សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមពិធីដង្ហែរព្រះបរមសារីរិកធាតុ
នៅព្រឹកថ្ងៃ១២កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកសមាជិការក្រុមការ ងារថ្នាក់ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ បាន អញ្ជើញចូលរួម ក្នុងពិធីដង្ហែរព្រះបរមសារីរិកធាតុ នៅវត្ត វិសុទ្ធិមត្ត ស្ថិតនៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុក អង្គរធំ ខេត្ត សៀមរាប ។
ក្នុងដំណើរទស្សនារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរ ពីការខិតខំរបស់ព្រះ គ្រូចៅអធិការវត្ត ក៏ដូចដូនជី គណៈកម្មការវត្ត ដែលបានចូលមកសំណាក់ព្រះធម៌ក្នុងទីវត្ត វិសុទ្ធិមត្ត ដែលបានធ្វើ ការថែរក្សា អភិរក្ស នូវធនធានធម្មជាតិ ព្រៃឈើទីនេះ មានភាពស្រស់ត្រកាល ។
សម្តេចពិជ័យសេនា ក៏មាន ចំណាប់អារម្មណ៍ ចំពោះការចូលមកធ្វើបដិបត្តិព្រះធម៌ នៅក្នុងទីវត្តនេះ ដែលធ្វើឲ្យព្រះសង្ឃទទួលបាននូវចំណេះ ដឹងពីព្រះធម៌ មានការគោរពវិន័យសង្ឃបានល្អទៀតផង ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ សាលាព្រះនព្វ លោកុត្តរៈធម៌ ដែលសាងសង់នៅក្នុងទីវត្ត វិសុទ្ធិមត្ត ដែលបច្ចុប្បន្នបានដំណើរការសាងសង់បាន ២៥% ដែលជា សាលាបណ្តុះបណ្តាលធនធានមនុស្សវិស័យព្រះពុទ្ធសាសនា ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ រួមនឹងប្រតិភូ បានប្រគល់បច្ច័យដល់គណៈកម្មការគ្រប់គ្រងវត្ត នូវបច្ច័យសរុប ១លាន៩សែនរៀល និង ប្រាក់ដុល្លា ១ពាន់៥២៥ដុល្លា ដើមី្បសម្រាប់ប្រើប្រាស់ក្នុងទីវត្ត វិសុទ្ធិមត្ត ព្រមទាំងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន១៦០អង្គផងដែរ ៕