ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រិះគន់របៀបធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង របស់អតីតមេបក្សប្រឆាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 93
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រិះគន់របៀបធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង របស់អតីតមេបក្សប្រឆាំង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រិះគន់របៀបធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង របស់អតីតមេបក្សប្រឆាំង

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានរិះគន់របៀបធ្វើនយោបាយរបស់អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា ជាអ្នកនយោបាយបំផ្លាញជាតិ។ គណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ការជំរុញឲ្យសហភាពអឺរ៉ុបកាត់ផ្តាច់ការអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលធ្វើឡើងដោយអតីតមេបក្សប្រឆាំង បានធ្វើឲ្យប្រទេសជាតិរងទុក្ខ និងប្រជាពលរដ្ឋរងផលប៉ះពាល់។

ការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសសម្រេចជាផ្លូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយមានការទទូចជំរុញពីទណ្ឌិតក្បត់ជាតិ សម រង្ស៊ី។

ក្នុងទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានលើកឡើងថា អ្នកនយោបាយជើងចាស់នៅស្រុកខ្មែរ ចូលចិត្តឈ្លោះគ្នាបែបបំផ្លាញ ដោយឲ្យគេដក EBA ដាក់សម្ពាធលើកម្ពុជា បង្ខូចកេរ្តិ៍ឈ្មោះខ្មែរ ដែលអាចធ្វើឲ្យប្រទេសជាតិរងទុក្ខ និងប្រជាពលរដ្ឋរាប់លាននាក់រងផលប៉ះពាល់ធ្ងន់ធ្ងរ។ គណបក្ស GDP បានជំរុញឲ្យអ្នកនយោបាយប្រឆាំង រៀនយកគំរូប្រឆាំងក្នុងន័យស្ថាបនា អភិវឌ្ឍន៍ប្រទេស តាមប្រទេសជិតខាងរបស់កម្ពុជា ពោលគឺនៅពេលអ្នកនយោបាយយួនខាងជើង និងយួនខាងត្បូងឈ្លោះគ្នាកាលសម័យសង្រ្គាមវៀតណាម ជាមួយអាមេរិក ក្នុងកំឡុងឆ្នាំ១៩៦០ និង១៩៧០ គេឈ្លោះគ្នាដោយកម្ទេចស្ពានចាស់ៗចោល ដើម្បីឲ្យអាមេរិកសង់ស្ពានថ្មីឲ្យ។ គេចេះឈ្លោះគ្នាបែបស្ថាបនាប្រទេសជាតិ។

ជុំវិញករណី EBA នេះ បើតាមលោក លោក ចច អេដហ្កា ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា នីតិវិធីដែលគណៈកម្មការអឺរ៉ុបប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងចាប់ផ្តើមដោយដំណាក់កាល ៦ខែដំបូងនៃការត្រួតពិនិត្យ និងការវាយតម្លៃរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការអឺរ៉ុប។ ដំណាក់កាលនេះ នឹងត្រូវបន្តដោយរយៈពេល ៦ខែទៀត នៃការសរសេររបាយការណ៍ស្តីអំពីលទ្ធផលនៃការវាយតម្លៃ និងការសន្និដ្ឋានបញ្ចប់នីតិវិធីដោយការសម្រេចពីគណៈកម្មការមួយទៀត។ លោក ចច អេដហ្កា បន្តថា រដ្ឋាភិបាលកម្ពុជានឹងត្រូវបានអញ្ជើញឲ្យការពាររបាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃនោះ។ គណៈកម្មការទី២នេះ អាចធ្វើសេចក្តីសម្រេចចិត្ត ក្នុងដកភាពអនុគ្រោះពន្ធសម្រាប់ទំនិញទាំងអស់ (បានន័យថា គឺតម្រូវឲ្យបង់ពន្ធឡើងវិញរាល់ទំនិញទាំងអស់ ដែលនាំចេញពីកម្ពុជាចូលទៅទីផ្សារអឺរ៉ុប) ឬដកភាពអនុគ្រោះពន្ធសម្រាប់តែទំនិញខ្លះ ឬរក្សាភាពអនុគ្រោះពន្ធឲ្យនៅដដែលទាំងអស់។ យ៉ាងណាក៏ដោយ ក្នុងករណីដែលមានការព្យួរភាពអនុគ្រោះពន្ធមែននោះ គឺត្រូវការពេលយ៉ាងហោចណាស់១៨ខែ ឬអាច ២០ខែ ទៅមុខទៀត។

ទោះយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈថា ទោះបីបាត់ EBA ក៏កម្ពុជាមិនស្លាប់ដែរ ហើយទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមានដែរ បញ្ហារកស៊ីបង់ពន្ធឱ្យគេ គេបង់ពន្ធឱ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឱ្យនរណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើង តាមចិត្តចង់នោះទេ។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជំហរជាថ្មីម្តងទៀតថា មិនអាចយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយអ្នកណាទាំងអស់ ដូច្នេះហើយបានជាយើងត្រូវខិតខំ។ លោកបញ្ជាក់ថា រឿង EBA នេះយូរ ឬឆាប់វាគង់តែបាត់ទេ នៅពេលណាដែលសេដ្ឋកិច្ច របស់កម្ពុជាដើរដល់ដំណាក់កាលមួយ ពេលនោះវានឹងបាត់ដោយស្វ័យប្រវត្តិ៕