ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត ទាំងអស់ដែលបម្រើការងារនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងតាមបណ្តារោងចក្រទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ត្រូវបានប្រារព្ធឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកឡើងវិញអំពីភាពជោគជ័យ របស់ពលករកាលពី១៣៨ឆ្នាំមុនដែលទាមទារឱ្យមានការទទួលស្គាល់តម្លៃនៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាពក្នុងការប្រកបការងារគ្រប់ប្រភេទ ដោយគ្មានការរើសអើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដោយឡែកនៅកម្ពុជាវិញ ក្រោយថ្ងៃតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំដោយបានកំណត់ ជាថ្ងៃបុណ្យការងាររបស់ប្រជាពលរដ្ឋ ជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត និងសហជីពទាំងអស់នៅទូទាំងប្រទេស៕

អត្ថបទទាក់ទង