ខ្មែរប៉ុស្ដិ៍ Close

លទ្ធផលប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អខណៈ ការអនុវត្តចំណាយកាន់តែមានភាពប្រសើរជាងមុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 769
លទ្ធផលប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អខណៈ ការអនុវត្តចំណាយកាន់តែមានភាពប្រសើរជាងមុនលទ្ធផលប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អខណៈ ការអនុវត្តចំណាយកាន់តែមានភាពប្រសើរជាងមុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យឃើញថា លទ្ធផល ប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អ ខណៈការអនុវត្ត ចំណាយកាន់តែមានភាពប្រសើរជាងមុន។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។

សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៨ ក្រោមអធិបតីភាពអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា «សម្រាប់ឆ្នាំ ២០១៨ លទ្ធផលប្រមូលចំណូលជាក់ស្តែងបានអនុវត្តក្នុងកម្រិតល្អ។ ចំណែក ការអនុវត្តចំណាយ ក៏កាន់តែមានភាពប្រសើរជាងមុន។

ជាមួយគ្នានេះ ការអនុវត្តសកម្មភាព សម្រេចបានសមិទ្ធកម្ម សំខាន់ៗជាច្រើននៅគ្រប់កម្មវិធី ខិតជិតគោលដៅកំណត់ក្នុងផែនការ ។ ប៉ុន្តែ ទោះយ៉ាងណា ការទូទាត់ចំណាយតាមខែនៅពុំទាន់មានសង្គតិភាព នៅឡើយ ដោយអាណត្តិភាគច្រើនបង្គរនៅចុងឆ្នាំ ស្របពេលដែលគុណភាពនៃការគ្រោងថវិកា នៅមានកម្រិត ដែលស្តែងចេញតាមរយៈការស្នើសុំធ្វើចលនាឥណទានច្រើនដង»។

ការត្រួតពិនិត្យការអនុវត្ត ថវិកាកម្មវិធីប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ៣គឺ៖
១- តាមដាន និងរាយការណ៍ អំពីវឌ្ឍនភាពដែលអង្គភាពក្រោមឱវាទក្រសួង បានសម្រេចប្រចាំឆ្នាំ ដោយផ្ដោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម។
២- កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆ្នាំបន្តបន្ទាប់ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅ។
៣- បំពេញតាមលក្ខខណ្ឌតម្រូវ នៃបទប្បញ្ញត្តិគតិយុត្តជាធរមាន ពាក់ព័ន្ធថវិកាកម្មវិធី។

ជាលទ្ធផល ការត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៨៖
* ចំពោះទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណូល សម្រាប់គម្រោងកញ្ចប់ថវិកាឆ្នាំ ២០១៨ គឺ ឥណទានចំណូលកើនឡើងចំនួន ១២.២% ធៀបច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧។ ការប្រមូលចំណូលរបស់ក្រសួង ជារួម (មិនគិតចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបាន១១០.៤% ធៀបច្បាប់ ក្នុងនោះថ្នាក់កណ្ដាលសម្រេចបាន ១១០,៤% ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋានសម្រេចបាន ៩៩.៤% ធៀបច្បាប់។

* ទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណាយវិញ គឺការអនុវត្តចំណាយមានចំនួន ១០៤.៣% (តួលេខអាណត្តិទូទាត់) នៃច្បាប់ដើមឆ្នាំ ឬ ស្មើនឹង ៩៥.៨% នៃឥណទានថ្មី ហើយសម្រាប់ការអនុវត្តចំណាយនៅតាមអង្គភាពថវិកា ឃើញថាការអនុវត្តប្រចាំឆ្នាំ ២០១៨ មានការវិវត្តល្អមួយកម្រិត បើធៀបនឹង ការអនុវត្តថវិកានាបណ្តាឆ្នាំកន្លងមក ទាំងសម្រាប់រដ្ឋបាល កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។

* ទិដ្ឋភាពសមិទ្ធកម្មប្រចាំឆ្នាំ ២០១៨ ធៀបទៅនឹងសូចនាករដែល បានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ជារួម សម្រេចបានប្រមាណ ៩៤% ក្នុងនោះ គោលបំណងគោលនយោបាយទី ១ (ពង្រឹងនិងបង្កើន ប្រសិទ្ធភាព នៃការគ្រប់គ្រងសេដ្ឋកិច្ចនិងអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ) សម្រេចបាន ៩៤% និងគោលបំណងគោលនយោបាយទី ២ (ពង្រឹង និងបង្កើនស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ) សម្រេចបាន ៩៥% ហើយសមិទ្ធកម្ម តាមអនុកម្មវិធី/អង្គភាពថវិកាភាគច្រើនសម្រេចលទ្ធផលល្អលើសពី ៨៩%។

ផ្អែកលើលទ្ធផលជាវិជ្ជមាន នៃការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា ប្រចាំឆ្នាំ ២០១៨ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន និងកំពុងអនុវត្ត ក្នុងការកសាង និងស្ថាបនាជាគំរូក្នុងការអនុវត្តថវិកាកម្មវិធី ដើម្បីជំរុញ ការអនុវត្តថវិកាកម្មវិធីឲ្យកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង