សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយមួយចំនួនដើម្បីជួយប្រជាជនតាមរយៈវិស័យឯកជន
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន» នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីជួយអន្តរាគមន៍ ជួយជំរុញនូវវិស័យឯកជនរបស់យើង និងវិធានការគោលនយោបាយរូបិយប័ណ្ណដែលបានដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជា អនុញ្ញាតឱ្យធនាគារបន្តអនុវត្តអត្រាបម្រុងកាតព្វកិច្ចរូបិយប័ណ្ណត្រឹម៧% ដែលយើងបន្សល់ថវិកាប្រហែល១៥០០លាន ដើម្បីបង្វិលនៅក្នុងសេដ្ឋកិច្ច ដែលអាចជួយសេដ្ឋកិច្ចនៅក្នុងដំណាក់កាលលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដាក់ចេញនូវថវិកាមួយចំនួនដូចជា កម្មវិធីអន្តរាគមន៍ទៅដល់វិស័យទេសចរណ៍នៅខេត្តសៀមរាប ថវិកា ៥០លានដុល្លារ តាមរយៈSME និងគោលការណ៍មួយចំនួនទៀត ដែលអាចឱ្យវិស័យឯកជនបានសម្រួលទៅដល់ដំណើរការនៃការអនុវត្តន៍នៅក្នុងដំណើរការ គោលការណ៍លើកទឹកចិត្តពន្ធអាករត្រូវបានផ្តល់ជូនទៅដល់វិស័យផ្សេងៗ នេះគឺជាគោលនយោបាយដែលរាជរដ្ឋាភិបាលជួយប្រជាជនតាមរយៈវិស័យឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យឯកជនបានដើរតួនាទីសំខាន់នៅក្នុងការជួយជំរុញសេដ្ឋកិច្ចឱ្យសម្រេចភារកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងការបង្កើតការងារ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសនៅក្នុងដំណាក់កាលលំបាក នៅក្នុងការជួយទៅដល់ឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ទាំងវិស័យមនុស្សធម៌ផងដែរ និងការកសាងសមិទ្ធផលសង្គមផ្សេងៗ ដែលសមាជិកសមាគមឧកញ៉ាជាច្រើនបានចូលរួមយ៉ាងសំខាន់៕