ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលបានបញ្ចេញថវិកាយ៉ាងធំលើការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតយក្សនានា ដើម្បីដោះស្រាយការជន់លិចដែលជាបញ្ហាប្រឈមធ្ងន់ធ្ងររបស់ប្រជាជន

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 99
រាជរដ្ឋាភិបាលបានបញ្ចេញថវិកាយ៉ាងធំលើការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតយក្សនានា ដើម្បីដោះស្រាយការជន់លិចដែលជាបញ្ហាប្រឈមធ្ងន់ធ្ងររបស់ប្រជាជន រាជរដ្ឋាភិបាលបានបញ្ចេញថវិកាយ៉ាងធំលើការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតយក្សនានា ដើម្បីដោះស្រាយការជន់លិចដែលជាបញ្ហាប្រឈមធ្ងន់ធ្ងររបស់ប្រជាជន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌដង្កោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ដែលជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។ ការជន់លិចនេះគឺដោយសារទឹកហូរធ្លាក់យ៉ាងគំហុកពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើននៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រែងរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយការជន់លិចដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ឱ្យសម្រេចចេញជាសមិទ្ធផលជាក់ស្ដែង។

ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្រដើម្បីរំដោះនិងពង្វាងទឹកជំនន់តាមរយៈគម្រោងធំៗចំនួន៩ រួមមាន៖

១. គម្រោងស្ទឹងតូច: ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោត ចូលទន្លេបាទីមានបណ្តោយ ៥១គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ។

២. គម្រោងស្ទឹងក្រោមបាទី: ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលង ក្បែរព្រលានយន្តហោះថ្មី មានបណ្តោយប្រមាណ ៧គីឡូម៉ែត្រ និងមុខកាត់ទទឹង១០០ម៉ែត្រ។

៣. ប្រព័ន្ធប្រឡាយជើងឯក: មានប្រឡាយ៥ខ្សែ (ប្រឡាយមេ៣ខ្សែ និងប្រឡាយតភ្ជាប់២ខ្សែ) និងស្ថានីយបូមទឹក២កន្លែង ដែលមានមុខងាររំដោះទឹកផ្នែកខាងលិច-ត្បូងរាជធានីភ្នំពេញ (ភូមិសាស្ត្រខណ្ឌកំបូលខ្លះ ខណ្ឌដង្កោ និងផ្នែកខ្លះនៃខណ្ឌមានជ័យ។

៤. ប្រឡាយ៩៦: គម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើនៃព្រលានយន្តហោះថ្មី នាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស ពីប្រឡាយ៦២ និងពីតំបន់ x1 វាងព្រលានចូលទៅដល់ព្រែកគង់ និងចូលទៅបឹងជើងលង តំបន់ក្រាំងយ៉ូវ មានបណ្តោយសរុប ១៤គីឡូម៉ែត្រ និងមុខកាត់ទទឹង ៨០ម៉ែត្រ។

៥. ព្រែកគង់: គម្រោងនេះ មានមុខងាររំដោះទឹកភ្នែកខាងក្រោមព្រលានយន្តហោះថ្មី នាំទឹកចេញពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល និងទៅវៀតណាម មានបណ្តោយសរុប ២០គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ។

៦. ព្រែកពាមសត្ថា: គម្រោងនេះ មានព្រែកពាមសត្ថា និងប្រឡាយបឹងតាមោក២ខ្សែ មានមុខងារនាំទឹកចេញពីបឹងតាមោក ចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឮ មានបណ្តោយសរុប ១៨,៧គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ។

៧. ប្រឡាយរលាំងជ្រៃ-ស្លាគូ: គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោត កាត់បន្ថយការជន់លិចរាជធានីភ្នំពេញ និងនៅតាមផ្ទៃរងទឹកភ្លៀងស្របប្រឡាយ។

៨. ប្រឡាយ៥៩ និង៩០: គម្រោងនេះ មានមុខងាររំដោះទឹកផ្នែកខាងលើនៃព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២ មានបណ្តោយសរុប ១៨.៨គីឡូម៉ែត្រ និងមុខកាត់ទទឹង ៣២ម៉ែត្រ ទៅ៤០ម៉ែត្រ។

៩. អូរខ្សាច់: ជាគម្រោងភ្ជាប់ពីរលាំងជ្រៃខាងជើង ទៅដល់បឹងតាមោកតាមរយៈអូរខ្សាច់ ដើម្បីបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោត កាត់បន្ថយការជន់លិចរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្ទៃរងទឹកភ្លៀងស្របតាមប្រឡាយ។

សម្ដេចធិបតី បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «ត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រពខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង