ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ

ដោយ៖សម កុលបុត្រ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 142

យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីការសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា ក្របខ័ណ្ឌច្បាប់ការងារត្រៀមរៀបចំការបោះឆ្នោត ការឃោសនាការបោះឆ្នោត ដែលកន្លងផុតទៅថ្មីៗនេះ និងបានធ្វើការបូកសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងអ្នកសារព័ត៌មានជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងអំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតថា ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា «គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត»។

ក្នុងអំឡុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានវាយតម្លៃថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើការបោះឆ្នោតឡើយ ដែលយើងអាចចាត់ទុកថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ៕