ខ្មែរប៉ុស្ដិ៍ Close

    មាន ២ ធ្នូ និង ៧ មករា ទើបមានថ្ងៃសិទ្ធិមនុស្ស ១០ធ្នូ ដូចសព្វថ្ងៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 2598
    មាន ២ ធ្នូ និង ៧ មករា ទើបមានថ្ងៃសិទ្ធិមនុស្ស ១០ធ្នូ ដូចសព្វថ្ងៃមាន ២ ធ្នូ និង ៧ មករា ទើបមានថ្ងៃសិទ្ធិមនុស្ស ១០ធ្នូ ដូចសព្វថ្ងៃ

    ប្រជាជនខ្មែរសូមអបអរសាទរទិវា សិទ្ធិមនុស្ស ១០ធ្នូ។ ១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ គឺបានឆ្លុះបញ្ចាំងនូវស្មារតី នៃសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ដែលត្រូវបានប្រកាសឱ្យពិភពលោក អនុវត្តក្នុងឆ្នាំ១៩៤៨ ដែលពិភពលោកបានចាត់ទុកថា ជាយុគសម័យនៃអរិយធម៌ស្ដីអំពីសិទ្ធិមនុស្ស ហើយមានអត្ថ​ន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ពិភពលោកទាំងមូល។ ដូចនេះ ការទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស គឺមានន័យថា ការទទួលស្គាល់នូវសេចក្ដីថ្លៃថ្នូរពីកំណើតរបស់មនុស្ស។ ក៏ប៉ុន្តែ គួរឱ្យសោកស្តាយបំផុត តម្លៃនៃសិទ្ធិមនុស្សត្រូវបានលុបបំបាត់ចោលដោយរបបដឹកនាំរបស់ ពុល ពត​ ហៅថា កម្ពុជាប្រជាធិបតេយ្យ ក្នុងដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឱ្យតម្លៃសិទ្ធិមនុស្សរបស់ខ្មែរ គឺស្មើនឹងសូន្យ។
    ក្នុងសច្ចភាពប្រវត្តិសាស្រ្តសម្រាប់ប្រជាជនខ្មែរទូទៅ ដែលមានជីវិតរស់នៅជាងពាក់កណ្តាលមនុស្សសព្វថ្ងៃ ពិតជាបានស្គាល់នូវរស់ជាតិពិតនៃជីវិតក្នុងរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ហើយប្រជាជនខ្មែរម្នាក់ៗបានបួងសួងសុំឱ្យមានថ្ងៃ ដែលត្រូវគេរំដោះជីវិតពីការកាប់សម្លាប់។ ជាការពិត ២ធ្នូ ឆ្នាំ១៩៧៨ និង ៧ មករា ឆ្នាំ១៩៧៩ គឺ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលសិទិ្ធសេរីភាព និងភាពថ្លៃថ្នូររស់ជាមនុស្សត្រូវបានកងយុទ្ធជន និងយុទ្ធនារី ដោយមានការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាមផង បានវាយរំដោះ ដណ្តើមយកជូនប្រជាជនខ្មែររាល់រូបត្រឡប់មកវិញ។
    ក្នុងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្រាប់ប្រជាជនខ្មែររាល់រូប សិទ្ធិដ៏សំខាន់ទី១ ដើម្បីបានគេចផុតពីការកាប់សម្លាប់ គឺ សិទ្ធិរស់រានមានជីវិត ដែលចាំបាច់លើសពីសិទ្ធិដទៃទៀតរបស់មនុស្សជាតិ និង បណ្តាសិទ្ធិមនុស្សទាំងឡាយ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សសាកល។ ហើយជាការពិតបំផុត គុណតម្លៃនៃ ២ធ្នូ និង ៧មករា គឺ ត្រូវបានប្រជាជនខ្មែររាល់រូបចងចាំមិនភ្លេច នូវជីវិតត្រូវបានរំដោះ ហើយក៏ជាគុណតម្លៃនៃសិទ្ធិមនុស្សសាកលលោក ដែលត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ ពិសេស សេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ១០ធ្នូនេះ។
    ជាគោលការណ៍ មនុស្សទាំងអស់មានសិទ្ធិស្មើៗគ្នាដែលមិនអាចអ្នកណាម្នាក់ ផ្ទេរ ប្ដូរ ឬ ដកបានឡើយ និងក៏ជាគ្រឹះនៃសេរីភាព យុត្ដិធម៌ និងសន្ដិភាពផងដែរ។ មនុស្សមានសេរីភាពអាចបង្កើតជាមួយឆន្ទៈ ឬ សមត្ថភាព ដើម្បីឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ វិស័យសេដ្ឋកិច្ច និងសង្គមរីកចម្រើន គឺ អាស្រ័យនាំឱ្យកើតគ្រឹះសន្ដិភាពពិតប្រាកដក្នុងសង្គម។ សង្គមមានសន្ដិភាពធ្វើឱ្យមនុស្សមានយុត្ដិធម៌។ មនុស្សម្នាក់ៗមានគតិយុត្ដិធម៌នាំឱ្យមានសន្ដិភាពក្នុងពិភពលោក។
