ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសចង់កែរដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិត ចំពោះជនរំលោភបំពានរាងកាយកុមារ

ដោយ៖សន ប្រាថ្នា | ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 167
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសចង់កែរដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិត ចំពោះជនរំលោភបំពានរាងកាយកុមារ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសចង់កែរដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិត ចំពោះជនរំលោភបំពានរាងកាយកុមារ

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសថា លោកចង់កែរដ្ឋធម្មនុញ្ញកម្ពុជា ឲ្យមានទោសប្រហារជីវិត ចំពោះជនដែលមានសណ្តានជាសត្វតិរច្ឆាន ទៅប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ ប៉ុន្ដែត្រូវធ្វើឡើងតាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ការប្រកាសបែបនេះ របស់ថ្នាកដឹកនាំប្រមុខនៃរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីលោកបានស្តាប់ពីភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ ក្រោយពួកគេត្រូវបានជីតា ឪពុក ឪពុកមា និងបងរំលោភជាដើម ក្នុងឱកាសនោះលោក និងលោកស្រី បានអញ្ជើញសំណេះសំណាល ជាមួយគ្រូ និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ដោយអារម្មណ៍ក្ដុកក្ដួលយ៉ាងដូច្នេះថា «តាបាននិយាយជាមួយយាយ ថាចង់មានគំនិតផ្ដួចផ្ដើម ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង ជីតារំលោភចៅខ្លួនឯង គួរកម្រិតទោសប្រហារជីវិត តែនេះគ្រាន់តែជាការគិតរបស់តាទេ»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឲ្យដឹងថា ការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យមានទោសប្រហារជីវិតឡើងវិញនេះ មិនមែនធ្វើតាមសំណើរបស់ នាយករដ្ឋមន្ដ្រី ឬសមាជិករដ្ឋសភានោះឡើយ ពោលត្រូវតែដើរធ្វើប្រជាមតិថា «តើគួរមានទោសប្រហារជីវិតឡើងវិញឬអត់?»។ លោកបានបន្ថែមថា ទោសប្រហារជីវិតនេះ កំណត់ត្រឹមជីតារំលោភចៅខ្លួនឯង ឪពុករំលោភកូន ឪពុកមារំលោភក្មួយ។

លើសពីនេះ លោកនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ ដោយមិនចង់ឃើញការមើលស្រាលចំពោះកុមារី និងយុវតីរងគ្រោះ ដោយទង្វើរំលោភបំពានលើរូបរាងកាយនោះឡើយ ហើយលោក និងភរិយា ពិតជាបានយល់នូវការឈឺចាប់របស់កុមារី និងយុវតីដែលរងគ្រោះដោយអំពើដ៏ព្រៃផ្សៃមួយនេះ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កុមារី និងយុវតីនៅក្នុងមជ្ឈមណ្ឌលនេះ ជានារីរងគ្រោះដោយអំពើរំលោភបំពាន មិនមែនជានារីស្ម័គ្រចិត្ត ក្នុងការប្រកបរបររកស៊ីផ្លូវភេទនោះទេ ដែលថ្ងៃមុខនឹងក្លាយជាភរិយា ជាម្តាយគេដ៏ល្អ ដូច្នេះមិនត្រូវរើសអើងចំពោះពួកគេនោះឡើយ ហើយសម្ដេច បានផ្តាំផ្ញើដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលទាំងអស់ មិនត្រូវបណ្តោយខ្លួនរហូតឈានទៅប្រព្រឹត្តទង្វើខុស ពីសីលធម៌សង្គមនោះឡើយ ៕

អត្ថបទទាក់ទង