នា ហើយជារឿយៗ អាចនាំទៅដល់ការបង្កើតជម្លោះរវាងប្រទេសនិងប្រទេស អរិយភាពផ្ទៃក្នុង និងបាត់បង់នូវផលប្រយោជន៍សង្គម សេដ្ឋកិច្ចជាច្រើនផ្សេងទៀតរបស់ជាតិ និង ប្រជាជន។
ឥឡូវនេះ បូពណ៌ខ្មៅបាននិងកំពុងក្លាយទៅជាទម្រង់ថ្មីមួយក្នុងការបញ្ឆេះភ្លើងសង្រ្គាម តាមរយៈការប្រើប្រាស់នយោបាយប្រជានិយមក្លែងក្លាយ ជាតិនិយមជ្រុល ដូចដែលពួកសាធារណរដ្ឋបានបញ្ឆេះ ដុតកំហឹងមហាជនក្នុងទសវត្សឆ្នាំ១៩៧០ ដែរ។
ជាការពិតបញ្ហាព្រំដែនគឺជាកិច្ចដ៏សំខាន់ជាអាយុជីវិតរបស់ប្រទេសជាតិ ហើយក៏បញ្ហានយោបាយដ៏រសើបបំផុត ដែលអ្នកនយោបាយមួយចំនួនក្នុងពេលបច្ចុប្បន្នតែងលើកយកមកធ្វើជាប្រធានបទដុតកំហឹង ញុះញង់ បំផុសបំផុលឥតឈប់ឈរ ដើម្បីបំភាន់សាធារមតិជាតិ និង អន្តរជាតិ ហើយអូសទាញបោកបញ្ឆោតទឹកចិត្តស្នេហាជាតិ ពិតប្រាកដរបស់ប្រជាជនខ្មែរ ដើម្បីវាយប្រហារមកលើរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ខាងនយោបាយ។
ការស្នេហាជាតិនិងទឹកដី គឺពុំមែនជាសិទ្ធិផ្តាច់មុខរបស់បុគ្គល ឬបក្សនយោបាយណាមួយតែឯងនោះទេ។ កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ គឺជាសិទ្ធិ និងករណីកិច្ចរបស់ប្រជាជនគ្រប់រូប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ដែលត្រឹមត្រូវ និងច្បាស់លាស់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងអនុវត្តជាអន្តរជាតិស្តីពីការទទួលស្គាល់ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគមបារាំង បានបន្សល់ទុកឲ្យ ហើយដែលរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ បានប្រកាន់ខ្ជាប់នូវគោលការណ៍នេះរហូតមក ដើម្បីបញ្ចប់បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)»។
ជារួមប្រជាជនខ្មែរគ្រប់រូប រួមទាំងអ្នកនយោបាយប្រឆាំងដែលតែងតែបញ្ឆេះកំហឹង ដុតកំដៅ ញុះញង់ និងកេងចំណេញផលប្រយោជន៍ខាងនយោបាយលើបញ្ហាព្រំដែន តាមរយៈការផ្សព្វផ្សាយបូរពណ៌ខ្មៅ ក្នុងនយោបាយជាតិនិយមជ្រុល នយោបាយប្រជាភិថុតិ និងប្រជានិយមក្លែងក្លាយ ដើម្បីគ្រាន់តែយកអំណាចក្រៅច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស និងប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។
ក្នុងកាលៈទេសៈនេះ អ្នកនយោបាយប្រឆាំងគួរល្មមដល់ពេលត្រូវបញ្ចប់នយោបាយប្រជានិយមក្លែងក្លាយ ដែលអាចនាំឱ្យមានការបញ្ឆេះភ្លើងសង្រ្គាម ក្នុងផ្នត់គំនិតទុច្ចរិត «ដុតឲ្យខ្លោច រោចឲ្យឆៅ» ហើយទាញទម្លាក់ប្រជាជនកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមឡើងវិញដូចក្នុងទសវត្សឆ្នាំ១៩៧០ ទៅ។
ដោយជ្រកក្រោមទង់សន្តិភាព និងការអភិវឌ្ឍ ប្រជាជនខ្មែររគ្រប់និន្នាការគួរដល់ពេលដែលត្រូវរួបរួមសាមគ្គីជាមួយនឹងរដ្ឋាភិបាលក្នុងកិច្ចពន្លឿនការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មិនមែនត្រឹមតែប្រទេសវៀតណាមនោះឡើយ គឺរួមទាំងថៃ និងឡាវផងដែរ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយមានសុខសន្តិភាព វិបុលភាព វឌ្ឍនភាព សហប្រតិបត្តិការដែលនឹងនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ប្រជាជនកម្ពុជាតាមខ្សែបន្ទាត់ព្រំដែន ពិសេសធ្វើជាសីមាដ៏រឹងមាំការពារទឹកដីកម្ពុជាបច្ចុប្បន្នឱ្យបានច្បាស់លាស់ ស្ថិតស្ថេររឹងមាំរហូតទៅ៕
ដោយ៖ ឡុង បូរិតា