សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបុណ្យទន្លេលើកទី៨ នៅខេត្ដសៀមរាប
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ បានឱ្យដឹងថា ការរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅខេត្តសៀមរាប។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះដែរ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យទន្លេនៅខេត្តសៀមរាបនេះ នឹងមានការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤។ លើសពីនេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ៕