សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតអបអរសាទរ ជូនលោក គុយ សុផល ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «ឧកញ៉ាមហាមន្ត្រី»
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារអបអរសាទរ ជូនលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ក្នុងងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ព្រះរាជទានគោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «ឧកញ៉ាមហាមន្ត្រី»។
ក្នុងងសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងដូច្នេះថា៖ ការប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា មហាមន្ត្រី ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧតុង្គឧត្តម យ៉ាងក្រៃលែង និងពិតជាសក្តិសមនឹងគុណបំណាច់របស់ ឧកញ៉ា មហាមន្ត្រី ដែលបានខិតខំប្រឹងប្រែងយ៉ាង សកម្ម និងលះបង់កម្លាំងកាយចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចំព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូន ក្រសួងព្រះបរមរាជវាំងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់បំផុត ទទួលបានលទ្ធផលល្អ ប្រសើរគួរជាទីមោទនៈ។ ជាយូរឆ្នាំកន្លងមកហើយ ឧកញ៉ា មហាមន្ត្រី បានសម្របសម្រួលការងារគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាពរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្តេច សាយ ឈុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឧកញ៉ា មហាមន្ត្រី និងលោកស្រី ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ គ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