    ក្រោមដំបូលរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានអនុវត្តដោយឥតងៀករេ តាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សរយៈពេលជាងពីរទសវត្យមកនេះ បានចាត់ទុកសិទ្ធិមនុស្សសំខាន់៣យ៉ាង គឺ សិទ្ធិរស់រានមានជីវិត សិទ្ធិធ្វើដំណើដោយសេរី និង សិទ្ធិបញ្ចេញមតិ ដែលគ្រឹះនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ ពិសេស សិទ្ធិក្នុងការបញ្ជេញមតិនៅកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម័យទំនើបមានភាពទូលំទូលាយបំផុត ដោយគ្មានការរិតត្បិត។
    តែយ៉ាងណា ការប្រើប្រាស់សិទ្ធិ ត្រូវបានកំណត់ក្នុងច្បាប់ ដើម្បីកុំឲ្យរំលោភលើសិទ្ធិអ្នកដទៃ។ តាម មាត្រា២៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបុគ្គលម្នាក់ៗមានករណីកិច្ចចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ ដែលអាចបង្កើតនូវការរីកចម្រើនពេញបរិបូរណ៍ និងដោយសេរីនូវបុគ្គលិកលក្ខណៈរបស់ខ្លួន។ ដើម្បីអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតក្នុងការកំណត់ទាំងឡាយណា ដែលច្បាប់បានកំណត់ទាំងក្នុងច្បាប់ជាតិ និងទាំងក្នុងច្បាប់អន្តរជាតិ ក្នុងគោលបំណងឲ្យមានការទទួលស្គាល់ និងគោរពដល់សិទ្ធិ និងសេរីភាពទាំងឡាយរបស់អ្នកដទៃ និងដើម្បីឆ្លើយតបនឹងតម្រូវការយ៉ាងត្រឹមត្រូវអំពីសីលធម៌ របៀបរៀបរយសាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យមួយ។ ទោះជាក្នុងករណីណាក៏ដោយ សិទ្ធិ និងសេរីភាពទាំងនោះ មិនអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោលការណ៍ច្បាប់ជាតិ និង ច្បាប់អន្តរជាតិឡើយ ។
    តាមមាត្រា៣១ នៃរដ្ឋធម្មនុញ្ញដែលបានបញ្ជូលដោយផ្ទាល់ នូវលិខិតូបករណ៍សិទ្ធិមនុស្សបាន ចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាព ឯទៀតឡើយ ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាព អ្នកដទៃឡើយ ពោល គឺ ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
    ក្នុងបរិបទការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាននិងកំពុងអនុវត្តនូវសិទ្ធិទទួលបានសេវាទូទៅ ពិសេស សេវាសាធារណៈ ទាំងក្នុងវិស័យការថែទាំសុខភាព និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ ដូច្នេះហើយ រដ្ឋាបាលថ្នាក់ក្រោមជាតិ ដែលមានឃុំសង្កាត់នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ១២២,០០០ដុល្លារក្នុងឆ្នាំ២០២០ខាងមុខនេះ ដើម្បីបង្កលក្ខណៈឲ្យក្រុមប្រឹក្សាឃុំសង្កាត់កាន់តែមានលទ្ធភាពអាចចូលរួមដោះស្រាយនូវតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។ ហើយថវិកានេះ នឹងត្រូវបានបង្កើនឡើងថែមទៀតរហូតដល់ប្រមាណ១៣២.០០០ដុល្លារ នៅ​ឆ្នាំ២០២៣ផងដែរ។
    ជារួម គុណតម្លៃនៃសិទ្ធិមនុស្ស ១០ធ្នូ គឺពិតជាស្មារតីដែលមនុស្សក្នុងសាកលលោកត្រូវអបអរសាទរ ប្តេជ្ញាគោរព និងអនុវត្តស្មើគ្នាៗស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីជាផលប្រយោជន៍ទូទៅរបស់មនុស្សជាតិ។ សម្រាប់ប្រជាជាតិខ្មែរ យ៉ាងណាក៏ដោយទិវាសិទ្ធិមនុស្ស ១០ធ្នូ ក៏មិនអាចត្រូវបានកាត់ផ្តាច់ចេញពីគុណតម្លៃនៃការរួបរួមខ្មែរទាំងក្នុងប្រទេស និង ក្រៅប្រទេស ២ធ្នូ ឆ្នាំ១៩៧៨ និង ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលប្រជាជនខ្មែររាល់រូបត្រូវបានរំដោះពីការកាប់សម្លាប់ និងទទួលបានត្រឡប់មកវិញនូវសិទ្ធិសេរីភាពរស់ជាមនុស្ស។ ជាការពិត ការអនុវត្តសិទ្ធិសេរីភាពមិនគួរត្រូវបានអ្នកនយោបាយឆ្លៀតយកកេងចំណេញខាងនយោបាយឡើយ។ ដើម្បីប្រែក្លាយសង្គមមួយមានសុខសន្តិភាព និងស្ថិរភាពចាំបាច់ ការអនុវត្តសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗត្រូវឈរលើនីតិរដ្ឋមួយដ៏រឹងមាំ ប្រសិនបើ គ្មាននីតិរដ្ឋមួយរឹងមាំ សិទ្ធិសេរីភាពរបស់មនុស្សក៏នឹងក្លាយទៅជាភាពអាណាធិបតេយ្យដែលមិនអាចគ្រប់គ្រងបាន៕

    ដោយ ឡុង បូរិតា

    អត្ថបទទាក់ទង