ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ចូលជួបដើម្បីពិភាក្សាការងារ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។ ក្នុងការឱកាសនោះ លោក បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក លី យ៉ុង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ ហើយលោក បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដែលដំណើរការនេះ បានវិវត្តន៍ទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេសសម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះ មានដៃគូជាច្រើន រួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ។ ថ្វីត្បិតអង្គការនេះមានដៃគូច្រើន តែអ្វីដែលសំខាន់ លោក បានស្នើឲ្យអង្គការនេះ ជួយទៅលើគោលនយោបាយពីរ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ដែលទី១៖ ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករដើម្បីនាំចេញ និងទី២៖ អនុវត្តន៍គោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាខេត្តសំខាន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រដោយសារតែខេត្តនេះ កំពុងឆ្លងកាត់ការអភិវឌ្ឍ ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀតដោយសារកន្លងមកនេះ ខេត្តព្រះសីហនុ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការអភិវឌ្ឍដ៏ឆាប់រហ័សផង ធ្វើឲ្យតម្រូវការចាំបាច់ គឺការគ្រប់គ្រងនៃទឹកកខ្វក់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុនេះ។ លោកក៏បានបញ្ជាក់ថា នៅពេលខាងមុខទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់លើតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ ហើយអ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ។

លោកអគ្គនាយកនៃអង្គការ UNIDO បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា លោកពិតជារីករាយណាស់ដែលកម្ពុជាកំពុងមានការអភិវឌ្ឍ និងមានផែនការនៃគម្រោងទាំងឡាយ ដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជា កំពុងតែមានកំណើនជាច្រើន ហើយតម្រូវការក៏កើនឡើងលើវិស័យអគ្គិសនី ការគ្រប់គ្រងទឹកកខ្វក់ ជាពិសេសការជំរុញនយោបាយឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ លោក ក៏បានបញ្ជាក់ថា លោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជា នៅឆ្នាំក្រោយ និងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ហើយលោកសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិន ពិសេសពីខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍកម្ពុជា។

លោកអគ្គនាយកនៃអង្គការ UNIDO បានសន្យានឹងជួយជំរុញឲ្យធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីគាំទ្រគម្រោង នៅប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា អង្គការ UNIDO អាចដើរតួនាទីក្នុងការសម្របសម្រួលជួយដល់កម្ពុជា ព្រោះតែកម្ពុជាត្រូវការកសាងនូវព្រលានយន្តហោះ ផ្លូវល្បឿនលឿន ផ្លូវដែក ដែលទាំងនេះមានសារសំខាន់ក្នុងអភិវឌ្ឍន៍កម្ពុជា។ លោកពិតជារីករាយ ចំពោះការអភិវឌ្ឍថ្មី របស់កម្ពុជាដែលទាមទារឲ្យមានយុទ្ធសាស្ត្រពេញលេញនេះ។ លោក បានបញ្ជាក់ថា អង្គការ UNIDO គឺមានថាមពល ក្នុងការបន្តជួយដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង