ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យអង្គបោះឆ្នោតទាំងអស់រក្សាឱ្យបាននូវលទ្ធផលបោះឆ្នោត១០០%

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 71

នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងលោកជំទាវ ឃួន ឃុនឌី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញឱ្យអង្គបោះឆ្នោតទាំងអស់រក្សាឱ្យបាននូវលទ្ធផលបោះឆ្នោត១០០% ដើម្បីគាំទ្រដល់សមាជិក សមាជិកា ជាបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ ឃួន ឃុនឌី បានថ្លែងទៅកាន់អង្គបោះឆ្នោតទាំងអស់ គឺត្រូវតែមានភាពរឹងមាំម្ចាស់ការលើខ្លួនឯង ព្រមទាំងជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដោយមិនត្រូវចាញ់បោកការឃោសនា ឬការគំរាមកំហែងនៃជនអគតិមួយចំនួន ដែលនាំឱ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនបានឡើយ។ លោកជំទាវ បានបន្តថា យើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានល្អិតល្អន់ ដោយប្រកាន់ជំហររឹងមាំសម្រាប់ការបោះឆ្នោតខាងមុខនេះ។ ជាក់ស្ដែងអង្គបោះឆ្នោតទាំងអស់សុទ្ធតែជាតួអង្គដែលមានសក្តានុពលភាព និងជាអ្នកដឹកនាំឆ្នើមនៅក្នុងសហគមន៍ ជាជនគំរូ ដែលបានយល់ដឹងច្បាស់លាស់ពីនីតិវិធីនៃការបោះឆ្នោត ការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។

ឯកឧត្តម សួស យ៉ារ៉ា បានបង្ហាញនូវមោទនភាពក្រៃលែងចំពោះសមាជិក សមាជិកាជាអង្គបោះឆ្នោត និងជំរុញត្រូវធ្វើយ៉ាងណាមិនឱ្យមានការបាត់បង់សន្លឹកឆ្នោតណាមួយបានឡើយ ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក នាពេលខាងមុខនេះគណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងឆ្នោត ១០០%។

ទន្ទឹមនោះ ឯកឧត្តម សួស យ៉ារ៉ា បានសំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ព្រមទាំងជំរុញឱ្យប្រធានបក្សស្រុកត្រូវតែគ្រប់គ្រង ត្រួតពិនិត្យលើមន្ត្រីជាអង្គបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ៕

 

អត្ថបទទាក់ទង