ខ្មែរប៉ុស្ដិ៍ Close

ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២នឹងរៀបចំឡើងនៅលើទឹកដីអង្គរនាខែធ្នូខាងមុខនេះ!

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 30
ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២នឹងរៀបចំឡើងនៅលើទឹកដីអង្គរនាខែធ្នូខាងមុខនេះ! ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២នឹងរៀបចំឡើងនៅលើទឹកដីអង្គរនាខែធ្នូខាងមុខនេះ!

ព្រឹត្តិការណ៍កីឡា RAID Amazones ជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមមួយត្រូវបានបានប្រារព្វធ្វើឡើងជាច្រើនប្រទេសនៅលើពិភពលោកដែលមានសុទ្ធតែនារីជាអ្នកចូលរួម។ ក្នុងនោះកម្ពុជា ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងរួចមកហើយកាលពីឆ្នាំ២០១៤ និងទទួលបានជោគជ័យជាខ្លាំង។

ដោយឡែកសម្រាប់ឆ្នាំ២០១៧ ព្រឹត្តិការណ៍កីឡានេះនឹងរៀបចំជាលើកទី២នៅលើទឹកដីអង្គរដដែលចាប់ពីថ្ងៃទី៤ ដល់ ទី៩ ខែធ្នូ ក្រោយជំនួបសុំយោបល់និងកិច្ចសហការរបស់ក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា ដឹកនាំដោយលោក ALEXANDER DEBANNE នាយកក្រុមហ៊ុន ZBO ជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលរងខេត្តសៀមរាប នាយកដ្ឋានជំនាញនៃអាជ្ញាធរជាតិអប្សរា មន្ទីរ អង្គភាពជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ALEXANDER បានឱ្យដឹងលម្អិតថា ដោយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៤ ធ្វើឱ្យមានអ្នកចាប់អារម្មណ៍ចូលរួមច្រើនជាងមុនជាខ្លាំង ទើបក្រុមការងារត្រូវរៀបចំ២ដងបន្ថែមទៀតសម្រាប់កម្ពុជាលើទឹកដីអង្គរ គឺលើកទី១ នៅខែធ្នូ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៩ ឆ្នាំ២០១៧ មានបេក្ខភាពចូលរួមពី៣៥០នាក់ ទៅ៣៧០នាក់ មានវិញ្ញាសារចំនួន៤គឺ ជិះកង់ ចែវទូក រត់ប្រណាំង និងបាញ់ធ្នូ។ ចំណែកលើកទី២ គឺធ្វើនៅខែមីនា ឆ្នាំ២០១៨។

លោកបញ្ជាក់ដែរថា RAID Amazones មិនមែនត្រឹមជាព្រឹត្តិការណ៍កីឡាទេ តែវារាប់បញ្ចូលទាំងកម្មវិធីវប្បធម៌ ប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

លោក ALEXANDER ក៏សូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ គណៈកម្មការជាតិអូឡាំពិក ក្រសួងកិច្ចការនារី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនបារាំង និងស្ថាប័ពាក់ព័ន្ធផ្សេងៗដែលបានចូលរួមជួយជាយោបល់និងកិច្ចសហការដ៏ល្អ ឱ្យកម្មវិធីដំណើរការប្រកបដោយជោគជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ សង្វារ ក៏សូមគាំទ្រនិងប្តេជ្ញាជំរុញនូវកិច្ចសហការនៃព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះឱ្យទទួលបានជោគជ័យជាបន្តទៀតដូចកាលពីឆ្នាំ២០១៤។ ឯកឧត្តម ក៏ថ្លែងអំណរគុណដល់ព្រឹត្តិការណ៍កីឡា RAID Amazones ដែលបានជ្រើសរើសតំបន់អង្គរធ្វើជាម្ចាស់ផ្ទះសាជាថ្មី ដែលកត្តានេះនឹងធ្វើឲ្យពិភពលោកបានស្គាល់ពីវិស័យទេសចរណ៍ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជាកាន់តែច្បាស់ថែមទៀត។ ទាំងនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបកម្ពុជាអាចទទួលរៀបចំព្រឹត្តិការណ៍ធំៗ ក៏ដូចជាទទួលភ្ញៀវទេចរគ្រប់ជាតិសាសន៍ឱ្យមកស្នាក់នៅដោយសេចក្តីសុខ និងសុវត្ថិភាព៕

អត្ថបទទាក់ទង