ខ្មែរប៉ុស្ដិ៍ Close

    អតីតប្រពន្ធចារកម្មអាមេរិក មូរ សុខហួរ ព្រោះឧបាយកលទុច្ចរិតរបស់បរទេស ខំបំផ្លាញការបោះឆ្នោតនៅកម្ពុជា

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 870
    អតីតប្រពន្ធចារកម្មអាមេរិក មូរ សុខហួរ ព្រោះឧបាយកលទុច្ចរិតរបស់បរទេស ខំបំផ្លាញការបោះឆ្នោតនៅកម្ពុជាអតីតប្រពន្ធចារកម្មអាមេរិក មូរ សុខហួរ ព្រោះឧបាយកលទុច្ចរិតរបស់បរទេស ខំបំផ្លាញការបោះឆ្នោតនៅកម្ពុជា

    (ភ្នំពេញ)៖ ពាក្យទំនៀមខ្មែរ ពិតជានិយាយ មិនខុសឡើយ «ឆ្នាំងណាគ្របហ្នឹង» មូរ សុខហួរ ដែលមានអតីតស្វាមីជាចារកម្មរបស់អាមេរិក កំពុងដើរតាមគន្លង សម រង្ស៊ី មេចលនាឧទ្ទាមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ក្នុងបេសកកម្មជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋ បំផ្លាញការបោះឆ្នោត និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

    មូរ សុខហួរ បានខិតខំបំភ្លៃការពិត និងមួលបង្កាច់នូវស្ថានការណ៍ពិតនៅកម្ពុជា ដោយបំភ័ន្តថា កម្ពុជាគ្មានសិទ្ធិសេរីភាព និងអង្គការសមាគមគ្មានសិទ្ធិជួបជុំគ្នាបាន។

    អ្វីដែល មូរ សុខហួរ បំផ្លើសការពិតនេះ គឺដើម្បីបម្រើឱ្យរបៀបវារៈនយោបាយរបស់ចៅហ្វាយនាយបរទេស និងបក្ខពួករបស់ខ្លួន ដោយញុះញង់ប្រជាពលរដ្ឋឱ្យបះបោរប្រឆាំងនឹងរដ្ឋអំណាច ស្ថិតនៅក្នុងទិសដៅបដិវត្តន៍ពណ៌ ដែលពួកគេបានរៀបចំតាំងពី ឆ្នាំ២០១៣មក។ ទោះបីជាអង្គការចាត់តាំងស្នូលផ្នែកបដិវត្តន៍ពណ៌ត្រូវបានរំលាយទាំងស្រុង ប៉ុន្តែក្រុមជនក្បត់ជាតិនៅតែរក្សាផែនការទុច្ចរិតនេះដដែល។

    មូរ សុខហួរ ត្រូវដឹងថា សម្តីនេះបានត្រឹមតែសម្រាប់សកម្មជនខ្មោចបក្សសង្គ្រោះជាតិរបស់ខ្លួនប៉ុណ្ណោះដែលជឿដោយសារតែពួកគេងប់ងល់នឹងមនោគមវិជ្ជា លាបពណ៌ រើសអើង ស្អប់ខ្ពើមជាតិសាសន៍ និងការប្រកាន់បក្ខពួកវណ្ណៈសង្គម ដែលបានសាបព្រោះដោយក្រុមជនក្បត់ជាតិរបស់ខ្លួន។

    មូរ សុខហួរ ក៏ត្រូវរៀនចេះទទួលស្គាល់ការពិតថា ប្រសិនបើកម្ពុជាគ្មានសិទ្ធិសេរីភាព គ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ទំនងជា មូរ សុខហួរ រួមនឹងបក្ខពួកក្បត់ជាតិរបស់ខ្លួន គ្មានពេលនិយាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពលរដ្ឋរៀងរាល់ថ្ងៃនោះទេ។

    ប្រសិនបើកម្ពុជាគ្មានសេរីភាពជួបជុំ និងបញ្ចេញមតិ ប្រហែលជាអង្គការសមាគមទាំងអស់ នឹងត្រូវបិទទ្វារ មិនមែនត្រឹមតែអង្គការសមាគម ដែលមាននិន្នាការគាំទ្រខ្លួន ជាពិសេស អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា ម្លេះមិនមានឱកាសញុះញង់ និងបម្រើគោលនយោបាយក្រុមប្រឆាំងរាល់ថ្ងៃឡើយ។

    មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ថា ក្រុមក្បត់ជាតិខ្លួនបានខិតខំម្តងហើយម្តងទៀត ក្នុការបំផ្លាញ កម្ពុជា ដោយឱនក្បាល​​​ និងលុតជង្គង់អង្វរជនបរទេសឲ្យជួយបំផ្លាញសេដ្ឋកិច្ចជាតិ និងប្រឆាំងផលប្រយោជន៍ពលរដ្ឋខ្មែរ នេះហើយបានជាត្រូវបានច្បាប់រំលាយចោល ហើយខ្លួនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយដោយសារតែខ្លាចនាំទុក្ខចង្រៃដល់ជាតិទៀត។

    មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់គោលការណ៍ប្រជាធិបតេយ្យ ដែលត្រូវគោរពមតិភាគច្រើននៃប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេស និងមិនត្រូវមាក់ងាយ លាបពណ៌ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ដែលគាំទ្រលើបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍឡើយ។

    ម្យ៉ាងទៀត មូរ សុខហួរ ត្រូវដឹងថា កម្ពុជាគ្មានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ហើយសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់ឡើយ។

    សូមកុំព្យាយាមធ្វើជាតួឯកខុសគេ ដើម្បីបំពេញមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន ក្រុមអ្នកនយោបាយរត់ចោលស្រុករបស់ មូរ សុខហួរ មិនញញើតនឹងញុះញង់ប្រជាជនសព្វបែបយ៉ាង ក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិឡើយ។

    មូរ សុខហួរ ក៏ត្រូវរៀនចេះគោរពច្បាប់ផងដែរ សូមកុំនិយាយឱ្យតែពីរោះខ្លួនឯង អំពីការគោរពច្បាប់ ប៉ុន្តែ មូរ សុខហួរ និងក្រុមបក្ខពួកខ្លួនបំពានច្បាប់ រំលោភច្បាប់ និងមិនគោរពច្បាប់ខ្មែរ ប៉ុន្តែបែរជាគោរពច្បាប់បរទេស។ ដូច្នេះ អ្វីដែលខ្លួនបាននិងកំពុងធ្វើរាល់ថ្ងៃនេះ គឺគ្រាន់តែដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ហើយច្បាប់នៅកម្ពុជានឹងត្រៀមខ្លួនអនុវត្តប្រឆាំងជានិច្ច។

    កម្ពុជា គឺជាប្រទេសអធិបតេយ្យ និងមានច្បាប់របស់ខ្លួនសម្រាប់គ្រប់គ្រងប្រទេស។ សិទ្ធិមនុស្ស លទ្ធិ ប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិត្រូវមានសណ្តាប់ធ្នាប់ល្អ គឺត្រូវស្ថិតក្រោមច្បាប់។ ច្បាប់ដែលបានអនុវត្តប្រឆាំងនឹងក្រុមជនក្បត់ជាតិដូច មូរ សុខហួរ, សម រង្ស៊ី និង កឹម សុខា ដោយសារតែអ្នកទាំងនេះ បានដើរហួសបន្ទាត់ក្រហមឆ្ងាយ ពោលគឺដើរចេញពីបន្ទាត់ប្រជាធិបតេយ្យ ឆ្ពោះទៅរកភាពអនាធិបតេយ្យ និងឃ្លាតចេញពីការប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យ ដោយមិនប្រើការបោះឆ្នោត មកធ្វើបដិវត្តន៍ពណ៌ ដើម្បីដណ្តើមអំណាច បំផ្លាញសន្តិភាព និងបំផ្លាញការអភិវឌ្ឍ ដែលកម្ពុជារកបានដោយពិបាកបំផុត។

    មូរ សុខ ហួរ ត្រូវដឹងថា សេរីភាពនៃការបញ្ចេញមតិ សេរីភាពអង្គការសមាគម មិនមែនធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ សូម្បីតែវ៉ាយហ្វាយ អ៊ិនធឺណិត ដែលមិនគិតថ្លៃក៏ត្រូវមានពាក្យសម្ងាត់សម្រាប់ចូលដែរ «Even Free WiFi also requires a Password or Pin code, to say the least»។ ដូច្នេះគ្មានអ្វីមួយ ដែលមិនស្ថិតនៅក្រោមច្បាប់នោះទេ៕

    ដោយ៖ ពល ពានរិន្ទ

    អត្ថបទទាក់ទង