កីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់ផ្នែកមួយចំនួនហើយ
ប្រទេសកម្ពុជាបានទទួលភារកិច្ចរៀបចំការប្រកួតព្រឹត្តិការណ៍ធំតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ស៊ីហ្គេម ឆ្នាំ២០២៣ដែលរហូតដល់ពេលនេះកំពុងមមាញឹកកសាងពហុកីឡដ្ឋានដើម្បីឲ្យរួចរាល់មុនពេលវេលាមកដល់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានឲ្យដឹងថា រហូតដល់ពេលនេះ ការកសាងពហុកីឡដ្ឋានជាតិមរតកតេជោត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣បានប្រមាណពី២០ ទៅ ៣០ភាគរយហើយ។ នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញាចុងសប្តាហ៍នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងចុះពិនិត្យមើលការដ្ឋានសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមបញ្ជាក់ថា ការកសាងពហុកីឡដ្ឋានជាតិសំខាន់នេះជាដំណាក់កាលទី២ បន្ទាប់ពីដំណាក់កាលទី១មានអាងហែលទឹក និង Indoor Stadium (សង្វៀនប្រដាល់ បាល់ទះ បាល់បោះជាដើម) ត្រូវបានកសាងរួចរាល់កាលពីឆ្នាំ២០១៧៕