ខ្មែរប៉ុស្ដិ៍ Close

នៅឆ្នាំ២០២០ ចំណូលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗនឹងកើនឡើងដល់ ១ ៨១៦ ដុល្លារអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1715

ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៃផ.ស.ស (GDP) ក្នុងឆ្នាំ២០២០ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២៩,៣៦២លានដុល្លារអាមេរិក ខណៈចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ៗនឹងកើនឡើងដល់ ១៨១៦ដុល្លារអាមេរិក ធៀបនឹងក្នុងឆ្នាំ២០១៩ មានចំនួន ១ ៦៧៩ដុល្លារអាមេរិក។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងអត្រា៦.៥ភាគរយ ដែលកំណើននេះ មានការថមថយ បើធៀបទៅនឹងកំណើនឆ្នាំ២០១៩ ដែលត្រូវបានប៉ាន់ស្មានថា អាចសម្រេចបាន៧.១ភាគរយ ដែលធ្វើឲ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នឆ្នាំ២០២០ ស្ថិតនៅក្នុងរង្វង់ ១១៩,០៣៤,២២៩លានរៀល សមមូលនឹងប្រមាណ២៩,៣៦២លានដុល្លារអាមេរិក ហើយ ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១,៨១៦ ដុល្លារអាមេរិក ធៀបនឹង១,៦៧៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩»។

កំណើននេះ ត្រូវបានទ្រទ្រង់ដោ វិស័យចំនួន ៣ រួមមាន៖

ទី១) កំណើននៃវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងមានការថមថយមកក្នុងរង្វង់អត្រា ៨.៩ភាគរយ ក្នុងឆ្នាំ២០២០ ធៀបនឹង១០.៧ភាគរយ ក្នុងឆ្នាំ២០១៩ ដោយសារការរំពឹងទុកនូវកំណើនយឺត នៃអនុវិស័យកាត់ដេរ និងកំណើនយឺតបន្តិចនៃអនុវិស័យសំណង់ ទោះបីជាអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំងសម្រាប់បម្រើឲ្យការនាំចេញ និងទីផ្សារក្នុងស្រុកអាចសម្រេចបានកំណើនល្អប្រសើរជាងឆ្នាំ ២០១៩ បន្តិចក្តី។

អនុវិស័យកាត់ដេរត្រូវបានព្យាករថា នឹងមានកំណើនទាប ដោយសារការថមថយកំណើន នៃសេដ្ឋកិច្ចពិភពលោក និងការរំពឹងទុកនូវផលប៉ះពាល់ ដែលអាចបណ្តាលមកពីភាពមិនច្បាស់លាស់ នៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន។ ជាមួយគ្នានេះដែរ បើយោងតាមនិន្នាការក្នុងពេលថ្មីៗនេះ អនុវិស័យសំណង់អាចប្រឈមនឹងការកែតម្រូវផ្នែកទីផ្សារ ដែលនឹងអាចធ្វើឲ្យកំណើននៃវិស័យនេះ មានការថមថយខ្លះ។

យ៉ាងណាមិញ អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដូចជាម្ហូបអាហារនិងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្គុំអេឡិកត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម និងស៊ីម៉ង់ត៍ជាដើម ទាំងសម្រាប់បម្រើឲ្យការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុកនឹងមានសន្ទុះកំណើនខ្ពស់ទាំងក្នុងទិដ្ឋភាព នៃពង្រីកការវិនិយោគដែលមានស្រាប់ និងទាំងក្នុងទិដ្ឋភាពនៃការវិនិយោគថ្មី។

ទី២) វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនយឺតក្នុងរង្វង់៦.៤ភាគរយ ធៀបនឹង៦.៧ភាគរយក្នុងឆ្នាំ២០១៩ ដោយសារការរំពឹងទុកនូវកំណើនយឺត នៃអនុវិស័យអចលនទ្រព្យ ខណៈអនុវិស័យលក់ដុំ-រាយ និងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន នៅមានកំណើនល្អប្រសើរ។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានអាចសម្រេចបានកំណើនប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសមកពីតំបន់អាស៊ី ដោយសារការលើកទឹកចិត្តឲ្យមានការបើកជើងហោះហើរត្រង់កាន់តែច្រើន និងការដាក់ចេញនូវគោលនយោបាយនានា ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម។

អនុវិស័យលក់ដុំ-រាយនៅរក្សាកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ដោយឡែក អនុវិស័យអចលនទ្រព្យត្រូវបានព្យាករថា នឹងមានកំណើនយឺតដោយសារការរំពឹងទុក នៃការថមថយលើតម្រូវការសំណង់អគារដែលមានថ្លៃខ្ពស់។

ទី៣) វិស័យកសិកម្មអាចសម្រេច បានកំណើនប្រហាក់ប្រហែលទៅនឹងឆ្នាំ ២០១៩ ក្នុងរង្វង់១.៧ភាគរយ។ប៉ុន្តែផ្អែកតាមការវិវត្តក្នុងរយៈពេលថ្មីៗកន្លងមកនេះ កំណើននេះ អាចថមថយខ្លះ ដោយសារការបន្តកំណើនយឺត នៃអនុវិស័យរដំណាំ បើទោះបីអនុវិស័យនេសាទ និងចិញ្ចឹមសត្វមានកំណើនខ្ពស់ជាងឆ្នាំមុនបន្តិចក្តី។ អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងអាចបន្តកំណើនទាបប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយសារកំណើនផលិតភាពទាបភាពមិនអំណោយផលនៃកត្តាអាកាសធាតុ និងភាពមានកម្រិតនៃការវិនិយោគលើវិស័យកែច្នៃកសិផល ថ្លៃដើមផលិតកម្មខ្ពស់ធៀបនឹងប្រទេសជិតខាង ភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសមត្ថភាពស្ថាប័ន។

ដោយឡែក អនុវិស័យនេសាទត្រូវបានរំពឹងថា នឹងមានកំណើនលើសពីឆ្នាំ ២០១៩បន្តិច ដែលត្រូវបានជំរុញដោយការបន្តកំណើននៃអនុវិស័យវារីវប្បកម្ម ស្របតាមនិន្នាការកើនឡើងនៃការវិនិយោគពីសំណាក់វិស័យឯកជន និងការចូលរួមពីដៃគូអភិវឌ្ឍន៍។ អនុវិស័យចិញ្ចឹមសត្វត្រូវបានព្យាករថា នឹងមានកំណើនលើសពីឆ្នាំមុនបន្តិច ដោយសារតែការពង្រីកផលិតកម្មជ្រូក និងមាន់តាមបែបពាណិជ្ជកម្ម ក្នុងទម្រង់ជាកិច្ចសន្យា រវាងកសិករខ្នាតមធ្យម និងក្រុមហ៊ុនឯកជន៕

អត្ថបទទាក់ទង