យុវតីនៅក្នុងមជ្ឈមណ្ឌល «អាហ្វេស៊ីបទុំឌី» ជានារីរងគ្រោះមិនមែនជានារីស្ម័គ្រចិត្តប្រកបរបររកស៊ីផ្លូវភេទនោះទេ
![យុវតីនៅក្នុងមជ្ឈមណ្ឌល «អាហ្វេស៊ីបទុំឌី» ជានារីរងគ្រោះមិនមែនជានារីស្ម័គ្រចិត្តប្រកបរបររកស៊ីផ្លូវភេទនោះទេ](https://khmerpostasia.com/app/uploads/2019/03/132.jpg)
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថា កុមារី និងយុវតីនៅក្នុងមជ្ឈមណ្ឌលនេះ ជានារីរងគ្រោះមិនមែនជានារីស្ម័គ្រចិត្តក្នុងការប្រកបរបររកស៊ីផ្លូវភេទនោះទេ ដែលទៅថ្ងៃមុខនឹងក្លាយជាភរិយា ជាម្តាយដ៏ល្អ ដូច្នេះមិនត្រូវរើសអើងចំពោះពួកគេនោះឡើយ។
ការមានប្រសាសន៍បែបនេះ របស់លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះទៅជួបសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី «អាហ្វេស៊ីប ទុំឌី» រាជធានីភ្នំពេញ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមាន ប្រសាសន៍យ៉ាងដូច្នេះ «អញ្ចឹងទេតា ស្តាប់ឮចៅៗរំលឹកទៅលើរឿង ដែលចៅៗបានជួបប្រទះ ដែលធ្វើឱ្យលំបាកក្នុងការទប់ទឹកភ្នែក ជាមួយនឹងរឿងរ៉ាវដែលយើងគិតមិនដល់ […] ក៏ប៉ុន្តែចៅមិនត្រូវភ្លេចថា ចៅមិនមែនជាអ្នកប្រព្រឹត្តកំហុសទេ ចៅគឺជាជនរងគ្រោះ ហើយក៏សុំផ្តាំផ្ញើទៅសម្រាប់អ្នកដទៃទៀតថា នៅទីនេះមិនមែនជាស្ត្រីលក់ខ្លួន ដែលចាប់ផ្តើមពីការស្ម័គ្រចិត្ត ហើយលក់ខ្លួនរកស៊ីផ្លូវភេទទេ ក៏ប៉ុន្តែសុទ្ធតែក្មេងរងគ្រោះគ្នាមិនដឹងអី ក៏ប៉ុន្តែឥឡូវពួកគេបានប្រឹងប្រែងងើបឈរឡើង ដើម្បីនឹងក្លាយទៅជាពលរដ្ឋល្អ នៅពេលអនាគត ហើយគេនឹងក្លាយទៅជាភរិយាល្អ ក្លាយទៅជាម្តាយដ៏ល្អ និងក្លាយទៅជាជីដូន ជីតាដ៏ល្អនៅពេលអនាគត ដែលមិនត្រូវមានការរើសអើងនោះទេ»។
នៅក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសុខទុក្ខរបស់ប្រជាជននៅទូទាំងប្រទេស បានមានប្រសាសន៍បន្តថា នៅចំណុចនេះ លោកយល់ថាមានអ្នកខ្លះយកប្រពន្ធមេម៉ាយ ព្រមទាំងអ្នកគាត់មិនរើសអើងនោះទេ ដោយពួកគាត់យកស្ត្រីរកស៊ីផ្លូវភេទធ្វើជាភរិយា និងបានចាត់ទុកពួកគាត់ថាជាភរិយាដ៏ល្អសម្រាប់ក្រុមគ្រួសាររបស់ពួកគេផងដែរ។ ក៏ប៉ុន្តែសម្រាប់ចៅៗដែលជាជនរងគ្រោះវិញ លោក គិតថាសង្គមមិនស្អប់ខ្ពើមនោះទេ ប៉ុន្តែផ្ទុយទៅវិញសង្គមនឹងផ្តល់នូវការអនុគ្រោះយោគយល់កាន់តែច្រើន សម្រាប់ជីវិតចៅៗ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ឥឡូវនេះ ដើម្បីកាត់ការលំបាកដល់កុមារី និងយុវតី រស់នៅងាយស្រួលនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចផ្តល់អគារមួយខ្នង៣ជាន់ចំនួន ២១បន្ទប់ សម្រាប់ការស្នាក់នៅ កន្លែងសិក្សា កន្លែងសមាធិ និងកន្លែងពិនិត្យ ព្យាបាលជំងឺជាដើម និង បានសម្រេចជួលវីឡាមួយកន្លែងសម្រាប់ឱ្យកុមារី យុវតី និងបុគ្គលិកក្នុងមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ក្នុងពេលដំណើរការ សាងសង់អគារថ្មី។ សម្រាប់អគារស្នាក់នៅរបស់កុមារី និងយុវតីរងគ្រោះដែលនៅក្នុងនេះ ត្រូវរៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានកង្ហា និងសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដើម្បីធ្វើយ៉ាងរៀបចំឱ្យស្អាតទៅតាមស្តងដារ ដែលយើងបានធ្វើ នៅក្នុងរយៈពេលកន្លងទៅ។
ទន្ទឹមនឹងនេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានសម្រេចឱ្យមានការរៀបចំបណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនដល់កុមារី យុវតី និងបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលផងដែរ និងបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលចំនួន ៨៩នាក់ ក្នុងម្នាក់១០ម៉ឺនរៀល ក្នុងមួយខែ ស្មើនឹងប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំផងដែរ៕