ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អំពាវនាវគ្រប់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងប្រព័ន្ធផ្សព្វផ្សាយ បន្ដសហការឧបត្ថម្ភគាំទ្រអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 52

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ បន្តសហការឧបត្ថម្ភគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យមានការរីកចម្រើនលូតលាស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

សំណូមពរនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី ដោយមានការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ជាតិកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ)។

ពិធីនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក តែម មុឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រូវើរី។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា «ក្បាច់គុនខ្មែរ ជាក្បាច់គុនបុរាណរបស់យើងតាំងពីយូរលង់ណាស់មកហើយ មានចារឹកទុកនៅតាមបណ្តាប្រាង្គប្រាសាទនានា។ នេះសបញ្ជាក់ឲ្យឃើញថា ក្បាច់គុនបុរាណខ្មែរ កាលពីមុនជាក្បាច់យុទ្ធសាស្ត្រសម្រាប់ការពារខ្លួន និងការពារជាតិមាតុភូមិ។ ប៉ុន្តែការប្រដាល់បង្ហាញក្បាច់គុននៅពេលនេះ កីឡាករ កីឡាការិនី ត្រូវបានហាមមិនឲ្យប្រើនូវក្បាច់ណាដែលបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងនោះទេ ប៉ុន្តែប្រើតែក្បាច់ ឬស្នៀតណាដែលពុំសូវគ្រោះថ្នាក់តែប៉ុណ្ណោះ សម្រាប់ជាវិស័យកីឡាជូនបងប្អូនជនរួមជាតិទស្សនាកម្សាន្ត»។

លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់កីឡាករកីឡាការិនីរបស់យើងជារៀងរហូតមក។

លោកបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍វិស័យកីឡា ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ វិស័យកីឡាប្រដាល់គុនខ្មែរ បានទទួលនូវមេដាយមាសច្រើនជាងគេ។

រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍន៍លើមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ជាពិសេសកីឡាករ កីឡា ការិនីពេញវ័យ និងកីឡាករថ្នាលដើម្បីឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឡើងចាប់តាំងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមាន សមាគមន៍កីឡាប្រដាល់គុនខ្មែរ ក្រសួង រាជធានី ខេត្ត ចូលរួមសរុបចំនួន១៥ ប្រតិភូ គ្រូបង្វឹក សរុបចំនួន៣០ កីឡាករ កីឡាការិនី ចំនួន១៤៨នាក់ នារី២៩នាក់ សម្រាប់វិញ្ញាសាដែលត្រូវរៀបចំប្រកួត សរុបមានចំនួន១៨ រួមមាន៖

* ប្រយុទ្ធផ្នែកនារី មានចំនួន៥ប្រភេទទម្ងន់
* ប្រយុទ្ធផ្នែកបុរស មានចំនួន១១ប្រភេទទម្ងន់
* វិញ្ញាសាថ្វាយដង្គុំគ្រូ ផ្នែកបុរស និងនារី។
ការប្រកួតអនុវត្តន៍តាមរូបមន្តជម្រុះតាមប្រភេទទម្ងន់នីមួយៗ សរុប១៣២ប្រកួត។

ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ គឺជាការលើកកម្ពស់នូវកេរមរតកជាតិ អត្តសញ្ញាណជាតិ ហើយក៏ជាការផ្តល់ឱកាសឲ្យ កីឡាករ កីឡាការិនី បានបញ្ចេញនូវសមត្ថភាព និងវាស់ស្ទង់នូវកម្រិតបច្ចេកទេសដែលកីឡាករ កីឡាការិនី ម្នាក់ៗបានធ្វើការហ្វឹកហាត់កន្លងមក។ ជាមួយនេះក៏ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ដល់សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស និងអន្តរជាតិឲ្យបានស្គាល់ និងយល់ច្បាស់អំពីគុណតម្លៃនៃក្បាច់គុនបុរាណខ្មែរ ជាពិសេសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដែលមានសក្តានុពល សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា៕

អត្ថបទទាក់ទង