អបអរសាទរ! វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពិភពលោកជាលើកទី៤
វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពិភពលោកជាលើកទី៤ ក្រោយផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
នេះគឺជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតសម្រាប់វីរកីឡាការិនី កែ ឡេង ដែលអាចដណ្ដើមបានមេដាយមាសពិភពលោក ៤ ជំនាន់ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចអ្នកស្រីឡើយ។ អ្វីដែលពិសេស ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ ក៏ទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមទស្សនា និងលើកទឹកចិត្តផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ចំពោះការឈ្នះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន៕