បទវិចារណកថា៖ ស្មារតី២ធ្នូ នៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា !

ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបទី៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ រណសិរ្សនេះបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជាពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ដោយសារគុណូបការៈនេះហើយបានធ្វើឱ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប ដែលជំរុញឱ្យយើងទាំងអស់គ្នាតែងតែប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ និងបានចាត់ទុក ថ្ងៃ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។
យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យរួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្ស២ធ្នូនៅបានជួយប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជាថែមទៀត។ ប្រជាជនកម្ពុជា ជាពិសេសយុវជនយើងជំនាន់ក្រោយសុទ្ធតែយល់យ៉ាងច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ហើយនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណាមកបំភ្លៃបានឡើយ។
ឆ្លងកាត់ដំណាក់កាលដ៏លំបាកជាជំហ៊ានៗ ឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានខិតខំជំនះនូវរាល់ឧបសគ្គទាំងឡាយ ដើម្បីប្រែក្លាយមុខមាត់ប្រទេសកម្ពុជាពីប្រទេសដែលមានតែគំនរផេះផង់មកជាប្រទេសដែលពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ និងបានជ្រោងទង់មោទនៈភា´ពជាតិឱ្យខ្ពស់ស្មើមុខ ស្មើមាត់ប្រទេសនានានៅលើពិភពលោកទៀតផង។
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រមុខដឹកនាំប្រទេសបានដាក់ចេញនូវនយោបាយឈ្នះឈ្នះទទួលបានជោគជ័យ ក្នុងការបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពទូទាំងផ្ទៃប្រទេស មានស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះ បានផ្តល់ឱកាសឱ្យជនរួមជាតិ និងរាជរដ្ឋាភិបាលអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ។ ទន្ទឹមនេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសឱ្យបានរីកចំរើនថែមទៀត។
ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះឥស្សរជន បុព្វការីជន និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា យើងទាំងអស់គ្នាជាពិសេសយុវជនជំនាន់ក្រោយត្រូវលើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុងប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន បំរើប្រជាជនឱ្យអស់ពីកំលាំងកាយចិត្ត ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ត្រូវរួមសាមគ្គីគ្នាដើម្បីពន្យល់អប់រំដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹង និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និងថៃ្ងជ័យជំនៈ៧មករា និងគុណបំណាច់របស់ឥស្សរៈជនយើងដែលបានខិតខំធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដល់កូនចៅជំនាន់ក្រោយ ហើយយើងទាំងអស់គ្នាបានចាត់ទុកថារណសិរ្ស២ធ្នូ និងថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។ ជយោ ! ស្មារតីថ្ងៃ២ធ្នូ ជាអមតៈ ៕
ដោយ ៖ ពង្ស សុក្រឹត្យ