ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានការកើនឡើងថែមទៀត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 333
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានការកើនឡើងថែមទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានការកើនឡើងថែមទៀត

    នៅវិមានសន្តិភាព នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អណត្តិ។ លោកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ បានអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា។ លោកអគ្គរដ្ឋទូត បានបានលើកឡើងនូវចំណុចមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក បានលើកឡើងនូវចំណុចពីរសំខាន់ ទីមួយគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងទីពីរ គឺការងារក្នុងក្របខ័ណ្ឌអនុតំបន់ និងការងារតំបន់ ។

    លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជានៅក្នុងពេលលោកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា គឺបានជំរុញការងារទ្វេភាគីពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ លោក បានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកា នាពេលខាងមុខ អាស៊ាន និងកូរ៉េ នឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នានៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះហើយកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាន និងកូរ៉េផងដែរ។ ពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះគឺយើងមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គកូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើឲ្យយន្តការនេះកើនឡើងមួយកំរិតទៀតអោយយដល់ថ្នាក់កំពូល ហើយសាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់លោកផងដែរហើយលោក បានបញ្ជាក់ដែរថា ទោះបីជាចប់អាណត្តិក៏ដោយ ប៉ុន្តែការងារគឺនៅតែបន្តទៅមុខទៀត។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ដែរថាការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគីមានការរីកចម្រើនមែនក៏ប៉ុន្តែលោកចង់ឃើញនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។ លោកបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រីក នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែកើនឡើងថែមទៀត ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីកូរ៉េបន្តការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកនូវចំណុចមួយចំនួនដែលភាគីកម្ពុជា និងកូរ៉េត្រូវតែខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការថែមទៀត ដូចជាកម្រិតទ្វេភាគីនៃប្រទេសទាំងពីរ ដោយធ្វើយ៉ាងណាឱ្យមានការបន្តពង្រីកនិងពង្រឹងទ្វេភាគីឱ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ លោកចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។ លោកបានលើកអំពី កិច្ចសហប្រតិបត្តិការផ្នែកអនុតំបន់មេគង្គកូរ៉េ ដែលលោកបានរីករាយដែលកូរ៉េសម្រេចទទួលយកអនុសាសន៍របស់លោកក្នុងការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនិងយន្តការនេះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ថា កម្ពុជាបានទាញផលប្រយោជន៍ជាច្រើនទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់មានគម្រោងជាច្រើនក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍនៅក្នុងចំណោមប្រទេសមេគង្គរួមទាំងកម្ពុជាផងដែរ។ អំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់រវាងអាស៊ានកូរ៉េវិញ ជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជាជាប្រទេសសម្របសម្រួល ដោយលោកចង់ឃើញការរឹតចំណងមិត្តភាពបន្ថែមទៀតនៃការវិនិយោគពាណិជ្ជកម្មដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ានកូរ៉េថែមទៀត។

    គួរកត់សម្គាល់ដែរថា បច្ចុប្បន្ននេះ នៅក្នុងកម្រិតទ្វេភាគីយើងឃើញថាពលកររបស់កម្ពុជាយើងដែលទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើង ដែលបានជួយដល់ប្រជាពលរដ្ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើនគ្រួសាររបស់គាត់នៅកម្ពុជានិងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ពិសេសថែមទៀតនោះពលកររបស់កម្ពុជាបានរៀនសូត្រនិងទទួលបទពិសោធន៍ពីប្រទេសកូរ៉េដែលបានបង្កើនសមត្ថភាពពលករខ្មែរ។ លោកចង់ឃើញនៅពេលខាងមុខនេះគឺការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង កំណើននៃការវិនិយោគរបស់កូរ៉េ និងទេសចរណ៍កូរ៉េផងដែរ។ លោកក៏បានមានប្រសាសន៍បញ្ជាក់ថា លោកគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕

    អត្ថបទទាក់ទង