ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកិច្ចការនារីអំពាវនាវដល់សហគមន៍អន្តរជាតិ និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 356
ក្រសួងកិច្ចការនារីអំពាវនាវដល់សហគមន៍អន្តរជាតិ និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង ក្រសួងកិច្ចការនារីអំពាវនាវដល់សហគមន៍អន្តរជាតិ និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងកិច្ចការនារីបានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយ៉ង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់ ហើយក្នុងនោះទាហានឈុតខ្មៅ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភបូក)ទៅលើពលករខ្មែរជាស្រ្តី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

ក្រសួងកិច្ចការនារីបាន និងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយបច្ចុប្បន្ន ក្រសួងសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ស្រ្តីរងគ្រោះដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយគ្មានការលើកលែង៕

 

អត្ថបទទាក់ទង