ខ្មែរប៉ុស្ដិ៍ Close

ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ

នៅក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មក្រោមលេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ រួមរួមសាមគ្គី ឯកភាពជាតិ ការពារសមិទ្ធិផលសង្គម និងប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុតក្នុងការរក្សាសន្តិភាព និងស្ថិរភាពឱ្យខានតែបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់បញ្ជាក់ថា ការវិវត្តន៍ដ៏ស្មុគស្មាញមិនអាចប៉ាន់ប្រមាណជាមុននៃសភាពការណ៍ជុំវិញពិភពលោកនាពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធា បាននិងកំពុងនាំមកនូវការគំរាមកំហែងចំពោះ សន្តិភាពដែលនៅតែមានភាពស្រួចស្រាវទាំងក្នុងកម្រិតតំបន់និងសកល។ ទន្ទឹមនេះ សន្តិភាពរបស់កម្ពុជា ក៏ស្ថិតនៅក្នុងលក្ខណៈផុយស្រួយដោយសារតែមានការគំរាមកំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីមជ្ឈដ្ឋានខាងក្រៅជាពិសេសពីបណ្តា ប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន។

គួរបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិ ដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៤ នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្រ្គាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល ត្រូវបានប្រារព្ធទូទាំងពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ដោយសន្តិភាពមានតម្លៃពិតជាពុំអាចកាត់ថ្លៃបាន និងមានសារៈសំខាន់ជាចម្បងសម្រាប់មនុស្សជាតិដ៏ដូចជាប្រទេសជាតិ កម្ពុជាមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយពិភពលោកប្រារព្ធនូវ ទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ខិតខំពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតី និងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជាយើងដែលនេះជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ និងជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ប្រទេសដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍និងការរីកចម្រើន៕

អត្ថបទទាក់ទង